កីឡាជាតិ
ជាតិ
កម្ពុជា​រំពឹង​ទទួលបាន​លទ្ធផល​ល្អ នា​ការប្រកួតប្រណាំង​យានយន្ត​ឆ្លង​ប្រទេស នៅ​ថៃ​និង​មី​យ៉ាន់​ម៉ា​
10, Aug 2019 , 7:36 pm        
រូបភាព
លោក ហូ សិទ្ធីគុណ (កណ្តាល)រួមជាមួួយកីឡាករកីឡាការិនី មុនចេញទៅប្រទេសថៃ
លោក ហូ សិទ្ធីគុណ (កណ្តាល)រួមជាមួួយកីឡាករកីឡាការិនី មុនចេញទៅប្រទេសថៃ
ដោយ:
​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បានបង្ហាញ​ក្តី​រំពឹងថា កីឡាករ​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការប្រកួតប្រណាំង​យានយន្ត​ឆ្លង​ប្រទេស Asia Cross Country Rally 2019 ដែល​ចេញដំណើរ​ពី​ប្រទេស​ថៃ ទៅ​បញ្ចប់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ការប្រកួត​ដែលមាន​ជាង​៣០​ប្រទេស​ចូលរួម​នេះ ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​ជាង​២,២០០​គីឡូម៉ែត្រ​។ កម្ពុជា​ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក​លើ​រថយន្ត​ប្រើ​សាំង​បាន​ត្រៀមខ្លួន​អស់​រយៈពេល​២​មកហើយ សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​។

 
 
​អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​លោក ហូ សិទ្ធី​គុណ បាន​និយាយថា ក្រុម​កីឡាករ​កម្ពុជា​ទាំងពីរ​ក្រុម​បាន​ខ្លួន​អស់​រយៈពេល​ជាង​ពីរ​ខែ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លង​ប្រទេស Asia Cross Country Rally ប្រចាំឆ្នាំ​២០១៩​។ កត្តា​នេះ បានធ្វើ​ឲ្យ​លោក​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការចូលរួម​លើក​នេះ​។ 


 
«​ដោយមាន​ការផ្លាស់ប្តូរ​កីឡាករ​មួយចំនួន ដែលជា​អ្នកខ្លាំងៗ​លើ​ការប្រណាំង​ក្លាស់​ម៉ា​ស៊ូ​ត តែ​ពេលនេះ​គាត់​មក​ចូលរួម​ជាមួយ​ក្លាស់​សាំង គឺ​ក្តីបារម្ភ​មួយកម្រិត​សម្រាប់​យើងទាំងអស់គ្នា​។ ក្តីបារម្ភ​មួយទៀត គឺ​ស្ថានភាព​ផ្លូវ ព្រោះ​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​ប្រទេស​ដែល​យើង​មិន​ធ្លាប់​ទៅលេង​សោះ ជាហេតុ​ធ្វើ​ឲ្យ​យើង​មិន​ស្គា​ល់ពី​តំបន់ និង​ស្ថានភាព​ផ្លូវ​នៅ​ទីនោះ​ថា ជា​ប្រភេទ​ដីភ្នំ ឬ​ភក់ជ្រាំ​។ ពីរ​កត្តា​នេះ​ធ្វើ​ឲ្យ​ការប្រកួត​របស់​យើង​ឆ្នាំនេះ កាន់តែ​តានតឹង​ជាង​ឆ្នាំមុន តែ​យើង​រំពឹងថា យើង​នឹង​អាច​រក្សា​លទ្ធផល​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហូ សិទ្ធី​គុណ មុន​ចេញទៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​។ 
 
​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​ពី​កីឡា​យានយន្ត​នៅ​កម្ពុជា និង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​មក​ទស្សនា​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត ត្រូវបាន​លោក ហូ សិទ្ធី​គុណ ចាត់ទុកជា​គោលបំណង​នៃ​ការចូលរួម​លើក​នេះ​។ លោក​បាន​បន្ថែមថា សហព័ន្ធ​បានធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​៣​ទៅ​៤​លើក​មកហើយ ហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​ផងដែរ​។ 


 
​សម្រាប់​ការប្រកួត​នឹង​ចេញដំណើរ​នៅ​ប្រទេស​ថៃ ហើយ​ទៅ​បញ្ចប់​នៅ​ទីក្រុង​ណៃ​ពិដោរ​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​ចម្ងាយ​ផ្លូវ​ជាង​២,២០០​គីឡូម៉ែត្រ​។ ការប្រកួត​នេះ​មាន​កីឡាករ​មកពី​ជាង​៣០​ប្រទេស​ចូលរួម ដោយមាន​រថយន្ត​សរុប​៣៧​គ្រឿង ខណៈ​កម្ពុជា​បញ្ជូន​កីឡាករ​ពីរ​ក្រុម​ឲ្យ​ចូលរួម​។ ដោយ​រថយន្ត​ទី​១​បើក​ដោយ​លោក ហូ សិទ្ធី​គុណ ដោយមាន​កីឡាការិនី សេង សុជាតា និង​លោក ពៅ តិច​ឡេង ជា​ជំនួយការ និង​រថយន្ត​ទី​២​បើកបរ​ដោយ​កីឡាករ សោម សុ​កុសល ដែលមាន​កីឡាករ វង្ស គឺ​ម​ហួត ជា​ជំនួយការ​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១-១៦ ខែសីហា​៕   
 

Tag:
 ប្រណាំង​យានយន្ត​
  ហូ សិទ្ធី​គុណ
© រក្សាសិទ្ធិដោយ thmeythmey.com