អន្តរជាតិ
ចិន៖ មនុស្ស​បី​ម៉ឺន​នាក់​អាច​ស្លាប់​ក្នុង​មួយឆ្នាំៗ បើក​ម្តៅ​ផែន​កើនឡើង​ត្រឹមតែ​កន្លះ​អង្សា​សេ​
09, Aug 2019 , 10:59 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង
 
​ការកើនឡើង​កម្តៅ​ភពផែនដី បន្ថែម​ត្រឹម​កន្លះ​អង្សា​សេ​ពោលគឺ​ពី​១.៥ ទៅ ២​អង្សា​សេ​លើ​កម្រិត​សីតុណ្ហភាព​មុន​បដិវត្តន៍​ឧស្សាហកម្ម​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​រាប់ម៉ឺន​នាក់​បន្ថែមទៀត​នៅ​ប្រទេស​ចិន​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ចេញផ្សាយ ដើម​សប្តាហ៍​នេះ​។​

 
​ទោះជា​មានការ​ជំរុញ​ការ​បន្សាំ​នឹង​ការ​កើន​កម្តៅ​ផែនដី ដូចជា​ពង្រឹង​សេវា​សុខុមាលភាព​សាធារណៈ​, បន្ថែម​ម៉ាស៊ីនត្រជាក់​, បង្កើន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​ជាដើម​នោះ​ក្តី ក៏​ការកើនឡើង​កម្តៅ​នៅតែ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត​មនុស្ស​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ចុះផ្សាយ​ថា ក្រុម​អ្នកស្រាវជ្រាវ​ជាច្រើន​ដឹកនាំ​ដោយ​លោក Yanjun Wang មកពី​សាកលវិទ្យាល័យ​ព័ត៌មាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ណាន​ជី​ង បាន​គណនា​កម្តៅ​ដោយ​ភ្ជាប់​នឹង​អត្រា​មរណភាព​នៅតាម​ទីក្រុង​ចំនួន ២៧ របស់​ប្រទេស​ចិន​តាំងពី​ឆ្នាំ ១៩៨៦ ដល់ ២០០៥​។ 
 
​ការស្រាវជ្រាវ​នេះ​បាន​បង្ហាញថា ជា​មធ្យម​មាន​មនុស្ស​៣២​នាក់​ក្នុងចំណោម មួយ​លាន​នាក់​បាន​ស្លាប់​ដោយសារ​បញ្ហា​កម្តៅ​។ ក្នុងស្ថានភាព​ដែល​សីតុណ្ហភាព​កើនឡើង ១,៥ អង្សា​សេ និង ២​អង្សា​សេ​បន្ថែម​នោះ អត្រា​អ្នកស្លាប់​នៅក្នុង​ប្រទេស​ចិន​នឹង​កើន​ឡើងដល់​ចន្លោះ​ពី ៦៧ ទៅ ៨១​នាក់​ក្នុងចំណោម​មួយ​លាន​នាក់​ឯណោះ​។ 
 
​ដូច្នេះ តាម​ការវាយតម្លៃ ការកើនឡើង​កម្តៅ​ត្រឹម​កន្លះ​អង្សា​សេ​នឹង​ឆក់យក​ជីវិត​មនុស្ស​ប្រហែល ៣០០០០​នាក់​មួយឆ្នាំៗ ក្នុងករណី​ដែល​គ្មាន​ការកែលម្អ​ហេ​ដ្ឋា​រចនាសម្ព័ន និង​ការត្រៀម​លក្ខណៈ​ទុកជាមុន​ទេ​។ 
 
​កន្លងមកនេះ កម្រិត​សីតុណ្ហភាព​ពិភពលោក​ជា​មធ្យម​បាន​កើនឡើង ១ អង្សា​សេ​លើ​កម្រិត​សីតុណ្ហភាព​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម ដែល​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះរាំងស្ងួត និង​រលក​កម្តៅ​ធ្ងន់ធ្ងរ និង​រយៈពេល​វែង​ផងដែរ​។​
 
​ការកើនឡើង​នៃ​កម្តៅ​ផែនដី បាន​ជំរុញ​ឲ្យ​ពិភពលោក រួមគ្នា​បង្កើត​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ដើម្បី​ជំរុញ​ការប្រឹងប្រែង​ទប់ស្កាត់​សីតុណ្ហភាព​សាកល​មិន​ឲ្យ​កើន​ឡើងលើ ២​អង្សា​សេ ឬ​អាច​ត្រឹម​១,៥ បើ​អាចទៅរួច នៅត្រឹម​ឆ្នាំ ២១០០ ធៀប​នឹង​កម្រិត​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​។ ការប្តេជ្ញា​នេះ​គឺ​ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដែល​អាច​កើតមានឡើង​ដោយសារ​ការបន្ត​កើនឡើង​នៃ​កម្តៅ​ផែនដី​នេះ​។​
 
​គេ​បានឃើញ រួចទៅហើយ​ថា ក្នុង​សតវត្ស​ទី ២១ នេះ​រលក​កម្តៅ​កាន់តែ​សាហាវ​បានកើត​ឡើង​យ៉ាងច្រើន ក្នុងនោះ​មាន​ព្រឹត្តិការណ៍​នៅ​អឺរ៉ុប​នា​ឆ្នាំ​២០០៣ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៧០០០០​នាក់​ផង​។​
 
​សីតុណ្ហភាព​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺ​កើតឡើង​នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី និង​ទីក្រុង​មូ​ស្គូ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៥០០០០​នាក់​នា​រដូវក្តៅ ឆ្នាំ​២០១០​កន្លងទៅ​។​
​ចំណែក​នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៩ នេះ​ក៏​ត្រូវបាន​គេ​ចុះ​កំណត់ត្រា​ថា ជា​ខែ​ដែល​ក្តៅ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ​៕ 
 

Tag:
 កម្តៅ​ផែនដី​
  ប្រែប្រួល​អាកាសធាតុ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com