អន្តរជាតិ
សង្គ្រាម​ឧបទ្វីប​កូរ៉េ​៖ សង្គ្រាម​មួយ​ដែល​សឹងតែ​ត្រូវបាន​គេ​បំភ្លេចចោល​
11, Aug 2019 , 9:19 pm        
រូបភាព
​ចាប់តាំងពី​សង្គ្រាមលោក​លើកទីមួយ​បិទ​បញ្ចប់​នា​ដើម​សតវត្សរ៍​ទី​២០​មក សង្គ្រាម​រវាង​រដ្ឋ​មហាអំណាច​ជាច្រើន​កន្លែង​ទៀត បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ ជាមួយនឹង​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​អាវុធ បច្ចេកទេស​សង្គ្រាម រួមទាំង​ភាព​ឆាប់រហ័ស និង​ងាយស្រួល​ក្នុងការ​ធ្វើការ​ទំនាក់ទំនង​។

 
​សហរដ្ឋអាមេរិក ក៏​ជា​ប្រទេស​មហាអំណាច​មួយ ដែលមាន​វត្តមាន​នៅក្នុង​សង្គ្រាម​ធំៗ​មួយចំនួន​ផងដែរ ជាពិសេស​ចាប់ពី​ពាក់កណ្តាល​នៃ​សតវត្សរ៍​ទី​២០​មក ជាមួយនឹង​ការ​ដុះដាល​នៃ​ក្រុម​រដ្ឋ​សង្គមនិយម និង​រដ្ឋ​កុម្មុយនីស្ត ជាពិសេស​គឺ​សហភាពសូវៀត​។ ក្រៅពី​សង្គ្រាម​វៀតណាម និង​សង្គ្រាមលោកលើកទីពីរ ដែលមាន​ការចូលរួម​ពី​សហរដ្ឋអាមេរិក នៅមាន​សង្គ្រាម​មួយទៀត កើតឡើង​ក្នុងអំឡុងពេល​ដំណាលគ្នា ដែល​មនុស្ស​ភាព​ច្រើន​សឹងតែ​បំភ្លេចចោល​ពី​ការចងចាំ និង​ពី​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។​
 
​គេ​ដាក់ឈ្មោះ​សង្គ្រាម​នោះ​ថា «The Forgotten War» ឬ​មានន័យ​ជា​ភាសា​ខ្មែរ​ថា «​សង្គ្រាម​ដែល​ត្រូវបាន​បំភ្លេចចោល​»​។ នេះ គឺជា​សង្គ្រាម​ដែល​បានធ្វើ​ឲ្យ​ប្រទេស​បងប្អូន​កូរ៉េ​ទាំងពីរ ដែល​មនុស្ស​ទូទៅ​សព្វថ្ងៃ​ស្គាល់ បែប​បាក់​ជា​ពីរ​កំណាត់​។ ជម្លោះ​ដែលមាន​រយៈពេល​បី​ឆ្នាំនេះ បាន​ផ្លាស់ប្តូរ​ជោគវាសនា​រប​ស់​ពិភពលោក ទាំង​ផ្នែក​ប្រជាសាស្ត្រ នយោបាយ និង​សេដ្ឋកិច្ច​។ 
 
​ដោយ​ដកស្រង់​ពី​ការចុះផ្សាយ​របស់​កាសែត​អាមេរិក New York Times សង្គ្រាម​កូរ៉េ បានចាប់ផ្តើម​ពី​ឆ្នាំ​១៩៥០ រហូត​ទៅដល់​ឆ្នាំ​១៩៥៣​។ ទោះបីជា​យ៉ាងនេះ​ក្តី រឿងរ៉ាវ​ដែល​បាន​ជំរុញ​ឲ្យ​ផ្ទុះ​សង្គ្រាម​កូរ៉េ​នេះ បានចាប់កំណើត​ឡើងជា​ច្រើន​ឆ្នាំមុន ពោលគឺ​តាំងពីដើម​សតវត្សរ៍​ទី​២០​មកម្ល៉េះ​។ គិត​ចាប់ពី​ឆ្នាំ​១៩១០ រហូតមកដល់​ឆ្នាំ​១៩៤៥ ប្រទេស​កូរ៉េ ត្រូវបាន​គ្រប់គ្រង​ដោយ​មហាអំណាច​ជប៉ុន និង​ក្រោយមក នៅពេលដែល​ជប៉ុន​បាន​ចាញ់​សង្គ្រាមលោកលើកទីពីរ កូរ៉េ​ក៏បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ស​ហ​រដ្ឋ​អាមេរិក និង​សហភាពសូវៀត​។ 
 
​កាលនោះ សហរដ្ឋអាមេរិក បាន​ចង់​បង្កើត​ព្រំដែន​បណ្តោះអាសន្ន​មួយ​នៅ​ចន្លោះ​ខ្សែបន្ទាត់​ទី​៣៨​នៃ​ផែនទី​ពិភពលោក រវាង​ទឹកដី​កូរ៉េខាងជើង និង​ខាងត្បូង ក្នុង​ហេតុផល​ការពារ​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់ ប្រឆាំង​និង​ឥទ្ធិពល​របស់​សូ​វៀត​។ នេះ​ជាការ​លើកឡើង​របស់​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​សង្គ្រាម​កូរ៉េ លោក Charles K. Armstrong នៅឯ​មហាវិទ្យាល័យ Columbia ។ លោក​ក៏បាន​និយាយ​ផងដែរ​ថា​៖ «​ការញែក​កូរ៉េ​ជា​ពីរ​នេះ គឺជា​អ្វីដែល​មិន​ធ្លាប់​ត្រូវបាន​នរណា​ធ្វើឡើង​ពីមុនមក​ឡើយ​»​។ 
 
​នៅក្នុង​ឆ្នាំ​១៩៤៨ ផ្នែក​រដ្ឋាភិបាល​ដែល​គាំទ្រ​ការដឹកនាំ​តាម​លទ្ធិប្រជាធិបតេយ្យ នៅ​ពីក្រោយ​ដោយ​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោក Syngman Rhee បានប្រកាស​ដែន​គ្រប់គ្រង​របស់ខ្លួន​ជា «​សាធារណរដ្ឋ​កូរ៉េ​» ។ ក្នុងពេល​នោះដែរ រដ្ឋាភិបាល ដែល​គាំទ្រ​ការដឹកនាំ​តាម​លទ្ធិកុម្មុយនីស្ត បានប្រកាស​ខ្លួន​ជា «​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​» ក្រោម​ការដឹកនាំ​របស់​លោក Kim Il Sung ។ 
 
​របប​ទាំងពីរ​នេះ មិនទាន់មាន​ស្ថិរ​ភាពល្អ​ជាង​គ្នា​ប៉ុន្មាន​សោះឡើយ ដោយ​ច្រានចោល​នូវ​របប​ដឹកនាំ​ពី​ដៃគូ​ម្ខាង​ទៀត​រៀងៗ​ខ្លួន និង​តែងតាំង​របប​ខ្លួនឯង​ថា​ជា របប​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ឧបទ្វីប​កូរ៉េ​។ កងទ័ព​សហរដ្ឋអាមេរិក​ជាច្រើនរូប បានមក​ចូលរួម​ក្នុង​សង្គ្រាម នៅពេលដែល​កងទ័ពរ​បស់​កូរ៉េខាងត្បូង​មិនអាច​ទប់ទល់​ទៅរួច​ជាមួយនឹង​កាលៈទេសៈ​មួយ​នេះ​។ 
 
​ឯ​នៅ​កូរ៉េខាងជើង​វិញ សូ​វៀត និង​ចិន ក៏បាន​ចូលរួម​ក្នុងការ​ផ្តល់​ជា​ជំនួយ​ផ្នែក​សម្ភារ​សឹកសង្គ្រាម ទ័ព និង​យុទ្ធសាស្ត្រ​សង្គ្រាម​ផងដែរ​។ ជម្លោះ​មួយ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ​ពី​បី ទៅ​បួន​លាន​នាក់ តែ​តួលេខ​ពិតប្រាកដ​វិញ​នោះ ពុំ​ត្រូវបាន​គេ​បញ្ចេញ​មក​ក្រៅ​នោះទេ ជាពិសេស​ជាមួយនឹង​ភាគី​ជម្លោះ​ខាងជើង​។ ប្រមាណ​ជា​៧០​ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​ស្លាប់​គឺជា​ពលរដ្ឋ​ទូទៅ​ធម្មតា​។ ប្រទេស​ទាំងពីរ បាន​ទទួលរង​ការខូចខាត​មិនតិច ឬ​ច្រើនជាង​គ្នា​ប៉ុន្មាន​នោះទេ​។ 
 
​ជម្លោះ​ភាគច្រើន កើតឡើង​នៅ​ចន្លោះ​ព្រំដែន​នៃ​ភាគី​ទាំងពីរ ជាពិសេស​នៅ​តំបន់​គ្មាន​យោធា (DMZ) ។ ជារួម សង្គ្រាម​កូរ៉េ មកទល់​សព្វថ្ងៃ មិនទាន់បាន​បញ្ចប់​ជា​ស្ថាពរ​រួច​ស្រាច់​នៅឡើយ​ទេ​។ កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​មួយ ធ្វើឡើង​នៅក្នុង​ឆ្នាំ​១៩៥៣ ត្រូវបាន​ចូលរួម​គាំទ្រ​ដោយ ប្រទេស​ចិន សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​។ ប៉ុន្តែ​កូរ៉េខាងត្បូង​មិនបាន​ទទួលស្គាល់​កិច្ច​ព្រៀង​ព្រាង​នេះ​ទេ​។ រហូតមកដល់​ពេលបច្ចុប្បន្ន គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ណាមួយ​ដែល​បង្ហាញ​ពី​សន្តិភាព​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​ផ្នែក​នៅឡើយ​។ 
 
​សង្គ្រាម​មួយ​នេះ​ក៏​ជា​ផ្នែក​មួយ​សម្រាប់​សហរដ្ឋអាមេរិក ក្នុងការ​ពង្រីក​វិសាលភាព​របស់ខ្លួន​ក្នុងការ​បង្កើត​មូលដ្ឋានទ័ព​នៅក្រៅ​ប្រទេស​។ ច្រើន​ទសវត្សរ៍​ក្រោយមក កូរ៉េ​ទាំងពីរ បានទទួល​ជោគវាសនា​ខុសគ្នា​ក្នុងការ​រស់នៅ និង​ការដឹកនាំ​ប្រទេស ក្រោម​របប​ដាច់ដោយឡែក​ពីគ្នា​។ ប្រទេស​កូរ៉េខាងត្បូង​បាន​ក្លាយទៅជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​នៅក្នុង​តំបន់ ចំណែកឯ​ប្រទេស​កូរ៉េខាងជើង​វិញ​បានក្លាយ​ទៅជា​រដ្ឋ​មួយ​ដែលមាន​ឥទ្ធិពល​ខ្លាំង​គួរសម​ជាមួយ​អំណាច​យោធា​របស់ខ្លួន​៕

Tag:
 ​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com