អន្តរជាតិ
តើ​មូល​ហេតុដែល​ធ្វើ​ឲ្យ​គេ​សាងសង់​ប៉ម « La Tour Eiffel» ឡើង​?
11, Aug 2019 , 7:39 pm        
រូបភាព
​សំណង់ «​តួ អេ​ហ្វែ​ល​» ឬ​ជា​ភាសា​បារាំង «La Tour Eiffel» គឺជា​សំណង់​មួយ​ដែលជា​និមិត្តរូប​យ៉ាងសំខាន់ និង​ល្បីល្បាញ​របស់​ប្រទេស​បារាំង​។ គេ​ឧស្សាហ៍​ឃើញ​រូបភាព​របស់​សំណង់​មួយ​នេះ​នៅ​កន្លែង​ជាច្រើន​ដូចជា រូបថត គំនូរជីវចល បន្តោង​សោរ រូប Logo និង​ក៏​ជា​ឈ្មោះ​របស់​អាជីវកម្ម​មួយចំនួន​ផងដែរ​។ វា​ជា​កន្លែង​មួយ​ដែល​មនុស្ស​ជាច្រើន​ប្រាថ្នា​ទៅ​កម្សាន្ត និង​ជា​និមិត្តរូប​មួយ​ដែល​បង្ហាញ​ពី​ភាព​រ៉ូ​មែន​ទិច​។ តើ​ហេតុអ្វី​បានជា​សំណង់​ដែល​ស្ថិត​នៅឯ​ទីក្រុង​ប៉ារីស​មួយ​នេះ​មាន​មនុស្ស​ស្គាល់​ច្រើន​ម្លេះ​? តើន​រណា​គេ​ជា​អ្នក​ផ្តួចផ្តើម​កសាង​សំណង់​នេះ​ឡើង​? ហើយ​នៅក្នុង​គោលបំណង​អ្វី​?

 
La Tour Eiffel ត្រូវបាន​គេ​កសាងឡើង​ដើម្បី​រំលឹក​ខួប​ទី​១០០​ឆ្នាំ បន្ទាប់ពី​សម័យ​បដិវត្តន៍​បារាំង​កាលពី​ឆ្នាំ​១៧៨៩ និង​ក៏​សម្រាប់​ការបង្ហាញ​ពី​ភាពខ្លាំង​ក្លា​របស់​ប្រទេស​បារាំង​នៅ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ជាមួយនឹង​ការកសាង​សំណង់​អគារ​ធំៗ​ខ្ពស់ៗ​ចេញពី​លោហៈធាតុ និង​ស៊ីម៉ង់​។ គេ​ក៏បាន​កសាង​វា​ឡើង​ក្នុងអំឡុង​ពិ​ពណ៌​ពិភពលោក «Paris Exposition» ឬ «World’s Fair» ឯ​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ​១៨៨៩​ផងដែរ​។ នេះ​បើតាម​ការបកស្រាយ​ពី​គេហទំព័រ Live Science ។ 
 
​លោក Gustave Eiffel ដែលជា​វិស្វករ​ស៊ីវិល​ជនជាតិ​បារាំង​ម្នាក់ ត្រូវបាន​មហាជន​ជាច្រើន​គិតថា​ជា​អ្នក​ផ្តួចផ្តើម​គំនិត និង​ប្លង់​ដើម្បី​កសាង​សំណង់​មួយ​នេះឡើយ ដោយសារតែ​អគារ​មួយ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះ​តាម​ឈ្មោះ​របស់គាត់​។ តែ​ការពិត វិស្វករ​ពីរ​នាក់​ផ្សេងទៀត​ទៅវិញ​ទេ គឺ​លោក Maurice Koechlin និង​លោក Emile Nouguier ទៅវិញ​ទេ​ដែលជា​មនុស្ស​ដំបូង​ក្នុងការ​បង្កើត​គំនិត និង​រូបរាង​នៃ​សំណង់​នេះ​ឡើង​។ ប៉ុន្តែ​លោក​ទាំងពីរ​គឺជា​អ្នកធ្វើការ​នៅក្នុង​ក្រុមហ៊ុន​វិស្វកម្ម​របស់លោក Gustave Eiffel ។​
 
​អ្នក​វិស្វករ​ទាំងនោះ បានបង្ហាញ​គំនិត និង​ប្លង់​សំណង់ La Tour Eiffel ទៅកាន់​កម្មវិធី​ប្រកួត​មួយ​ដើម្បី​ជាការ​បង្ហាញ​សម្រាប់​ពិ​ពណ៌​ពិភពលោក​ឆ្នាំ​១៨៨៩​។ ក្រោយមក ប្លង់​សំណង់​នេះ ត្រូវបាន​ទទួលជោគជ័យ និង​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាប់ផ្តើម​ការសាងសង់​នៅក្នុង​ឆ្នាំ​១៨៨៧​។​
 
​ប៉ុន្តែ​កាលពី​ពេលនោះ មិនសូវ​ជាមាន​មនុស្ស​ច្រើន​ប៉ុន្មាន​នោះឡើយ​ដែល​ចាប់អារម្មណ៍ និង​គាំទ្រ​ការសាងសង់​សំណង់​មួយ​នេះ ដែល​លាតត្រដាង​យ៉ាងខ្ពស់​នៅក្នុង​ទីក្រុង​ប៉ារីស​។ វា​គឺជា​សំណង់​មួយ​ដែល​ធ្វើ​មក​ចេញពី​ដែក​ទាំងស្រុង ដែល​ក្នុងពេលនោះ លោហៈ​ដែក​ទើបតែ​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​សំណង់​ធំៗ​តែប៉ុណ្ណោះ ហើយ​ប្រើប្រាស់​លោហៈ​ដែក​គឺ​ត្រូវបាន​គេ​បង្កប់​នៅក្នុង​សាច់​ថ្ម ឬ​ស៊ីម៉ង់ មិនមែន​លេច​ចេញមក​ទាំងស្រុង​ដូច La Tour Eiffel នោះទេ​។ 
 
​អ្នក​តវ៉ា​ប្រឆាំង​ប្រមាណ​ជា​៣០០​នាក់ ក្នុងនោះ​មានដូចជា វិចិត្រករ អ្នក​ឆ្លាក់​រូប អ្នកនិពន្ធ និង​ស្ថាបត្យករ បានទាមទារ​ឲ្យ​ក្រុមហ៊ុន​វិស្វកម្ម​មួយ​នេះ​បញ្ឈប់​ការសាងសង់​សំណង់ La Tour Eiffel ដោយសារតែ​រូបរាង​ដ៏​មិន​ទាក់ទាញ​របស់​វា​។ គេ​ហៅ​វា​ថា ដូចជា​បំពង់ផ្សែង​ដ៏​ធំ​ចង្អៀត​ពណ៌​ខ្មៅ​មួយ​។ តែ​គេ​មិនបាន​អើពើ​ជាមួយនឹង​ការតវ៉ា​នេះ​ទេ ហើយ​ការសាងសង់ ត្រូវបាន​គេ​សម្រេច​រួចរាល់​នៅ​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​១៨៨៩​។​
 
​សំណង់​មួយ​នេះ ត្រូវការ​គ្រាប់​ខ្ចៅ​ធំៗ​ចំនួន​ប្រមាណ​ជា​២​លាន​៥​សែន​គ្រាប់ និង​លោហៈ​ដែក​ប្រមាណ​៧៣០០​តោន សរុប​គឺ​ប្រមាណ​១​ម៉ឺន​តោន​។ គេ​ត្រូវការ​ថ្នាំលាប​ចំនួន​៦០​តោន ក្នុងការ​លាប​សំណង់​នេះ​ទាំងមូល​។ មកដល់​ពេលបច្ចុប្បន្ន La Tour Eiffel ត្រូវបាន​គេ​លាបថ្នាំ​ពណ៌​ចំនួន​១៨​ដង​មកហើយ​។ 
 
​គោលបំណង​មួយ​របស់លោក Gustave គឺថា​លោក​ចង់បង្ហាញ​មហាជន​អំពី​កម្លាំង​នៃ​លោហៈ​ធាតុដែក ក្នុងន័យ​ថា ដែក​មាន​ភាពរឹងមាំ ទោះបីជា​វា​ស្រាល​ជាង​ថ្ម​មែន​ក្តី​។ គេ​ចំណាយ​ប្រាក់​អស់​ជិត​៨​លាន​ហ្វ្រ​ង់​បារាំង ឬ​ប្រមាណ​ជា​៤០​លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ជាមួយនឹង​តម្លៃ​ប្រាក់​សព្វថ្ងៃ​។ វា​មាន​កម្ពស់​៣០០​ម៉ែត្រ ឬ​៣២៤​ម៉ែត្រ​បើ​គិត​ជាមួយនឹង​អង់​តែ​ន​ស្រួច​នៅ​ខាងលើ​។ La Tour Eiffel ឈរ​ជា​សំណង់​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​រហូតដល់​ឆ្នាំ​១៩៣០ នៅពេលដែល​អគារ Chrysler បាន​បំបែក​កំណត់ត្រា​កម្ពស់​មួយ​នេះ​នៅឯ​ទីក្រុង​ញ៉ូ​យក​។ ជនជាតិ​បារាំង​បានដាក់​ឈ្មោះ​ក្រៅ​សម្រាប់​សំណង់​នេះ​ថា​«La Dame der Fer» ឬ​មានន័យថា​«​ស្ត្រី​ដែក​»​។​
 
​តួរ​នាទី​របស់​សំណង់​មួយ​នេះ ត្រូវដាក់​បង្ហាញ​ពី​ការ​រចនា​ម៉ូត​បែប​សម័យថ្មី ទំនើប​ជាមួយនឹង​លោហៈធាតុ ជៀស​ជាង​ថ្ម ឬ​ឈើ​។ វា​ក៏បាន​បង្ហាញ​ពី​វិស្វកម្ម​របស់​ប្រទេស​បារាំង​ក្នុង​ការកសាង​សំណង់​ជាមួយនឹង​បរិមាណ​ដែក​ដ៏​ច្រើន​មហិមា​ផងដែរ​។ វា​ក៏​ជា​កន្លែង​មួយ ដែល​មនុស្ស​គ្រប់គ្នា​អាច​ទស្សនា​សម្រស់​របស់​ទីក្រុង​ពី​កម្ពស់​ខ្ពស់ ដែល​កាលពីមុន គេ​ត្រូវ​ប្រើប្រាស់​បា​ឡុង​ខ្យល់​ក្តៅ​ក្នុងការ​បង្ហោះ និង​ទស្សនា​ទីក្រុង​ពីលើ​មេឃ វា​មួយ​នឹង​តម្លៃ​ថ្លៃ​។ 
 
​គេ​បាន​កំណត់ថា La Tour Eiffel នឹងត្រូវ​រុះរើ​ចេញ​ក្នុង​រយៈពេល​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ តែ​ក្រោយមក ការស្រឡាញ់​របស់​មនុស្ស​ចាប់ផ្តើម​មានការ​កើនឡើង​បន្តិច​ម្តងៗ​ទៅកាន់​វា​។ ចំណុច​អង់​តែ​ន​របស់​សំណង់​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​តេ​លេ​ក្រា​ហ្វ​ពី​ប៉ារីស​ទៅកាន់​នាវា​នានា​នៅឯ​សមុទ្រ​អា​ត្ល​ង់​ទិច​ក្នុងសម័យ​សង្គ្រាមលោកលើកទី​១​។ តាំងពី​ឆ្នាំ​១៨៨៩​មក La Tour Eiffel បាន​ទាក់ទាញ​អ្នកទស្សនា​ជាង​២៥០​លាន​នាក់ ដែល​ក្រោយមក ក្នុង​មួយឆ្នាំៗ​មាន​ទេសចរណ៍​មិន​ក្រោម​៧​លាន​នាក់​នោះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com