វិស័យដីធ្លី ដែលគេតែងនិយមហៅថា«វិស័យអចលនទ្រព្យ»នោះ កំពុងតែមានភាពរីកចម្រើន និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចនៅចន្លោះឆ្នាំ២០០៨ និង២០០៩កន្លងមក។ ចាប់ពីតាំងពីចុងឆ្នាំ ២០០៩ មក ប្រទេសកម្ពុជា បានខំងើបចេញពីវិបត្តិនេះ ហើយប្រឹងដើរយ៉ាងត្រដាបត្រដួស រហូតធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិ មានស្ថិរភាពល្អ រហូតមកទល់នឹងបច្ចុប្បន្ន។ វិស័យចម្បងចំនួន ៤ រួមមាន វិស័យកសិកម្ម ទេសចរណ៍ វាយនភណ្ឌ និងវិស័យសំណង់ (អចលនទ្រព្យ) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ។
វិស័យអចលនទ្រព្យ ឬដីធ្លីនៅប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយច្បាប់គ្រឹះមួយ គឺច្បាប់ភូមិបាល ដែលប្រកាសឲ្យប្រើ និងចូលជាធរមាននៅឆ្នាំ២០០១ និងបទបញ្ញត្តិមួយចំនួនទៀត ដែលចេញដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីកំណត់ពីនិយមន័យការគ្រប់គ្រង យន្តការ រចនាសម្ព័ន្ធជាដើម ពាក់ព័ន្ធនឹងវិស័យដីធ្លីនេះ។
គិតត្រឹមខែឧសភា ឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់ ឬអចលនទ្រព្យនេះ មានប្រមាណ ១៥២ លានដុល្លារ កើនឡើងជាង ៩% បើធៀបនឹងរយៈពេលត្រឹមខែឧសភា ឆ្នាំ២០១៨ ដែលមានត្រឹមតែ ១៣៨ លានដុល្លារ។ ការចូលកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ មុនច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន ប៉ុន្តែក្រោយច្បាប់ភូមិបាលចូលជាធរមាន រាល់ការចូលកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា មិនត្រូវបានអនុញ្ញាតឡើយ (ខុសច្បាប់)។
តើអ្វីជាប័ណ្ណកម្មសិទ្ធិដីធ្លី ហើយប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា មានប៉ុន្មានប្រភេទ?
រាល់ការកាន់ដីធ្លីនៅប្រទេសកម្ពុជា ត្រូវតែមានឯកសារកាន់កាប់ ហើយឯកសារទាំងនោះ គឺត្រូវបានបែងចែកជាពីរប្រភេទ៖ ឯកសារប្រភេទប្លង់ទន់ និងឯកសារប្រភេទប្លង់រឹង។ ហើយនៅទីនេះ យើងនឹងនឹងលើកយកមកបង្ហាញតែ ឯកសារប្រភេទប្លង់រឹង ប៉ុណ្ណោះ។
ដើម្បីធានាពីប្រសិទ្ធភាពផ្លូវច្បាប់ត្រឹមត្រូវ ការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ត្រូវមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ហើយប្លង់រឹងទាំង នោះមាន ៣ ប្រភេទ (ជំនាន់) ផ្សេងៗគ្នា៖
១) ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាសដីធ្លី ឬគេនិយមហៅថា«ប័ណ្ណស្លាបមាន់»ឬចុងសន្លឹក
ប័ណ្ណប្រភេទនេះ ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ ។ ប័ណ្ណប្រភេទនេះ ត្រូវបានចេញនូវចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយការិយាល័យសុរិយោដីកាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដី ចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ នៅមានសុពលភាព ប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ ប្រសិនបើដីនៅតំបន់នោះ មិនទាន់ស្នើសុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណ ឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈ ស្របច្បាប់ ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាព ត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ។
២) ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទ ឬជំនាន់ទីពីរ ដែលចេញជូនភោគី ឬអ្នកកាន់កាប់អចលនវត្ថុ (ដីធ្លី) ចាប់ពីចន្លោះឆ្នាំ ១៩៩៥ ដល់ពេលបច្ចុប្បន្ន ។ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះ ក៏ជាប្រភេទប័ណ្ណភោគៈ ដូចទីមួយខាងលើដែរ គឺវាមិនមែនជាប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិដីធ្លី ស្របច្បាប់ ១០០% ឡើយ។
ប័ណ្ណនេះ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត-ក្រុង នៃប្រទេសកម្ពុជា ចេញជូនអ្នកកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ដើម្បីគ្រាន់តែបញ្ជាក់ពីភោគីស្របច្បាប់ប៉ុណ្ណោះ មិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិ នៃដី ដែលបានកាន់កាប់នោះឡើយ ។
ដូច្នេះ ប្រភេទប័ណ្ណទី១ និងទី២ ខាងលើនេះ ជាប្រភេទប័ណ្ណភោគៈប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាពផ្លូវច្បាប់ ១០០% នោះទេ ហើយក៏មិនទាន់បញ្ជាក់ពីកម្មសិទ្ធិករ ស្របច្បាប់នៃដីដែលបានកាន់កាប់នោះដែរ វាប្រៀបបានដូចជាកម្មសិទ្ធិបណ្តោះអាសន្នប៉ុណ្ណោះ ។
៣) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយគេ ដែលចេញចាប់តាំងពីឆ្នាំ២០០២ រហូតមកទល់បច្ចុប្បន្ន។ អ្នកខ្លះនិយមហៅប័ណ្ណប្រភេទនេះថា ប័ណ្ណ ឬប្លង់ LMAP ឬប័ណ្ណប្រព័ន្ធ ដោយហេតុថា ប័ណ្ណប្រភេទនេះ ចេញជូនតែម្ចាស់ដីទាំងឡាយណា ដែលបានចុះបញ្ជីដីរបស់ខ្លួនជាលក្ខណៈប្រព័ន្ធ (Systematic Land Registration) ហើយដែលការចុះបញ្ជីដីជាប្រព័ន្ធនេះ ធ្វើឡើងតាំងពីអំឡុង ឆ្នាំ២០០២មកម្ល៉េះ ដោយមានជំនួយពីធនាគារពិភពលោក ។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការយល់ព្រមដោយទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបន្ថែមប្រព័ន្ធ QR កូដ នៅលើសន្លឹកប័ណ្ណ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន អាចផ្ទៀងផ្ទាត់ព័ត៌មានអចលនវត្ថុ តាមរយៈការស្កែន QR កូដនោះ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាប័ណ្ណកម្មសិទ្ធិ ដែលបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ពេញលេញ ហើយដែលអ្នកកាន់កាប់ដីធ្លី ក្លាយទៅជាកម្មសិទ្ធិករស្របច្បាប់ ១០០% ។
ដូច្នេះ កាលណាគេនិយាយពីប្លង់រឹង គឺបានដល់ប្លង់ទាំងបីប្រភេទនេះឯង គ្រាន់តែថាក្នុងចំណោមប្លង់រឹងទាំងបីនេះ គេចែកជា ២ប្រភេទទៀត គឺប័ណ្ណប្រភេទទីមួយ និងប្រភេទទីពីរ (ជាប័ណ្ណភោគៈ) ហើយប័ណ្ណប្រភេទទី បី ទើបជាប័ណ្ណកម្មសិទ្ធិស្របច្បាប់១០០% (កម្មសិទ្ធិករ នៃដីដែលបានកាន់កាប់ពេញលេញតាមផ្លូវច្បាប់) ៕
(អត្ថបទពាណិជ្ចកម្ម)