អន្តរជាតិ
មេ​សិទ្ធិមនុស្ស UN ថា ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប៉ះពាល់​តែ​ពលរដ្ឋ​ស្លូតត្រង់​
10, Aug 2019 , 8:19 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី

​ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​តិ​បាន​រិះគន់​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​អះអាងថា វា​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​យ៉ាប់យ៉ឺន  ហើយ​ពលរដ្ឋ​រាប់លាន​នាក់​កាន់តែ​ជួប​បញ្ហាលំបាក​ខ្លាំង​។


 
​លោកស្រី Michelle Bachelet អតីត​ប្រធានាធិបតី​ស៊ី​លី និង​ជា​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បង្ហាញ​ការមិន​ពេញចិត្ត​ឡើយ​ចំពោះ ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC​។  
 
​លោកស្រី​បាន​ថ្លែងថា ទណ្ឌកម្ម​នោះ​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នក​ងាយ​រងគ្រោះ​ក្នុងសង្គម​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​លោកស្រី​ព្រួយបារម្ភ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​កាន់តែ​ដុនដាប​ដោយសារ​ទណ្ឌកម្ម​នេះដែរ​។ 
 
​ទោះបីជា​មានការ​លើកលែង​ខ្លះ​សម្រាប់​ការលក់ ស្បៀងអាហារ សម្លៀកបំពាក់ និង​ថ្នាំសង្កូវ​ក៏ដោយ វិធានការ​នេះ​នៅតែ​បង្ក​វិបត្តិ​ដល់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាច្រើន​លាន​នាក់​ទៀត​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី Bachelet ។ 
 
​តាមពិតទៅ​អាមេរិក​និង​ប្រទេស​ជាង​៥០​ទៀត​មិនបាន​ទទួលស្គាល់​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទេ​។ ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​ទៅលើ​វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺមាន​រាប់បញ្ចូល​ទាំង​ការបង្ក​ករាល់​ទ្រព្យសម្បត្តិ​របស់​មន្ត្រីជាន់ខ្ពស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​បញ្ឈប់​រាល់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ជាមួយគ្នា ក្នុង​គោលបំណង​ដាក់​សម្ពាធ​ដល់​ប្រធានាធិបតី​ម៉ា​ឌុយ​រ៉ូ​អោយ​ចុះ​ចេញពី​តំណែង​។ 
 
​លើសពីនោះ ជាមួយ​ការដាក់ទណ្ឌកម្ម​នេះ ក្រុង​វ៉ាស៊ីនតោន ក៏បាន​ព្រមាន​ប្រទេសមួយ​ចំនួន​ឲ្យ​ឈប់​បន្ត​ផ្តល់ជំនួយ​ដល់​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដូចគ្នា​។ បន្ទាប់ពី​មានការ​ដាក់ទណ្ឌកម្ម​ថ្មី​នេះ រដ្ឋមន្ត្រីការបរទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក៏បាន​ចោទប្រកាន់ថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថែមទៀត​៕
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  សិទ្ធិមនុស្ស​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com