ចម្ការ​គ្រញូង​នៅ​សៀមរាប ផ្នែក​មួយ​នៃ​ការអភិរក្ស​ឈើ​កម្រ​នៅ​កម្ពុជា​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចម្ការ​គ្រញូង​នៅ​សៀមរាប ផ្នែក​មួយ​នៃ​ការអភិរក្ស​ឈើ​កម្រ​នៅ​កម្ពុជា​
10, Aug 2019 , 7:59 pm        
រូបភាព
​សៀមរាប​៖ អ្នក​មិន​ធ្លាប់​បានដឹង ច្បាស់​ជា​ភ្ញាក់ផ្អើល​ប្រសិនបើ​បានឃើញ​ចម្ការ​ឈើ​គ្រញូង​តូចធំ​លាតសន្ធឹង​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក ដែល​ត្រូវបាន​ដាំ​និង​អភិរក្ស​ដោយ​អាជ្ញាធរ​។ ចម្ការ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុងន័យ​ដើម្បី​អភិរក្ស​ពូជឈើ​កម្រ​ដែល​មាននៅ​ប្រទេស​កម្ពុជា និង​ផ្នែក​មួយ​ដើម្បី​បរិស្ថាន​ផង​។ បង្កើត​តាំងពី​ឆ្នាំ​២០០១​មក សព្វថ្ងៃ​ចម្ការ​ឈើ​កម្រ​នេះ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​រហូតដល់​ជាង​២​ពាន់​ហិកតា ដែល​នេះ​ជា​ផ្ទៃដី​ដែល​ធំ​សម្រាប់​ការអភិរក្ស​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​


 
 
​ដើមឈើ​គ្រញូង ត្រូវបាន​ចាត់ទុកជា​ពូជឈើ​មានតម្លៃ​ដ្បិត​វា​ខ្លឹម​ល្អ ដែល​អាច​យកទៅ​កែច្នៃ​ជា​គ្រឿង​បរិក្ខា​ផ្សេងៗ​យ៉ាង​ប្រណិត​។ ដោយសារ​មានតម្លៃ​វិសេសវិសាល​នេះហើយ ទើប​ធ្វើឱ្យ​ប្រភេទ​ឈើ​នេះ​កម្រ​។ បទល្មើស​ព្រៃឈើ ជា​មូល​ហេតុដែល​កំពុងនិយាយ​ទាំង​ប៉ុន្មាន​មកនេះ​។ 
 
​ជា​ផ្នែក​នៃ​ការចូលរួម​ស្ដារ​គម្រប​ព្រៃឈើ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ គំនិត​ផ្តួចផ្តើម​បង្កើត​ចម្ការ​ឈើ​គ្រញូង​មួយ​ត្រូវបាន​បង្កើតឡើង​។ ចម្ការ​ឈើ​គ្រញូង​ដ៏​ធំ​ល្វឹងល្វើយ ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ បង្កើត​ក្នុងភូមិ​សាស្ដ្រ​ស្រុក​ចំនួន​៣​នា​ខេត្តសៀមរាប មានស្រុក​បន្ទាយស្រី ស្វាយ​លើ និង​ស្រីស្នំ​។ 
 
 
 
​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​រំលឹកថា ចម្ការ​ឈើ​គ្រញូង​នេះ​បង្កើត​ដំបូង​នៅ​ឆ្នាំ​២០០១ លើ​ទំហំ​ផ្ទៃដី​២៥​ហិកតា និង​មានការ​ពង្រីក​ផ្ទៃដី​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ​២០១១ បាន​កើន​ឡើងដល់ ១,៨៨៨​ហិកតា និង​ឆ្នាំ​២០១២ មាន​ការដាំ​បន្ថែម ជាង​៧៦០​ហិកតា​ទៀត ដែល​សរុប​ផ្ទៃដី​ទាំងអស់​ជាង ២​ពាន់​ហិកតា​។ លោក​បន្តថា នាពេល​បច្ចុប្បន្ននេះ ចម្ការ​នេះ​មាន​ដើម​មេ​ពូជ​គ្រញូង​ប្រមាណ ៥៧២​ដើម​ដែរ តែ​អាច​កើនឡើង​ជាង​នេះ​ដោយសារ​មន្ត្រី​របស់លោក​មិនទាន់​ចុះ​ធ្វើ​សារពើ​ភណ្ឌ​ត្រឹមត្រូវ​។ លោក​ពន្យល់ថា​៖«២០០១ យើង​បង្កើត​លើ​ទំហំ​ផ្ទៃដី ២៥​ហិកតា ក្រោយមក​មាន​អង្គការ​មួយ និង​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ និង​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ ខ្ញុំ​មកកាន់​២០០៣ ពេលនោះ​ខ្ញុំ​និង​ក្រុមការងារ​បាន​ពង្រីក​បាន ៥០​ហិកតា ដល់​ឆ្នាំ​២០០៥-២០០៦ យើង​បាន​ពង្រីក​ដល់​២៥០​ហិកតា ២០១០-២០១១ ឡើង​រហូតដល់ ១,៨៨៨​ហិកតា ដែល​យើង​មាន​ដើម​មេ​ដែល​ផ្តល់​ពូជ​បាន ៥៧២​ដើម ដែល​ផ្តល់​ពូជ​»​។​


 
​ជាមួយនឹង​បរិមាណ​មេ​ពូជឈើ​៥៧២​ដើម​នេះ បើតាម​ការបញ្ជាក់​ពី​លោក ម៉ុង ប៊ុន​លីម អាច​ផ្តល់​គ្រាប់​ចន្លោះ​ពី​៣០​ទៅ​៥០​គីឡូក្រាម​ក្នុង​មួយឆ្នាំ​។ គ្រាប់ពូជ​ទាំងនោះ ត្រូវបាន​ចែកចាយ​ទៅតាម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផ្សេងៗ​ដើម្បី​ទុក​បណ្ដុះ​កូន​ចែក​បន្ត​ដល់​ប្រជាពលរដ្ឋ​យកទៅ​ដាំ​តាម​ការស្នើសុំ​។ បើ​គិត​ជា​មធ្យម​ក្នុង​គ្រាប់​មួយ​គីឡូក្រាម អាច​បណ្ដុះ​បានកូន​ឈើ​បាន​ប្រមាណ ៣៣,៦០០​ដើម គឺ​បរិមាណ​នេះ​អាស្រ័យ​លើ​ទំហំ​គ្រាប់​ផងដែរ​។ តាមពិតទៅ បើតាម​ការបញ្ជាក់​ពី​លោក ប៊ុន​លីម មេ​ពូជ​គ្រញូង​អាចមាន​លើសពី​ជាង​៥០០​ទៀត ព្រោះថា​នេះ​ជា​តួលេខ​ចាស់​ដែល​ក្រុមការងារ​របស់លោក​មិនទាន់​ចុះ​ធ្វើបញ្ជី​សារពើ​ភណ្ឌ​បន្ថែម​ដូច​បានបញ្ជាក់​ពី​ដើម​។​
 
​ជា​ធម្មជាតិ​របស់​គ្រញូង គឺ​វា​តែង​ហុច​ផ្លែផ្កា​នៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា ហើយ​អាច​ប្រមូល​ផល​គ្រាប់​នៅ​ពាក់​កណ្ដាលខែ វិច្ឆិកា​។ រយៈពេល​ប្រមូល​ផល​គឺមាន​ពេល​ខ្លី​ត្រឹមតែ​១​ខែ​យ៉ាងយូរ​។ ខុសពី​ឈើ​ដទៃទៀត គ្រាប់​គ្រញូង​ក៏​ពិបាក​បណ្ដុះ​ដែរ ដោយសារ​វា​មាន​សំបក​ក្រាស់ ដូច្នេះ​ត្រូវមាន​បច្ចេកទេស​ត្រឹមត្រូវ​ច្បាស់លាស់ ទើប​ប្រាកដថា បណ្ដុះ​កើតជា​កូនឈើ​បាន​។ នេះ​ជាការ​បញ្ជាក់​ពី​លោក ប៊ុន​លីម​។​
 
​ជា​ភូមិសាស្ដ្រ​មួយ​ស្មុគស្មាញ​ប​ន្ដិ​ត ដ្បិតថា​ចម្ការ​ឈើ​គ្រញូង​ដែល​លាតសន្ធឹង​ជា​២​ពាន់​ហិកតា​នេះ នៅជាប់​ស្រុក​ចំនួន​៣​របស់​ខេត្តសៀមរាប គឺ​នៅជាប់​ព្រំប្រទល់​ខេត្ត ឧត្ដរមានជ័យ​តែម្ដង​។ ការជ្រើសរើស​ភូមិសាស្ដ្រ​នេះ​ជា​ចម្ការ​ពូជឈើ​គ្រញូង ត្រូវបាន​លោក ប៊ុន​លីម ពន្យល់ថា ដោយសារ​សណ្ឋាន​ដី​នៅ​តំបន់​នោះ​មាន​ភាព​អំណោយផល​ខ្ពស់​ចំពោះ​កូនឈើ​កម្រ​មួយ​នេះ​។ លោក​ពន្យល់ថា​៖« ទីនេះ​មាន​លក្ខណៈ​ប្រកប​ធ្វើឱ្យ​រុក្ខជាតិ​នេះ​ដុះ​ក្នុង​តំបន់ ទោះបី​ស្ថានភាព​ភូមិសាស្ដ្រ​មាន​ភាពលំបាក់​ក៏ដោយ ដោយសារ​គ្រញូង​ត្រូវការ​រើស​ដី ដី​ជាំ​ទឹក​ខ្លាំង​មិន​អារ​ស់បាន ក្រៀមក្រោះ​ពេក​ក៏​មិនអាច​រស់ អ៊ីចឹង​ដីល្បាយខ្សាច់​ហើយ​មាន​លក្ខណៈ​ទួល (​តែ​)​មិនអាច​ឱ្យ​សើម​ជោក​ពេក​ទេ​...»​។​
 
​ជា​ចម្ការ​ឈើ​មានតម្លៃ ច្បាស់​ណាស់​ថា តែងមាន​ជនខិលខូច​ប៉ង​កាប់​បំណង​យក​ធ្វើ​អាជីវកម្ម​ផ្សេងៗ​។ យ៉ាងណាក៏ដោយ លោក ប៊ុន​លីម អះអាងថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​របស់លោក​រួមសហកា​រ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​សារសំខាន់​នៃ​ព្រៃឈើ ហើយ​ក៏មាន​ការចុះ​ល្បាត​ត្រឹមត្រូវ​ដែរ​។ កន្លងមក​ធ្លាប់មាន​ការចូល​កាប់​ដែរ តែ​ត្រូវបាន​អាជ្ញាធរ​ចាប់បាន​និង​យកមក​អប់រំ​។ បទល្មើស​នៅក្នុង​ចម្ការ​អភិរក្ស​ពូជឈើ​គ្រញូង​នេះ​មាន​តិច​ប៉ុណ្ណោះ ព្រោះ​មានការ​គ្រប់គ្រង​ត្រឹមត្រូវ ពិសេស​គឺមាន​ប្រព័ន្ធ​ការពារ​នៅ​ជុំវិញ​ចម្ការ​តែម្ដង​។ លោក ប៊ុន​លីម បន្តថា ប្រព័ន្ធ​ការពារ​នោះ​គឺ​កន្លែង​របស់លោក​បាន​ជីក​ប្រឡាយ​ដែលមាន​មាត់​លើ​៤​ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ និង​បាត​ខាងក្រោម​២​ម៉ែត្រ ដែល​ធ្វើឱ្យ​ជនល្មើស​ពិបាក​ឆ្លងកាត់​។​


 
​ជាមួយគ្នានេះដែរ ចលនា​បំផុស​ការដាំ​កូនឈើ​ក្នុង​ចម្ការ​ពូជ​គ្រញូង​ក៏ត្រូវ​បានរៀបចំ​ជា​ហូរហែ​ផងដែរ ដែល​ក្នុងនោះ​មាន​សាធារណជន​រួម​និង​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​ជាច្រើន​បាន​ចូលរួម​ដាំ​។ ក្រៅពី​ធនធាន​ព្រៃឈើ​ដ៏​វិសេសវិសាល​ហើយ​នោះ ចម្ការ​គ្រញូង​នេះ​ក៏មាន​វត្តមាន​សត្វព្រៃ​ច្រើន​ប្រភេទ​រស់នៅ​ផងដែរ ដូចជា​ជ្រូកព្រៃ ស្វា ប្រើស ទន្សោង រួម​និង​សត្វ​ស្លាប​កម្រ​មួយចំនួនទៀត​។ តាម​ការបញ្ជាក់​ពី​លោក ប៊ុន​លីម លោក​មានបំណង​អភិវឌ្ឍ​ចម្ការ​នេះ​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​មួយនា​ពេលអនាគត​។​
 
 
​ជា​អ្នក​បរិស្ថាន​មួយរូប លោក ប៊ុន​លីម ចង់ឱ្យ​បន្ត​ចលនា​ដាំ​កូនឈើ​កាន់តែច្រើន​នៅ​ប្រទេស​កម្ពុជា ពិសេស​នៅ​តំបន់​ដែល​រង​ការទន្ទ្រាន​កន្លងមក​។ សម្រាប់​លោកនាយ​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​រូបនេះ ការចូលរួម​ដាំ​កូនឈើ​ទោះបី​នៅទីណា​ក៏ដោយ គឺ​ត្រូវមាន​ឆ​ន្ទះ​ទាំងអស់គ្នា ហើយ​កុំ​យល់ថា​ការងារ​នេះ​ជាការ​ផ្ដាច់មុខ​សម្រាប់​ស្ថាប័ន​ណាមួយ​។ លោក ប៊ុន​លីម​បន្ត​៖ «​យើង​ជា​ម្ចាស់​សម្បត្តិ​ធម្មជាតិ ឱ្យមាន​ឆ​ន្ទះ​ក្នុង​ការដាំ​នោះ​យើង​នឹងមាន​គម្រប​ព្រៃ​ដ៏​ល្អ​ឡើងវិញ ហើយ​យើង​មាន​អ​កាស​ធាតុ​ល្អ​បរិសុទ្ធ មាន​ទឹកភ្លៀង​គ្រប់គ្រាន់ ចៀស​ផុតពី​ការប្រែប្រួល​អាកាសធាតុ​...»៕
 

Tag:
 ចម្ការ​គ្រញូង​
  ម៉ុង ប៊ុន​លីម​
  ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com