ជាតិ
ប្រ​ធា​នាធិប​តី​ស្រីលង្កា ចំណាយពេល​ជិត​២​ម៉ោង ទស្សនា​ប្រាសាទបាយ័ន និង​អង្គរវត្ត​
09, Aug 2019 , 8:19 pm        
រូបភាព
​សៀមរាប​៖ នាឱកាស​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ សីហា ប្រធានាធិបតី​ស្រីលង្កា លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) និង​លោកស្រី ក៏​បានមក​ទស្សនកិច្ច​ក្នុង​ខេត្តសៀមរាប​ដែរ​។ ចុះ​ពី​ព្រលានយន្តហោះ​នៅ​ម៉ោង​ប្រមាណ​ជិត​៩​ព្រឹក ថ្ងៃទី​៩ សីហា លោក​ប្រធានាធិបតី និង​លោកស្រី បាន​ទៅ​ទស្សនា​ប្រាសាទបាយ័ន​មុនគេ​។ នៅ​ទីនោះ លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា បាន​ទស្សនា​ត្រួសៗ នៅ​ផ្នែក​ក្រៅ នៃ​ទិសខាងកើត ប្រាសាទបាយ័ន រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​តែប៉ុណ្ណោះ​។​

 
​ចេញពី​ប្រាសាទបាយ័ន គណៈប្រតិភូ​បាន​បន្ត​ការ​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត​។ អមដោយ​វត្តមាន​មន្ត្រី និង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា និង​លោកស្រី ដើរ​ពី​ផ្នែក​ខាងត្បូង​ស្រះ​អង្គរវត្ត ឆ្ពោះទៅកាន់​ស្ពាន​ហាល​ខាងក្នុង និង​បន្ត​ទស្សនា ខាងក្នុង​ប្រាសាទ​អង្គរ​។ នៅ​ទីនោះ គណៈប្រតិភូ ក៏បាន​ចូល​គោរព​ទីសក្ការៈ​ព្រះ​រយ​ព្រះ​ពាន់​ដែរ មុននឹង​ចូលមក​ចម្លាក់ នៅ​ថែវ​ខាងលិច ឆៀង​ខាងត្បូង ដោយ​រៀបរាប់​ពី​រឿងរ៉ាវ​មហាភារតៈ និង​ប្រវត្តិសាស្ដ្រ របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២​។ សរុប​ការ​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត​ប្រមាណ​មួយ​ម៉ោង ដោយ​ការបញ្ចប់​ការ​ទស្សនា​នៅ​ច្រក​ខាងលិច នា​វេលា​ម៉ោង​ប្រមាណ​១០​កន្លះ មុន​ទៅ​សម្រាក​អាហារ​ថ្ងៃត្រង់ នៅ​សណ្ឋាគារ សុខា​អង្គរ​។ លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា និង​ភរិយា ក៏បាន​ទៅ​ទស្សនា​នៅ​រោង​សិប្បកម្ម​អង្គរ ឬ​អា​ទី​សង់​អង្គ​រដែរ មុន​ធ្វើដំណើរ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ នា​វេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃ​ដដែល​។​
 
​គួរ​បញ្ជាក់ថា អមដំណើរ​ក្នុង​ទស្សនកិច្ច​នៅពេលនោះ គេ​ឃើញ​រួមមាន​វត្តមាន សម្ដេច​ចៅហ្វាយ​វាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​ខេត្ត រួម​និង​មន្ត្រីរាជការ​មួយចំនួនទៀត​។ ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ស្រីលង្កា​មក​កម្ពុជា គឺ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​រវាង​កម្ពុជា​និង​ស្រីលង្កា​។ កម្ពុជា​និង​ស្រីលង្កា បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ចាប់ពី​អំឡុង​ឆ្នាំ ១៩៥០​មក​ម្លេះ​៕

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ជុំវិញ​ទស្សនា​កិច្ច​របស់​ប្រធានាធិបតី​ស្រីលង្កា និង​ភរិយា មកកាន់​ខេត្តសៀមរាប សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖
 




























Tag:
 ប្រធានាធិបតី​ស្រីលង្កា​
 ​ប្រាសាទបាយ័ន​
 ​អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com