អន្តរជាតិ
លោក មហាធៀ បើកឡានជូនប្រធានាធិបតីឥណ្ឌូណេស៊ីដោយផ្ទាល់
× វាជារឿងគួរឲ្យកត់សម្គាល់មួយក្នុងចំណងការទូត ដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) បានបើកឡានដោយផ្ទាល់ជូនភ្ញៀវពិសេសគឺលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវីដូដូ (Joko Widodo) ដែលមានវត្តមានបំពេញទស្សនកិច្ចផ្លូវការនៅក្នុងទឹកដីម៉ាឡេស៊ី។
តាមរយៈគណនី Twitter ផ្លូវការនៅថ្ងៃ៩ សីហាកន្លងទៅនេះ លោកប្រធានាធិបតី Joko Widodo បានបង្ហោះរូបភាពជាមួយនឹងសារខ្លីមួយយ៉ាងដូច្នេះថា៖« គឺជារឿងដ៏មានកិត្តិយសនារសៀលថ្ងៃសុក្រអំឡុងពេលទស្សនកិច្ចនៅម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី មហាធៀ បានបើកឡានជូនខ្ញុំពីកន្លែងដែលយើងប្រជុំទៅកាន់កន្លែងទទួលទានអាហារពេលល្ងាចនៅក្នុងក្រុង Putrajaya »។
តាមពិតទៅ នេះ មិនមែនជាលើកដំបូងឡើយ ដែលប្រមុខដឹកនាំប្រទេសទាំងពីរ ធ្វើដំណើររួមគ្នាក្នុងនាមជាអ្នកបើកបរ និងភ្ញៀវ។ តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post កាលពីឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី មហាធៀ ក៏បានបើកឡានជូនលោកប្រធានាធិបតី ចូកូ ក្នុងកម្មវិធីប្រកួតប្រជែងសាកល្បងមួយនៅម៉ាឡេស៊ី ដែលពេលនោះផងដែរ លោក ចូកូ បានអះអាងថា លោក មហាធៀ បានបើកក្នុងល្បឿន ១៨០ គីឡូម៉ែតក្នុងមួយម៉ោង។
គួរជម្រាបថា ប្រធានាធិបតី ចូកូ បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ម៉ាឡេស៊ីរយៈពេលពីរថ្ងៃ ដោយវត្តមានរបស់លោកប្រធានាធិបតីនៅទីនោះ មានគោលដៅជជែកជាមួយនឹងមេដឹកនាំម៉ាឡេស៊ីលើរបៀបវារៈធំពីររួមមានពង្រឹងការអប់រំសម្រាប់កុមារឥណ្ឌូណេស៊ី ដែលកំពុងរស់នៅម៉ាឡេស៊ី និងការកំណត់ព្រំដែនប្រទេសទាំងពីរ។
ជារឿងដែលគួរឲ្យចាប់អារម្មណ៍នោះ ការបើកឡានដោយផ្ទាល់របស់មេដឹកនាំវ័យជាង៩០របស់ម៉ាឡេស៊ីជូនមេដឹកនាំឥណ្ឌូណេស៊ី ក៏ជាផ្នែកមួយនៃគោលនយោបាយការទូតប្រទេសទាំងពីរ។ នៅចុងឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សារណយោគយល់ក្នុងការផលិតរថយន្តប្រចាំតំបន់អាស៊ាន ដែលជាកិច្ចសហប្រតិបត្តិការមួយក្នុងការពង្រឹងកម្លាំងការងាររោងចក្ររថយន្តស្វ័យប្រវត្តិ និងសង្វាក់នៃការផ្គត់ផ្គង់ដែលមានវត្ថុធាតុដើមនៅក្នុងតំបន់ ក៏ដូចជាបង្កើតម៉ាករថយន្តថ្មីសម្រាប់តំបន់ទៀតផង៕
Tag:
ម៉ាឡេស៊ី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com