ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់ពលរដ្ឋខ្មែរម្នាក់ៗ ស្មើនឹងជោគជ័យប្រទេសជាតិ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន នៅវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា នាថ្ងៃទី១០សីហា។(ប្រភពរូប៖ សសយក)
× ភ្នំពេញ៖ ភាពជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរមួយរូបៗ គឺស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិ ដែលមិនមែនជាកត្តាដាច់ដោយឡែក។ បើម្នាក់ៗជោគជ័យក្នុងជីវិត តាមរយៈការខិតខំប្រឹងប្រែងឱ្យសម្រេចក្តីសុបិនរបស់ខ្លួន នោះនឹងនាំឱ្យមានភាពជោគជ័យដល់ខ្លួន កិត្តិយសគ្រួសារ ហើយដូចគ្នាគឺជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាការឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន នៅវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា នាថ្ងៃទី១០សីហា។
បើតាម លោក ហ៊ុន ម៉ានី ភាពជោគជ័យនោះ គឺស្ថិតនៅលើការខិតខំពុះពារ និងប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ ក្នុងការអនុវត្តការងារជាផ្លូវការ តែម្តង។ លោកបានបញ្ជាក់ថា ដើម្បីសម្រេចភាពជោគជ័យក្នុងជីវិត មនុស្សម្នាក់ៗត្រូវដាក់ទិសដៅ និងកសាងក្តីសុបិនណាមួយរបស់ខ្លួនឯងឱ្យច្បាស់លាស់ រួចអនុវត្តទៅតាមជំហាននីមួយៗ ហើយការអនុវត្តនោះ គឺកើតចេញពីការរៀនសូត្រគ្រប់កន្លែងដែលជាមូលដ្ឋានគ្រឹះឈានដល់ការសម្រេចភាពជោគជ័យ។
លោក ហ៊ុន ម៉ានី បាននិយាយដូច្នេះថា៖«ប្រសិនបើយើងមានសង្គមដែលសំបូរធនធានមនុស្ស ដែលពឹងពាក់ និងផ្តោតអារម្មណ៍ថាត្រូវតែខំប្រឹងប្រែងធ្វើដើម្បីជោគជ័យលើខ្លួនឯង ហើយប្រសិនជាដួល បន្តងើបឈរដើរទៅមុខធ្វើទៀត ដើម្បីសម្រេចភាពជោគជ័យ នោះប្រទេសជាតិនឹងឈានទៅរកការអភិវឌ្ឍកាន់តែរហ័ស។ ភាពជោគជ័យ ឬមិនជោគជ័យ គឺស្ថិតនៅលើកត្កាខ្លួនឯងជាចំបងសិន គ្មានអ្នកណាជួយបាននោះទេ ទោះបីជារដ្ឋាភិបាលខិតខំប៉ុនណាក៏ដោយ បើបុគ្គលម្នាក់ៗមិនចេះជួយឯង នោះយើងមិនជួយយ៉ាងណាទេ»៕
Tag:
យុវជន
សហគ្រិន
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com