កីឡាជាតិ
ជាតិ
ក្រោយ​ឈ្នះ​ថៃ​ជា​ប្រវត្តិសាស្ត្រ U18 កម្ពុជា​ជួប​ម្ចាស់​ការពារ​ជើងឯក​ម៉ាឡេស៊ី នៅ​រសៀល​នេះ
11, Aug 2019 , 6:29 am        
រូបភាព
គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ដឹកនាំ U18 កម្ពុជាហ្វឹកហាត់ត្រៀមជំនួបជាមួយម៉ាឡេស៊ីដែលជាម្ចាស់ការពារជើងឯក។ រូបថត FFC
គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ដឹកនាំ U18 កម្ពុជាហ្វឹកហាត់ត្រៀមជំនួបជាមួយម៉ាឡេស៊ីដែលជាម្ចាស់ការពារជើងឯក។ រូបថត FFC
ដោយ: រួបរួម
ក្រុមយុវជន​កីឡាបាល់ទាត់​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ត្រូវ​បន្ត​ជួប​ជាមួយ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​ម៉ាឡេស៊ី នៅក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U18 Championship នៅ​កីឡដ្ឋាន Thành Long ក្រុង​ហូជីមិញ នា​វេលា​ម៉ោង​៣ និង​៣០​នាទី មុនពេល​អូស្ត្រាលី​ជួប​ថៃ សិង្ហ​បុរី តទល់​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម​។​



អត្ថបទទាក់ទង

​កាលពី​ថ្ងៃ​សុក្រ U18 កម្ពុជា បានទទួល​ជ័យជម្នះ​ដែល​មិន​ធ្លាប់មាន​ពីមុន​ក្នុង​លទ្ធផល ៤-៣ លើ U18 ថៃ ដែលជា​ក្រុម​ជើងឯក​៥​ជំនាន់ បន្ទាប់ពី​រង​បរាជ័យ​ដោយសារ​អូស្ត្រាលី ៥-១​។ រីឯ U18 ម៉ាឡេស៊ី ពួកគេ​បើកឆាក​ចាញ់​ម្ចាស់ផ្ទះ​វៀតណាម ១-០ តែ​បានទទួល​ជ័យជម្នះ ៣-១ វិញ​លើ​សិង្ហ​បុរី​។​

​សម្រាប់​ព្រឹត្តិការណ៍ AFF U18 Championship នេះ កម្ពុជា និង​ម៉ាឡេស៊ី ធ្លាប់​ប៉ះគ្នា​៣​លើក ដោយ​ពីរ​ឆ្នាំ​ចុងក្រោយ កម្ពុជា បាន​ចាញ់​ម៉ាឡេស៊ី ២-០ ជាប់ៗ​គ្នា​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខណៈ​ជំនួប​ក្នុង​ពូ​ល​លើកដំបូង​កាលពី​ឆ្នាំ​២០១១ ក្រុម​ទាំងពីរ​បានបញ្ចប់​លទ្ធផល​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។​

U18 ម៉ាឡេស៊ី ដែល​ស្ថិតក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​របស់​គ្រូបង្វឹក​អូស្ត្រាលី Brad Maloney មាន​ខ្សែបម្រើ Firdaus Kaironnisam ជា​កម្លាំង​ដ៏​សំខាន់ ដែល​រកបាន​២​គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ លើ​សិង្ហ​បុរី រីឯ U18 ដែលមាន​គ្រូបង្វឹក​ជប៉ុន លោក Gyotoku Koji លេង​ស្មារតី​ជា​ក្រុម​បាន​យ៉ាង​ល្អ ដោយ សៀង ច​ន្ធា រកបាន​៣​គ្រាប់​ក្នុង​២​ប្រកួត​កន្លងមក ខណៈ វុ​ធ តុលា ដែល​រក​គ្រាប់​បាល់​បើកឆាក​ក្នុង​ជ័យជម្នះ ៤-៣ លើ​ថៃ ក៏​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​នោះដែរ​។​

​បើតាម លោក Gyotoku Koji ជំនួប​ជាមួយ​ម៉ាឡេស៊ី នឹង​បន្ត​តឹងតែង​បន្ថែមទៀត​សម្រាប់​កម្ពុជា ព្រោះ​លោក​ទទួលស្គាល់ថា ម៉ាឡេស៊ី​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​លោក​រំពឹង​លើ​ស្មារតី​ក្រុមយុវជន​កម្ពុជា​សម្រាប់​ការប្រកួត​នេះ​។​



កម្ពុជា ប៉ះ ម៉ាឡេស៊ី នា​វេលា​ម៉ោង​៣ និង​៣០​នាទី មុនពេល​ក្រុម​កំពូល​តារាង​អូស្ត្រាលី ជួប​ថៃ នៅ​ម៉ោង​៤​និង​៣០​នាទី រីឯ​ម្ចាស់ផ្ទះ​វៀតណាម ត្រូវ​ស្វាគមន៍​សិង្ហ​បុរី​នៅ​ម៉ោង​៧ និង​៣០​នាទី​។​
​សម្រាប់​ពូ​ល A ការប្រកួត​៣​លើក​កន្លងមក ឥណ្ឌូណេស៊ី និង​មី​យ៉ាន់​ម៉ា ឈ្នះ​ទាំង​៣​ប្រកួត​ដូចគ្នា ដោយមាន​៩​ពិន្ទុ ឡាវ​មាន​៦​ពិន្ទុ ទី​ម័​រ​ខាង​កើតមាន​៣​ពិន្ទុ​។ ហ្វីលីពីន និង​ព្រុយ​ណេ ដែល​ចាញ់​៣​ប្រកួត​ជាប់​គ្នា ត្រូវ​ហាលអាវ​ដោយ​ស្វ័យប្រវត្តិ​៕


Tag:
 AFF U18
© រក្សាសិទ្ធិដោយ thmeythmey.com