ជាតិ
ជំនន់​នៅ​ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរ​ព្យាយាម​រំដោះ​ទឹក​ចេញ រីឯ​ពលរដ្ឋ​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព
10, Aug 2019 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាន​ទឹក​នៅ​ខេត្ត​ព្រះសីហនុ មាន​ស្រក​ចុះ​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​នេះ ដោយ​ពលរដ្ឋ​ដែល​ស្ថិតនៅ​តំបន់​ប៉ះពាល់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព រីឯ​អាជ្ញាធរ​ព្យាយាម​រំដោះ​ទឹក​ចេញពី​ក្រុង​ឲ្យ​បាន​ឆាប់រហ័ស​។ បច្ចុប្បន្ន តំបន់​មួយចំនួន​ត្រូវបាន​កាត់ផ្តាច់​អគ្គិសនី និង​ទឹក​ប្រាស់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ​។

 
​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះទៅ​កាន់​ខេត្ត​ព្រះសីហនុ​ផ្ទាល់ ជាមួយ​លោក​អភិបាលខេត្ត គួច ចំរើន ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​ក្រុងព្រះសីហនុ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​ដាក់​គ្រឿងចក្រ ដើម្បី​កាយ​ប្រឡាយ​ឲ្យ​ជ្រៅ​ជាង​មុន និង​ធំ​ជាង​មុន សម្រាប់​ការរំដោះ​ទឹក​ចេញពី​ក្រុង​ឲ្យ​បាន​ឆាប់រហ័ស​។​
 
​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ លោក ឃៀង ភារ​ម្យ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Thmey Thmey ថា​៖ ««​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុងស្រុក​ព្រៃនប់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ហើយ​កំណាត់​ផ្លូវ​លេខ​៣ ចំណុច​វាលរេញ ទៅ​ស្ពាន​កំពង់​ស្មាច​ត្រូវបាន​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន​។ អគ្គិសនី នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ត្រូវ​ផ្អាក ដើម្បី​ជៀសវាង​ការឆ្លង​ចរន្តអគ្គិសនី​និង​ធានា​សុ​វត្តិភាព ហើយ​រួមទាំង​ទឹក​ផងដែរ​»​។​
 
​លោក​បាន​បន្តថា ទឹក​ចាប់ផ្ដើម​ស្រក​។ ចំពោះ​ពលរដ្ឋ​នៅក្នុង​អគារ​៩​ជាន់ នៅ​សង្កា​ត់ទី​៤ ទល់មុខរ​ង្វ​ង​មូល​តោ​២ ត្រូវបាន​សមត្ថកិច្ច​ជម្លៀស​ចេញទៅ​កន្លែង​មាន​សុវត្ថិភាព រីឯ​ពលរដ្ឋ​រស់នៅ​ជុំវិញ​អគារ​សមត្ថកិច្ច​កំពុង​អន្តរាគមន៍ និង​ត្រួតពិនិត្យ ខណៈ​អគារ​នេះ ត្រូវ​បញ្ឈប់​ការសាងសង់​។ 


 
​ជាមួយគ្នានេះ នៅ​ព្រឹក​ថ្ងៃទី​៩​សីហា ក្រុមហ៊ុន​អាន​កូ បានប្រកាសថា ទឹក​មានការ​កើនឡើង​ជា​គំហុក​បាន​ហូរ​ច្រោះ​ដាច់​ផ្លូវ និង​ដួលរលំ​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គិ​នី ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ទឹក​នៅ​ក្រុងព្រះសីហនុ​ទាំងមូល​។ 
 
​ពាក់ព័ន្ធ​នឹង​ទឹក​ជន់​លិច​ខ្លាំង​ពេលនេះ លោក ឃៀង ភារ​ម្យ អះអាងថា​៖ «​កត្តា​ចម្បង​គឺ អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់​ថ្ងៃទី​១​មក ហើយ​កត្តា​មួយទៀត គឺ​សំណង់​អនាធិបតេយ្យ​នៅតាម​ប្រព័ន្ធ​ប្រឡាយទឹក និង​សំរាម​កកស្ទះ​នៅតាម​ប្រព័ន្ធ​ប្រឡាយ​ជាដើម​»​។​
 
​សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្នុងស្ថានភាព​ទឹក​ជន់​លិច​នេះ ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ជាប់​ជាប្រចាំ បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​នៅ​តំបន់​មួយចំនួន ហើយ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់មាន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់ និង​ជន​ចិន​មួយ​នាក់ ។ រីឯ​ទ្រព្យសម្បត្តិ​របស់របរ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ជាច្រើន​រង​ការខូចខាត​៕




 

Tag:
 ខេត្ត​ព្រះសីហនុ​
  ជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com