អន្តរជាតិ
​អ្នកស្លាប់​ដោយ​គ្រោះទឹកជំនន់​នៅ​ឥណ្ឌា​កើន​ដល់​៩៥​នាក់​
10, Aug 2019 , 5:39 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​ក្រុម​សង្គ្រោះ​នៅ​ប្រទេស​ឥណ្ឌា​បន្ត​អន្តរាគមន៍​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ និង​បាក់​ដី ដែល​បង្កដោយ​ភ្លៀង​មូសុង ជាពិសេស​នៅតាម​បណ្តា​ស្រុក​នៃ​រដ្ឋ Kerala, Karnataka និង Maharashtra​។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​១០ ខែសីហា នេះ មនុស្ស​៩៥​នាក់​បាន​ស្លាប់ និង​រាប់ពាន់នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

 
​ខ្យល់មូសុង និង​ភ្លៀង ចន្លោះ​ពី​ខែមិថុនា ដល់​ខែកញ្ញា បង្ក​ឲ្យ​ពលរដ្ឋ​ឥណ្ឌា ជួប​ផលវិបាក​យ៉ាងខ្លាំង ដោយ​ភ្លៀង​ធ្លាក់​ប្រមាណ​៧០​ភាគរយ​បាន​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​។ បើតាម​ការផ្សាយ​របស់​រ៉​យ​ទ័​រ  រយៈពេល​ត្រឹម​២​ថ្ងៃ​ចុងក្រោយ ករណី​បាក់​ដី កើតឡើង​៨០​ករណី​។​
 
​ក្នុងចំណោម​មនុស្ស​៩៥​នាក់​ដែល​ត្រូវបាន​រាយការណ៍​ថា ស្លាប់ ដោយ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ មាន​៤២​នាក់​ស្ថិតនៅ​រដ្ឋ Kerala​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ពី​ការសម្រេចចិត្ត​បើកទ្វារ​ទំនប់ Banasurasagar នៅ​ស្រុក Wayanad ដើម្បី​រំដោះ​ទឹក​ចេញ​។​
 
​កាលពី​ឆ្នាំមុន រដ្ឋ Kerala បាន​រងគ្រោះ​យ៉ាងខ្លាំង ដោយសារ​ទឹកជំនន់ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០០​នាក់​ស្លាប់ និង​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ​៥​លាន​នាក់​។​
 
​ស្ថានភាព​ទឹកជំនន់​នាពេល​បច្ចុប្បន្ន បាន​តម្រូវ​ឲ្យ​អាកាសយានដ្ឋាន Cochin International Airport ផ្អាក​ដំណើរ​ការតាំង​ពីថ្ងៃ​សុក្រ ដោយសារ​ទឹក​ហូរ​កាត់​ផ្លូវ​។​
 
​អាជ្ញាធរ​ឥណ្ឌា បាន​អះអាង​បន្ថែមថា បច្ចុប្បន្ន​មនុស្ស​ជាង​២០០ ០០០​នាក់​ហើយ​ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​៕
 

Tag:
 ជំនន់​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com