ជាតិ
លោកប្រធានាធិបតីស្រីលង្កាប្រគេនដើមពោធិព្រឹក្សដល់ព្រះចៅអធិការវត្តលង្កា
× លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា នៅព្រឹកថ្ងៃទី១០ ខែសីហា ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច៤ថ្ងៃរបស់លោកនៅកម្ពុជា បានអញ្ជើញទៅកាន់វត្តលង្កា ដើម្បីប្រគេនដើមពោធិព្រឹក្សដែលយកមកពីក្រុងអនុរាធបុរៈ (Anuradhapura) ប្រទេសស្រីលង្កា ប្រគេន សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា។
បន្ទាប់ពីប្រគេនដើមពោធិ៍ព្រឹក្ស ដែលជាវត្ថុតំណាងក្នុងព្រះពុទ្ធសាសនា ដល់ព្រះអង្គ សៅរ៍ ច័ន្ទថុល្ល លោកប្រធានាធិបតីស្រីលង្កា និងភរិយា បានទៅចូលរួមដាំដើមឈើ១០ដើមនៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ។ ដើមឈើទាំងនោះ តំណាងឲ្យប្រទេសស្រីលង្កា ដោយលោក Maithripala Sirisena ចង់បង្ហាញពីទំនាក់ទំនងរឹងមាំរវាងប្រទេសដែលកាន់ព្រះពុទ្ធសាសនាទាំងពីរ។
តាមរយៈហ្វេសប៊ុករបស់ខ្លួន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់លោក Maithripala Sirisena ដែលបាននាំយកដើមពោធិព្រឹក្សមកពីក្រុងអនុរាធបុរៈ ប្រទេសស្រីលង្កា មកដាំនៅកម្ពុជា ដែលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។
«យើងមានជំនឿ និងសង្ឃឹមថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើននិងរឹងមាំខ្លាំងឡើង»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី៕
Tag:
ស្រីលង្កា
ពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com