អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ​ថា រដ្ឋ​អា​ឡា​ស្កា​បច្ចុប្បន្ន​គ្មាន​ទឹកកក​ទៀតឡើយ ដ្បិត​ការឡើង​កម្តៅ​ផែនដី​
10, Aug 2019 , 9:19 pm        
រូបភាព
រូបភាព៖ The Independence
រូបភាព៖ The Independence
​ដោយ ឈួន ឈី​វ​អ៊ីង 

​ក្រុម​អ្នកវិទ្យាសាស្ត្រ សប្តាហ៍​នេះ​បាន​ព្រមាន​ថា រដ្ឋ​អា​ឡា​ស្កា គ្មាន​ទឹកកក​ទៀត​ទេ​ក្នុង​រដូវក្តៅ ខណៈ​ផ្ទាំង​ទឹកកក​នៅ​ជុំវិញ​រដ្ឋ​នេះ​បន្ត​រលាយ​ដោយសារ​ការ​កើន​កម្តៅ​នៃ​ភពផែនដី​។ ផ្ទាំង​ទឹកកក​ដែល​នៅ​ជិត​បំផុត គឺ​ស្ថិតនៅ​ចម្ងាយ ២៤០ គីឡូម៉ែត្រ​ឯណោះ​។

 
 
​បន្ទាប់ពី​មានការ​ឡើង​ក្ដៅ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​ខែកក្កដា​កន្លងទៅ ផ្ទាំង​ទឹកកក​នៅ​តំបន់​អាក​ទិ​ក​ទំហំ ពីរលាន​គីឡូម៉ែត្រ​ការេ បាន​រលាយ​។​នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Independence​។​
 
 ការរួម​តូច​នៃ​ផ្ទៃ​ទឹកកក​នេះ​គឺជា​បាតុភូតធម្មជាតិ​ដ៏​ធំ​មួយ ហើយក៏​នឹង​អាចធ្វើ​ឲ្យ​រដូវក្ដៅ​លែងមាន​ផ្ទាំង​ទឹកកក​ទៀតផង​។​
 
​អ្នកជំនាញ​អាកាសធាតុ នៃ​មជ្ឈមណ្ឌល​វាយតម្លៃ​អាកាសធាតុ​និង​គោលនយោបាយ រដ្ឋ​អា​ឡា​ស្កា លោក Rick Thoman បាន​សរសេរ​លើ​គណនី Twitter របស់ខ្លួន​ថា ផ្ទៃ​ទឹក​នៅ​រដ្ឋ​អា​ឡា​ស្កា បច្ចុប្បន្ននេះ​មិនមាន​ទឹកកក​ទៀតឡើយ​។​
 
​លោក​បន្តថា ផ្ទាំង​ទឹកកក​ចុងក្រោយ​នៅ​សមុទ្រ Beaufort ដែល​ជាប់​ឆ្នេរ Prudhoe បាន​រលាយ​ទៅហើយ​។ ជា​មធ្យម នៅ​ខែកញ្ញា សមុទ្រ​ទឹកកក​បាន​ធ្លាក់ចុះ​ក្នុង​អត្រា​ច្រើនជាង ១៣​ភាគរយ​ក្នុង​មួយ​ទសវត្សរ៍ ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ពោលគឺ​បន្ទាប់ពី​មានការ​កត់ត្រា​តាមរយៈ​ផ្កាយរណប​មក​។​
 
​ក្នុង​មួយឆ្នាំ ផ្ទាំង​ទឹកកក​រលាយ​ប្រហែល ៨៥០០០​គីឡូម៉ែត្រ​ការេ ដែលជា​ការបាត់​បង់ធំ​ជាង​ទំហំ​ទឹកដី​ស្កុ​តឡែ​ន​ទៅទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Ed Blockley ប្រធានការិយាល័យ​ជំនាញ​នៃ​មហាសមុទ្រ​អាក​ទិ​ក​។ 
 
​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ការកើនឡើង​កម្តៅ​នៅ​មហាសមុទ្រ​នឹងធ្វើ​ឲ្យ​មានការ​ប្រែប្រួល​បរិយាកាស និង​បរិស្ថាន​យ៉ាង​ឆាប់រហ័ស ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​មនុស្ស​រស់នៅ​តាម​ឆ្នេរ​ទៅទៀត​។ អ្នកជំនាញ​បាន​និយាយថា ប្រជាជន​ដែល​រស់​នៅតាម​មាត់​ឆ្នេរ កំពុង​សំឡឹង​រក​ការផ្លាស់ប្តូរ​ទីកន្លែង​ថ្មី​ដើម្បី​គេច​ពី​ទឹកជំនន់​៕ 

Tag:
 អា​ឡា​ស្កា​
  អាក​ទិ​ក​
  ប្រែប្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com