ភ្នំពេញ៖ ទីដែលមានប្រជាជនខ្មែរអ៊ីស្លាមប្រមាណជា២០០គ្រួសាររស់នៅ និងប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិតនោះ គឺនៅក្នុងភូមិចុងកោះខណ្ឌជ្រោយចង្វា តាមឆ្នេរទន្លេចតុម្មុខក្បែរសណ្ឋាគារសុខាភ្នំពេញ។ ផ្ញើជីវិតដ៏ផុយស្រួយលើផ្ទៃគង្គាទាំងយប់ទាំងថ្ងៃ អ្នកនេសាទទាំងនោះខ្វល់តែពីរឿងនេសាទត្រី ដើម្បីចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ។ មុខរបរដែលប្រឈមគ្រោះថ្នាក់គ្រប់ពេលវេលានេះ ត្រូវបានបន្សល់ពីដូនតាមក។ ក្មេងជំនាន់ក្រោយដែលមិនមានឱកាសទទួលបានការសិក្សាច្រើន អនាគតរបស់ពួកគេក៏នឹងដើរទូកដូចម្ដាយឪពុកដែរ។
ដើម្បីជ្រាបច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
«អ្នកនេសាទទាំងអស់នៅទីនេះ មិនមានអ្នកណាម្នាក់ទិញអាវពោងសុវត្ថិភាពការពារជីវិតទេ។ បើថាលិចទូកត្រូវតែហែលតែម្ដង បើហែលមិនរួចទេមានតែស្លាប់។ ហើយបើមានកូនច្រើនត្រូវតែស្លាប់ខ្លះ។ អ្នកនៅខាងលិចខ្ញុំនេះ ទូកលិចពេលដែលគាត់កំពុងដេកលក់។ គាត់ប្រញាប់ចេញមក ប៉ុន្តែយកកូនចេញមិនអស់ ក៏ស្លាប់កូនមួយទៅ។ ច្រើនណាស់ ពេលខ្លះកូនលេងភ្លេចខ្លួនក៏លង់ទឹក ម្ដាយឪពុកក៏មិនដឹង។ ខ្លះទៀតពេលគាត់ដេកលក់កូនលង់ទឹកក៏មិនដឹង»។
ទាំងនេះគឺជាការរៀបរាប់របស់លោក ម៉ាន សារ៉ី ដែលកំពុងអង្គុយនៅក្នុងខ្ពមតូចមួយដោយមានសរសរតូចៗបោះជាប់នឹងឆ្នេរទន្លេចតុម្មុខ អមដោយសំឡេងសំណើចរបស់ប្រពន្ធគាត់ ហាក់គ្មានកង្វល់អ្វីសោះ ក្រោយពីរៀបចំសម្ភារត្រៀមចេញទៅនេសាទរួច។
ថ្មើរនេះម៉ោងប្រមាណ៨យប់ អ្នកនេសាទវ័យ៧០ឆ្នាំប្លាយរូបនេះ កំពុងឈរនៅលើទូកនេសាទធំល្មមដែលចតនៅខាងក្រោយខ្ទមរបស់ខ្លួន ដោះសំរាមចេញពីមងជាមួយនឹងកូនប្រុសវ័យខ្ទប់២០ឆ្នាំរួមទាំងក្មួយប្រុសអាយុជាង១០ឆ្នាំមួយរូបទៀត។ ញាប់ដៃស្រាយមងដែលជំពាក់យ៉ាងស្មុគស្មាញក្រោយពីនេសាទរួច លោក សារ៉ី ប្រាប់ពីស្ថានភាពភ័យអាសន្នពេលកំពុងនេសាទនៅកណ្ដាលទន្លេ៖«នៅកណ្ដាលទន្លេរលកធំៗណាស់។ ពេលសាមងមកវិញ ឈឺដៃណាស់។ វេទនាណាស់រកស៊ីនេសាទត្រីនេះ មិនមែនដូចគេរកស៊ីនៅលើគោកទេ។ ខ្ញុំធ្លាប់រករបរត្រីនេះទៅហើយ បើទៅរកនៅលើគោកក៏រកមិនកើត ព្រោះខ្ញុំមិនមានមុខរបរអ្វីទេ»។
ក្រោមជំនោរទន្លេដ៏ត្រជាក់នារដូវវស្សានាយប់ងងឹត តែអាចឆ្លុះឃើញផ្ទៃមុខជ្រីវជ្រួញ និងភ្នែករូងខ្មៅយ៉ាងច្បាស់របស់បុរសអ្នកនេសាទ ដែលជាប់ប្រវត្តិតាំងពីសម័យសង្គមរាស្ត្រនិយម ដោយអំពូលភ្លើងអីលអីឌី ដែលចងភ្ជាប់ជាមួយបង្គោលឫស្សីដោតជាប់នៅលើទូក។ បុរសកូនប្រាំរូបនេះបានត្អូញត្អែរពីមុខរបរតែមួយគត់របស់ខ្លួន៖«ការលំបាកចេះតែមានហើយ ពេលយប់មិនបានដេកទេ។ បើពេលយប់យើងសម្រាក នោះព្រឹកឡើងមិនមានត្រីលក់ វាមិនមានចំណូល ដូច្នេះចេះតែទ្រាំទៅ។ ពេលយប់ជួនម៉ោង១២ជួនម៉ោង១ទើបសម្រាក។ បើស្រឡះចេញទៅរកទៀតទៅ តែបើមិនស្រឡះទេចេះតែអង្គុយមើលមេឃទៅ។ អ៊ីចឹងបានថា របរនេសាទនេះមិនសូវបានសម្រាកទេ»។
ថ្វីបើត្រូវចេញទៅនេសាទច្រើនពេលនិងមិនមានពេលវេលាច្បាស់លាស់ក្ដី ប៉ុន្តែបុរសផ្ញើជីវិតលើទូកនេសាទរូបនេះថានៅតែមានពេលសម្រាក៖«មួយថ្ងៃខ្ញុំចេញទូក៣ទៅ៤ពេល។ ចេញទៅប្រហែលម៉ោង៨ឬ៩ព្រឹក នេសាទបានមួយម៉ោងចូលខាងវិញសម្រាក។ ចូលខាងបានប្រហែល២ម៉ោង នោះយើងចេញទៅនេសាទម្ដងទៀត។ តែពេលមានខ្យល់ខ្លាំងក៏មិនហ៊ានចេញទៅដែរ»។
ចេញពីអ្នកនេសាទជាបុរសខ្ញុំបានទៅជួបជាមួយអ្នកនេសាទជាស្ត្រីវិញម្ដង។ អង្គុយនៅក្នុងខ្ទមតូចល្មម ប្រក់ដោយផ្ទាំងកៅស៊ូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយ ដែលដំបូលមានសណ្ឋានដូចជាដំបូលទូកយ៉ាងដូច្នោះដែរ នោះគឺអ្នកនាង ស្លេស រ៉ម៉ាស់។ អ្នកនាង រ៉ម៉ាស់ ខកខានទៅនេសាទជាង២០ថ្ងៃទៅហើយ ដោយសារតែមានរបួសជើងធ្ងន់ធ្ងរបណ្ដាលមកពីដួលម៉ូតូ។ ព្រោះតែឪពុកមានវ័យជិត៨០ឆ្នាំ ហើយម្ដាយចូលវ័យជាង៧០ឆ្នាំទៅហើយនោះ នារីសម្ដីមួយៗរូបនេះ ត្រូវចេញទៅនេសាទត្រីជាមួយប្អូនស្រី និងប្អូនប្រុសទាំងអធ្រាត្រយប់ស្ងាត់៖«បងប្អូនរបស់ខ្ញុំនេសាទទាំងអស់។ ខ្ញុំទៅនេសាទជាមួយប្អូន ព្រោះផ្ទះខ្ញុំមិនមានមនុស្សប្រុស។ ពុករបស់ខ្ញុំចាស់ហើយ។ ជួនកាលទៅ២ឬ៣ជើងបានត្រីតែមួយក្បាលក៏មាន ហើយពេលខ្លះមិនបានសោះក៏មានដែរ មិនទៀតទេ។ ត្រីខ្ញុំយកទៅលក់នៅផ្សារកណ្ដាល ផ្សារចាស់ ផ្សារថ្មី ផ្សារអូរឫស្សី ខ្លះមានគេមកទិញដល់កន្លែង។ ត្រីក្អែកពេលខ្លះលក់បានមួយគីឡូ ២៥,០០០រៀល ត្រីឆ្កោក ៤០,០០០រៀល ត្រីឆ្កែកមួយគីឡូ ១២,០០០រៀល ជួនបាន ១០,០០០រៀល មិនទៀងទេ»។
អាកាសធាតុមិនទៀតឡើយ ពេលខ្លះអ្នកនេសាទត្រូវលិចទូកបាត់បង់ទ្រព្យសម្បត្តិ ហើយក៏អាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៖«ពេលខ្យល់ខ្លាំងមានលិចទូក ហើយមានលង់ទឹកដែរចំពោះអ្នកដែលមានកូនច្រើន តែអ្នកខ្លះក៏មិនអីដែរ។ នេសាទនៅកណ្ដាលទន្លេនោះ ពេលខ្យល់មក បើមើលថាសាមងមិនទាន់ទេ ទុកមងចោលសិន ហើយបើកទូកចូលខាងសិន ស្ងប់ខ្យល់បានចេញទៅវិញ»។
ចំណែកអ្នកស្រី ម៉ាន ខតថាចាស់ វិញ បានបាត់បង់កូនម្នាក់នារដូវទឹកដំឡើង៖«កាលនោះខែទឹកឡើង កូនរបស់ខ្ញុំយកផ្តិលទៅដួសទឹកតាមប្រហោងរនាបផ្ទះ ហើយផ្តិលនោះវាជ្រុះទៅក្នុងទឹក គាត់ឱនទៅតាមផ្តិលក៏ធ្លាក់ទៅខ្ញុំមិនដឹង។ កាលនោះម៉ោងប្រហែល៣ភ្លឺ ខ្ញុំកំពុងដេកលក់ ។ ព្រឹកឡើងសួរឪពុកនឹងអ៊ំថាមិនឃើញ ក៏ទៅរាវនៅខាងក្រោយផ្ទះ ទើបបានឃើញគាត់ស្លាប់ទៅហើយ»។
ស្ត្រីដែលមានម្ដាយចាស់វ័យជិត៩០ឆ្នាំរូបនេះ ថាព្រោះតែគ្មានជម្រើស ទោះបីត្រូវរស់ដោយភាពភ័យខ្លាចក៏ត្រូវតែទ្រាំ។ អ្នកស្រីបញ្ជាក់ដោយសម្ដីលាយសំណើចផង៖«នៅក្នុងទឹកវាតែងតែពិបាកហើយ ភ័យនឹងខ្យល់រលក។ បើសិនជាយើងហ៊ានប្រថុយ យើងហ៊ានគ្រោះថ្នាក់។ តែបើយើងមិនហ៊ានប្រថុយទេ មានតែអត់។ បើប្អូនថ្លៃរបស់ខ្ញុំវិញ ទៅរាវខ្ចៅនៅខែទឹកឡើង ដើម្បីយកប្រាក់មកសងគេតែ ២៥,០០០រៀលទេ តែត្រូវស្លាប់នៅពេលនោះទៅវិញ»។
មុខរបរដែលប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលានេះ នៅមានឧបសគ្គមួយទៀតគឺខែខ្សត់ត្រី៖«នៅខែផល្គុន ខែចេត្រ អីណឹងរកមិនសូវបានទេ ព្រោះទឹកស្ងប់មិនហូរទៅណាទេ ត្រីនៅមួយកន្លែងបើយើងចាប់មកវាអស់ហើយ។ ខែ១១ខែ១២និងខែ១ ជាខែសម្បូរត្រី ព្រោះខែនេះជាខែត្រីប្រហុក»។
ក្នុងអំឡុងខែរកត្រីមិនបានអ្នកស្រី ខតថាចាស់ ត្រូវដាច់បាយខ្លះដែរ តែស្ត្រីរូបនេះនិយាយហាក់ដូចគ្មានកង្វល់៖«កាលពីខែ៩ឆ្នាំទៅ ខ្ញុំមិនមានអង្ករដាំបាយទេ កុំតែបានកូនប្រសាទៅជំពាក់អង្ករបងប្អូនជីដូនមួយរបស់វាមកឱ្យ។ ពេលអត់ខ្លាំងខ្ញុំទៅហូបបាយជាមួយនឹងម្ដាយចាស់ជរា។ រាល់ថ្ងៃនេះរកប្រាក់១០០រៀលក៏គ្មានដែរ តែបានទៅរើសកំប៉ុងជាមួយម៉ែរាល់ថ្ងៃទេ»។
នៅក្នុងខែសីហាដែលជារដូវហាមឃាត់ការនេសាទនេះ លោក ម៉ាន សារី អាចរកត្រីបានមិនច្រើនប៉ុន្មាននោះទេ៖«ភាគច្រើនខ្ញុំនេសាទបានពី៣ទៅ៥គីឡូ។ បើត្រីធំបានមួយគីឡូ៣០,០០០ទៅ៤០,០០០រៀល តែបើត្រីល្អិតបានតែ១០,០០០រៀលទេ។ តម្លៃនេះមិនថ្លៃក៏មិនថោកដែរ»។
របរផ្សងព្រេងមួយនេះ ត្រូវចាយដើមទុនច្រើនគួរសម ដោយមិនគិតពីតម្លៃទិញទូក ហើយលោក សារី បញ្ជាក់ដូច្នេះ៖«របរនេសាទនេះចំណាយអស់ច្រើនណាស់។ មងក្នុងមួយក្បាលទូក តម្លៃពី៤០០ទៅ៥០០ដុល្លារ។ ក្នុងមួយឆ្នាំមិនមែនធ្វើតែមួយគន្លងនេះទេ ខ្ញុំធ្វើពី៤ទៅ៥គន្លង។ បើមងរង្វើលមួយក្បាលទូក៧០០ដុល្លារ ចម្ងាយ៥០០ម៉ែត្រ ជម្រៅ២០ម៉ែត្រ។ រកនេសាទសព្វថ្ងៃនេះទុន១លានឬ២លានរៀលរកមិនបានទេ។ កាលពីសម័យសម្ដេចឪ សន្ទូចតែមួយទេក៏រកត្រីបានដែរ ប៉ុន្តែសម័យនេះសន្ទូចរាប់ពាន់ក៏ដាក់មិនចង់បានត្រីដែរ»។
ទោះបីជារបរកេរដូនតាមួយនេះ មានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ក្មេងជំនាន់ក្រោយរបស់ខ្មែរអ៊ីស្លាមដែលរស់នៅក្នុងភូមិចុងកោះខណ្ឌជ្រោយចង្វា តាមឆ្នេរមាត់ទន្លេនេះ អាចនឹងចាប់ជំនាញនេសាទតពីឪពុកម្ដាយទៀត ដោយសារពួកគេមិនសូវមានឱកាសបានរៀនខ្ពស់ព្រោះគ្រួសារក្រីក្រ៖«អ្នកនៅទីនេះខំប្រឹងបញ្ជូនកូនឱ្យទៅរៀន អស់ប៉ុន្មានក៏មិនគិតដែរ តែកូនហ្នឹងវាមិនខំរៀន។ ម្យ៉ាងទៀតម្ដាយឪពុកក៏ក្រដែរ។ អ្នកខ្លះកំពុងតែរៀនចេះ ម្ដាយឆ្លងទន្លេក៏ឈប់។ ក្រោយមកទៀតចូលរៀនវិញបានជាងមួយឆ្នាំ ម្ដាយពោះធំក៏គ្នាឈប់រៀនទៀត។ ដូច្នេះបានអីរៀនជាប់ បានអីចេះនឹងគេ។ តាមតែខ្ញុំគន់មើល មិនមានអ្នកណាបានរៀន បានទៅធ្វើការនៅលើគោកម្នាក់ទេ»៕