អន្តរជាតិ
នូវែលសេឡង់ គ្រោងអនុញ្ញាតិឲ្យមានការរំលូតកូនដោយស្របច្បាប់ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern (រូបភាព៖ Washington Post)
×
ដោយ ឈួន ឈីវអ៊ីង
រដ្ឋាភិបាលណូវែលសេឡង់ បានបង្កើតសេចក្ដីព្រាងច្បាប់ដែលបើកផ្លូវឲ្យការរំលូតកូនធ្វើឡើងដោយស្របច្បាប់។ សេចក្ដីព្រាងច្បាប់នេះ នឹងអនុញ្ញាតឲ្យស្ត្រីសម្រេចចិត្តថាគួររក្សា ឬទុកគភ៌ក្នុងរយៈពេល ២០សប្តាហ៍ អំឡុងពេលមានផ្ទៃពោះដំបូង។
ស្ត្រីអាចទទួលបានសិទ្ធិក្នុងការរំលូតកូន ដរាបណាមានវេជ្ជបណ្ឌិត ពីរូបបញ្ជាក់ថាការពពោះនោះអាចនឹងមានគ្រោះថ្នាក់ដល់សុខភាពផ្នែកស្មារតី ផ្លូវចិត្ត និងរូបរាងកាយរបស់គេ។ នេះបើតាមសេចក្ដីព្រាងច្បាប់ថ្មីដែលរៀបចំដោយរដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ដែលផ្សាយដោយទូរទស្សន៍អូស្ត្រាលី ABC។
បន្ទាប់ពីមានផ្ទៃពោះ ២០សប្តាហ៍ គ្រូពេទ្យដែលផ្តល់សេវារំលូតកូនត្រូវ ជឿទុកចិត្តថា សុខភាពផ្លូវចិត្តនិងរាងកាយរបស់ស្ត្រី គឺល្អគ្រប់គ្រាន់សម្រាប់ការរំលូតកូននេះ។ ប្រសិនបើសំណើនេះត្រូវបានអនុម័ត ស្ត្រីដែលមានបំណងចង់រលូតកូនមិនចាំបាច់ទទួលយកការប្រឹក្សាក្នុងអំឡុងពេល ២០សប្តាហ៍ទៀតឡើយ។ ច្បាប់នេះក៏អនុញ្ញាតឱ្យមានតំបន់សុវត្ថិភាព សម្រាប់អ្នកផ្តល់សេវារំលូតកូន ដើម្បីការពារការរំខានពីក្រុមអ្នកប្រឆាំងនឹងការរំលូតកូន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នូវែលសេឡង់ លោក Andrew Little បាននិយាយថា វាល្មមដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ ហើយសុវត្ថិភាពក្នុងការរំលូតកូនគួរតែត្រូវបានយកចិត្តទុកដាក់ដូចនឹងបញ្ហាសុខភាពដោយស្ត្រីម្នាក់ៗមានសិទ្ធិទទួលបានការសម្រេចចិត្តចំពោះកូនៗរបស់ពួកគេ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC ។
ក្រុមយុទ្ធនាការប្រឆាំងនឹងការរំលូតកូន Voice for Life បានពិពណ៌នាសេចក្តីព្រាងច្បាប់នេះថាជាការរំខានយ៉ាងខ្លាំង។ នៅឯសភានូវែលសេឡង់ គេក៏ឃើញមានការមិនចុះសម្រុងគ្នាចំពោះសេចក្តីព្រាងច្បាប់នេះនៅឡើយដែរ។ យ៉ាងណាមិញ ការបោះឆ្នោតនេះ នឹងធ្វើឡើងក្រោមក្របខណ្ឌមនសិការ។ មានន័យថា សមាជិកសភានឹងមិនចាំបាច់បោះឆ្នោតតាមគោលការណ៍គណបក្សឡើយ គឺបោះឆ្នោតតាមមតិខ្លួនឯងផ្ទាល់៕
Tag:
នូវែលសេឡង់
រំលូតកូន
© រក្សាសិទ្ធិដោយ thmeythmey.com