ភ្នំពេញ៖ បើតាមការសង្កេតជាទូទៅសិស្សនិស្សិតដែលរៀនជំនាញសិល្បៈបុរាណ ភាគច្រើនគឺចេញពីគ្រួសារដែលមានជីវភាពក្រោមមធ្យមឬក្រក្រីតែម្ដង។ ពួកគេត្រូវខំតស៊ូរៀនទាំងត្រដាបត្រដួស ដើម្បីបំពេញបំណងប្រាថ្នា និងទេពកោសល្យរបស់ខ្លួន។ ទោះបីជាមានជីវភាពខ្វះខាតក្ដី ក៏អាណាព្យាបាលរបស់ពួកគេខ្នះខ្នែង និងលើកទឹកចិត្តពួកគេជានិច្ច។
ដើម្បីជ្រាបច្បាស់ពីស្ថានភាពសិស្សមួយចំនួននៃសាលាមធ្យមវិចិត្រសិល្បៈរៀនជំនាញសិល្បៈបុរាណ តទៅនេះសូមរីករាយស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
សិស្សានុសិស្សដែលបានឡើងសម្ដែងសិល្បៈគ្រប់ទម្រង់ ក្នុងសាលាមធ្យមវិចិត្រសិល្បៈ នាពេលប្រឡងយកសញ្ញាបត្រសិល្បៈ និងប្រឡងយកស្នាតកបត្រសិល្បៈ កាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៩ សុទ្ធសឹងតែមានទេពកោសល្យខ្ពស់។
តាមរយៈទេពកោសល្យនិងរូបសម្រស់របស់ពួកគេ អាចញ៉ាំងចិត្តអ្នកទស្សនាឱ្យស្ងើចសរសើរ និងសប្បាយរីករាយបាន។ ប៉ុន្តែមនុស្សភាគច្រើន មិនបានដឹងឡើយពីរឿងដែលនៅខាងក្រោយខ្នងរបស់ពួកគេ។
លោក ហួត ស៊ីថន នាយកសាលាល្ខោននៃសាលាមធ្យមវិចិត្រសិល្បៈ ដែលគ្រប់គ្រង៣ទម្រង់ គឺទម្រង់ល្ខោនបាសាក់ ល្ខោននិយាយ និងល្ខោនយីកេ បានលើកឡើងថាសិស្សដែលមករៀនសិល្បៈបុរាណភាគច្រើនចេញពីគ្រួសារដែលមានជីវភាពក្រោមមធ្យម។ លោកបញ្ជាក់ក្រោយការសម្ដែងបានបញ្ចប់នៅម៉ោងប្រមាណ១១ព្រឹក៖«អ្នកមានទេពកោសល្យតែគាត់មានលទ្ធភាពទៅរៀននៅសាលាខាងក្រៅទៅវិញ។ អ្នកខ្លះទៀតគាត់មានឧបនិស្ស័យ ហើយជីវភាពគាត់មិនសូវមាន។ អ្នកខ្លះគិតថាមកចាប់អាជីបនេះយកជំនាញ គាត់រៀនបណ្ដើរអាចទៅសម្ដែងបណ្ដើរដើម្បីបានថវិកាទ្រទ្រង់ជីវភាពខ្លះ។ តាំងពីយូរណាស់មកហើយ យើងជ្រើសរើសកូនប្រជាជនដែលមានជីវភាពក្រោមមធ្យម។ បើកូនអ្នកមាន ទាល់តែគេមានទេពកោសល្យខ្លាំងណាស់ ទើបម្ដាយឪពុកគេឱ្យមករៀន»។
មិនខុសពីសម្ដីរបស់លោកនាយកសាលាល្ខោនឡើយ យុវសិស្ស ញ៉ា សម្បត្តិ អាយុ១៨ឆ្នាំ ដែលចាប់យកឯកទេសល្ខោនបាសាក់ ពិតជាស្ថិតក្នុងគ្រួសារខ្វះខាតមែន។ សិស្សមកពីខេត្តតាកែវរូបនេះ បានអះអាងថាមិត្តរួមឯកទេសសុទ្ធសឹងតែមានជីវភាពទាល់ក្រ។ ដើរតួសម្ដែងជាស្តេចគ្រុឌក្នុងរឿងកាកី សម្បត្តិ បញ្ជាក់ពីស្ថានភាពគ្រួសាររបស់ខ្លួន ទាំងមិនទាន់ផ្លាស់សម្លៀកបំពាក់សម្ដែងចេញ៖«គ្រួសាររបស់ខ្ញុំក្រក្រី ជួនកាលបានបីម៉ឺនឬប្រាំម៉ឺនខ្ញុំចាយមួយទៅពីរសប្ដាហ៍»។
ចំណែកអ្នកស្រី កែវ សាលី បានធ្វើដំណើរពីខេត្តត្បូងឃ្មុំជាមួយប្ដី រួមទាំងបងស្រីម្នាក់ទៀតមករាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តកូនស្រីក្នុងថ្ងៃសម្ដែងជាលើកដំបូង លើឯកទេសល្ខោនបាសាក់។ កសិកររូបនេះបានប្រាប់ពីចំនួនទឹកប្រាក់ដែលគាត់ផ្ដល់ឱ្យកូន ខណៈពេលការសម្ដែងនាពេលរសៀលមិនទាន់ចាប់ផ្ដើម៖«កូនមករៀនបានមួយឆ្នាំហើយ ខ្ញុំផ្ញើប្រាក់ឱ្យគេ ម្ដងបានប្រាំម៉ឺន។ កូនថាមិនឱ្យខ្ញុំផ្ញើមកច្រើនទេ មួយសប្ដាហ៍តែប្រាំម៉ឺនបានហើយ។ ពេលខ្លះខ្ញុំមិនមានប្រាក់ក៏ថាមានដែរ ដើម្បីឱ្យកូនខំរៀន»។
មកចាប់អារម្មណ៍ពីចំនួនសិស្សដែលបានចូលរៀនក្នុងសាលាល្ខោនវិញ។ បើតាមលោក ហួត ស៊ីថន នាយកសាលាល្ខោននៃសាលាមធ្យមវិចិត្រសិល្បៈ សិស្សដែលចុះឈ្មោះរៀនឯកទេសល្ខោនទាំងបីទម្រង់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ លោកពន្យល់ទាំងទឹកមុខហាក់គ្មានសង្ឃឹម៖«ទម្រង់ល្ខោនបាសាក់ យីកេ និងល្ខោននិយាយ ៣ទម្រង់នេះពីថ្នាក់ទី១ដល់ទី៦ ក្នុងមួយឆ្នាំយើងទទួលបានតែជាង១៤០នាក់ប៉ុណ្ណោះ។ ចំនួននេះតិចណាស់។ ពីមុនមានច្រើនមានដល់៣០០នាក់អី ប៉ុន្តែក្រោយមកចេះតែធ្លាក់ចុះ»។
អាចមានហេតុផលច្រើនដែលនាំឱ្យមានការធ្លាក់ចុះការសិល្បៈជំនាញសិល្បៈបុរាណ ដោយមិនដូចពីសម័យដើម។ ចំណែករឿងដែលអ្នកស្រី កែវ សាលី បានជួបប្រហែលជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត នាំឱ្យម្ដាយឪពុកជាច្រើនមិនលើកទឹកចិត្តកូនឱ្យរៀនជំនាញល្ខោនបាសាក់ ៖«គេថាស្រីល្ខោនជាស្រីមិនល្អ តែខ្ញុំមិនធ្វើដឹងទេ។ ពេលខ្ញុំបានមកដល់ទីនេះខ្ញុំសប្បាយចិត្ត ខ្ញុំរំភើបណាស់សឹងទះដៃអបអរសាទរ»។
មិនត្រឹមតែមិនខ្វល់នឹងសំដីអ្នកដែលមិនយល់ពីតម្លៃសិល្បៈបុរាណ ស្ត្រីជាម្ដាយរូបនេះពិតជាសប្បាយចិត្តនិងតែងលើកកម្លាំងចិត្តកូនបន្ថែមទៀត ព្រោះឃើញថាកូនចេះស្រឡាញ់និងឱ្យតម្លៃសិល្បៈវប្បធម៌ជាតិ៖«ខ្ញុំចង់មើលកូនណាស់ហើយបានជាមកអង្គុយមុខគេ។ ឱ្យតែកូនចេះ ចាប់ជំនាញណាឱ្យច្បាស់ជំនាញនោះ។ ខ្ញុំស្រឡាញ់សិល្បៈបុរាណទាំងអស់»។
នៅមានហេតុផលមួយទៀតដែលអាចលើកយកមកធ្វើជាហេតុផល នាំឱ្យក្មេងជំនាន់ក្រោយ មើលរំលងសិល្បៈបុរាណ ដែលជាដួងព្រលឹងជាតិ ហើយលោក ហួត ស៊ីថន បានពន្យល់ដូច្នេះ៖«ការវិវឌ្ឍទស្សនីយភាពសកលភាវូបនីយកម្មមានការជឿនលឿនខ្លាំង។ សិល្បៈត្រូវអភិរក្សមិនសូវធ្លាក់ចុះទេ ប៉ុន្តែទម្រង់សិល្បៈដែលនៅជិតសម័យបន្តិចដូចជាល្ខោននិយាយ មិនសូវមានគេចាប់អារម្មណ៍។ ល្ខោននិយាយសុទ្ធសឹងប្រើពាក្យពេចន៍ដែលមានខ្លឹមសារ និងការអប់រំច្រើនដូច្នេះគេមិនសូវចូលចិត្តទេ»។
គេអាចនិយាយបានថា សិល្បៈគឺជាវិស្វករនៃព្រលឹង ព្រោះសិល្បៈអាចធ្វើឱ្យមនុស្សភ្លេចទុក្ខព្រួយទាំងឡាយទាំងពួក សិល្បៈអាចព្យាបាលជំងឺបាន ហើយសិល្បៈអាចព្យាបាលរបួសផ្លូវចិត្តជាដើម។ ដូច្នេះហើយទើបបានជាអ្នកដែលអាចរៀនសិល្បៈបាន ទាល់តែពួកគេមានទេពកោសល្យពីកំណើត។ ហើយលោកនាយកសាលាល្ខោនអះអាងដូច្នេះ៖«អ្នកដែលមានមិនទេពកោសល្យ រៀនយឺតជាងគេ ជួនកាលអាចអនាគតមិនល្អ។ ល្ខោនច្រៀងទាល់តែគាត់មានសំឡេងល្អ បើអ្នករៀនភ្លេងទាក់តែត្រចៀកគាត់ពូកែចាប់យកសំឡេង។ ទាំងនេះទាក់ទងទៅនឹងឧបនិស្ស័យពីកំណើតទាំងអស់»។
ដូចទៅនឹងអ្វីដែលលោក ហួត ស៊ីថន បានលើកឡើង កញ្ញា អង ស្រីនិច្ច ដែលមានអាយុ១៨ឆ្នាំ ពិតជាមានការលំបាកក្នុងការហ្វឹកហាត់លើជំនាញល្ខោនរបស់ខ្លួន។ មានចិត្តស្រឡាញ់សិល្បៈតាំងពីក្មេង ប៉ុន្តែ ស្រីនិច្ច ខ្វះខាតការទទួលបានព័ត៌មានពីសាលាបង្រៀន ទើបបានជានាងត្រូវចូលរៀននៅអាយុជ្រេណាស់ទៅហើយ។
ទោះជាមានការលំបាកទាំងជីវភាព និងការហ្វឹកហាត់ក្ដី ក៏យុវសិស្សដែលមកពីខេត្តតាកែវរូបនេះតស៊ូរៀនរហូតចប់ និងសម្រេចបំណងប្រាថ្នារបស់ខ្លួនដែលចង់ធ្វើជាគ្រូបង្រៀនល្ខោនបាសាក់នោះ៖«មករៀននៅទីនេះអាចមានជំនាញច្បាស់ ម្យ៉ាងដោយចិត្តស្រឡាញ់ផង។ ការលំបាកដោយខ្ញុំមានអាយុច្រើនស្រាប់ ដូច្នេះក្បាច់ខ្លះខ្ញុំចាប់មិនបាន។ កាលខ្ញុំមករៀនដំបូងខ្ញុំយំរាល់ថ្ងៃ ព្រោះពេលព្រឹកខ្ញុំហាត់សិល្បៈ ពេលថ្ងៃខ្ញុំរៀនអក្សរ ពេលល្ងាចខ្ញុំត្រូវហាត់ជាមួយសិស្សច្បងនិងហាត់ដោយខ្លួនឯងទៀត ម្យ៉ាងការទទួលទានក៏ខ្វះខាត»។
រីឯ សម្បត្តិ ដែលមានឪពុកជាអ្នកចម្រៀងភ្លេងការ ក៏មានឧបសគ្គក្នុងការហាត់រៀនដែរ។ មានសម្បុរស្រអែម រាងខ្ពស់សង្ហារ សម្បត្តិមានសំឡេងល្អ និងច្រៀងបានពីរោះ ប៉ុន្តែរាងកាយបែរជាមានបញ្ហាទៅវិញ៖«ហាត់ដំបូងមានការលំបាកណាស់ ព្រោះខ្ញុំឧស្សាហ៍ឈឺ។ ហាត់ក្បាច់ធ្ងន់ៗ ដូចជាក្រឡាស់ខ្លួនត្រឡប់ក្រោយខ្ញុំធ្វើមិនបានទេ ព្រោះខ្ញុំខ្សោយដងខ្លួននិងចង្កេះ»។
សម្បត្តិបន្ថែម៖«មូលហេតុដែលខ្ញុំរៀនល្ខោនបាសាក់នេះព្រោះតែខ្ញុំស្រឡាញ់។ ខ្ញុំចង់ថែវប្បធម៌ជាតិ។ អ្វីដែលខ្ញុំចេះខ្ញុំចង់យកទៅបង្រៀនក្មេងជំនាន់ក្រោយទៀត»។
ជាចុងក្រោយលោក ហួត ស៊ីថន ដែលមានវ័យ៥៧ឆ្នាំ បានពន្យល់ពីនិយមន័យសិល្បៈដូច្នេះ៖«សិល្បៈមានន័យដើមថាសិប្បៈ។ សិប្បៈ គឺជាការប៉ិនប្រសព្វ ហើយវាទាក់ទងនឹងឧបនិស្ស័យ។ កាលណាមានឧបនិស្ស័យពីកំណើត សាលាយកមកបណ្ដុះបន្ថែមទៅតាមមុខវិជ្ជានីមួយៗ ក៏ក្លាយជាសិល្បៈ»៕