អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​ស្កាត់​មក​កូរ៉េខាងត្បូង ខណៈ​​តំបន់បន្ត​កើន​កម្តៅ​
09, Aug 2019 , 10:19 pm        
រូបភាព
លោក Mark Esper រដ្ឋមន្រ្តីការពារជាតិអាមេរិកជួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Jeong Kyeong Doo
លោក Mark Esper រដ្ឋមន្រ្តីការពារជាតិអាមេរិកជួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Jeong Kyeong Doo
​ប្រមុខ​ការពារជាតិ​អាមេរិក និង​កូរ៉េខាងត្បូង​ឯកភាពគ្នា​បន្ត​ជំរុញ​ការចរចា​ការទូត​លើ​បញ្ហា​នុយក្លេអ៊ែរ កូរ៉េខាងជើង និង​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​ផង​លើ​ការកើនឡើង​កម្តៅ​នៃ​ទំនាក់ទំនង​កូរ៉េខាងត្បូង និង​ជប៉ុន​ផង ក្នុងជំនួប​នៅ​ថ្ងៃ​សុក្រ​នេះ​។​


 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ម៉ាក អេ​ស្ពើ (Mark Esper)  បាន​ទៅដល់​កូរ៉េខាងត្បូង​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង តាំងពី​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​។ លោក​បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ពី​បញ្ហា​តំបន់ និង​ទំនាក់ទំនង​ទ្វេភាគី​ផង​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​ថា រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​លោក Jeong Kyeong Doo និង​លោក អេ​ស្ពើ បានប្រកាស​គាំទ្រ​ដល់​ដំណើរ​ការចរចា​តាមផ្លូវ​ការទូត​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ភាគី​ទាំងពីរ​ក៏​ប្តេជ្ញា​នឹង​បន្ត​ប្រឹងប្រែង​ដើម្បី​ធានា​ឲ្យ​មានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ កសាង​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ដែរ​ចំពោះ​សម្ព័ន្ធភាព​ដែកថែប​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែរ ហើយក៏​សន្យា​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញលេញ​លើ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រឆាំង​កូរ៉េខាងជើង​។ 
 
​ក្រៅពី​បញ្ហា​នុយក្លេអ៊ែរ មន្ត្រីជាន់ខ្ពស់​ទាំងពីរ​ក៏​ពិភាក្សា​ពី​បញ្ហា​ផ្សេងទៀត​ក្នុងនោះ​មាន វិបត្តិ​ពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង​ជាមួយ​ជប៉ុន​ផងដែរ ហើយ​គេ​មិនដឹង​ច្បាស់​ទេ​ថា ភាគី​បាន​ជជែក​គ្នា​ពី​បញ្ហា​បង់ថ្លៃ​ការពារ​របស់​កូរ៉េខាងត្បូង​ដល់​អាមេរិក​ឬ​អត់​ឡើយ​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​បាន​លើក​កង្វល់​ប្រាប់​សម​ភាគី​អាមេរិក  ហើយ​អះអាងថា ទង្វើ​របស់​ជប៉ុន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​សន្តិសុខ​រវាង​ត្រីភាគី​ផង​។ តាមពិតទៅ តូ​ក្យូ សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​មាន​កិច្ចព្រមព្រៀង​ព័ត៌មាន​យោធា និង​សន្តិសុខ​ជាតិ​សម្ងាត់​នេះ ដែល​ជួយ​សម្របសម្រួល​ការប្រមូល​ព័ត៌មាន​ចារកម្ម​ធានា​ទប់ស្កាត់​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង​។​
 
​តាមពិតទៅ ទស្សនកិច្ច​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​កើតឡើង បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយថា​កូរ៉េខាងត្បូង​យល់ព្រម​បង់​វិភាគទាន​លើ​មូលដ្ឋានទ័ព​អាមេរិក​ក្នុង​កូរ៉េខាងត្បូង​។ នៅក្រោម​កិច្ចព្រមព្រៀង​ឆ្នាំនេះ ទីក្រុង​សេ​អ៊ូ​ល យល់ព្រម​បង់​វិភាគទាន ៩១៥​លាន​ដុល្លា ដែលមាន​ការកើនឡើង ៨,២ ភាគរយ ប៉ុន្តែ​កិច្ចសន្យា​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩​នេះ​។​
 
​ទស្សនកិច្ច​នេះដែរ​ក៏​ធ្វើឡើង ក្រោយពី​ការសាកល្បង​មី​ស៊ី​ល​ចំងាយ​ខ្លី​របស់​កូរ៉េខាងជើង​ដើម្បី​ព្រមាន​ការធ្វើ​សមយុទ្ធ​យោធា​អាមេរិក និង​កូរ៉េខាងត្បូង​ដែរ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com