អន្តរជាតិ
ឌូ​ទើ​តេ គ្រោង​ទៅ​ចិន​ជា​លើក​ទី​៥ ខណៈ​ចំណង​មេត្រីភាព​ទ្វេភាគី​កំពុង​ស្អិតល្មួត​
12, Aug 2019 , 8:39 am        
រូបភាព
ដោយ:
​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ចុងខែ​សីហា​ខាងមុខនេះ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​ជា​លើក​ទី​ប្រាំ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​។ តាម​ផែនការ មេដឹកនាំ​ហ្វីលីពីន​រូបនេះ ក៏​គ្រោង​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដាក់​លើ​តុ​ចរចា​ជាមួយនឹង​សម​ភាគី​ចិន​ផងដែរ​។

 
​គិត​ចាប់ពី​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៦​មក លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​កាច់​ច​ង្កូ​ច​នាវា​របស់​របស់​ហ្វីលីពីន​ឆ្ពោះទៅកាន់​ចិន ខុសពី​អាណត្តិ​ដឹកនាំ​មុនៗ ដែល​មើលឃើញ​ចិន ជា​គូប្រជែង និង​ជា​ដៃគូ​មិនគួរ​ទុកចិត្ត​ឡើយ​។ សម្រាប់​អាណត្តិ​របស់លោក ឌូ​ទើ​តេ បញ្ហា​ទ្វេភាគី​ជាពិសេស​នោះ​ជម្លោះទឹកដី លោក​មិន​បោះបង់​ឡើយ ក៏ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស ដែល​ត្រូវការ​ជំនួយ​ពី​ចិន គឺជា​ការងារ​អាទិភាព ដែល​លោក​មិនអាច​មើលរំលង​បានឡើយ​។​
 
​តាម​ការអះអាង​របស់​អ្នក​ពាក្យ​ប្រធានាធិបតី លោក Salvador Panelo ដំណើរ​ទស្សនកិច្ច​រប​ស់លោក ឌូ​ទើ​តេ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់លោក ដែលថា មុនពេល​បញ្ចប់​អាណត្តិ​ដឹកនាំ លោក ត្រូវតែ​លើកយក​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដាក់​លើ​តុ​ដើម្បី​ជជែក​ជាមួយនឹង​សម​ភាគី​ចិន លោក​ប្រធានាធិបតី ស៊ី ជិន​ពីង​។ 
 
​ជាមួយគ្នានេះ លោក​ប្រធានាធិបតី ឌូ​ទើ​តេ នៅ​ថ្ងៃ​៨ សីហា​កន្លងទៅ ក៏បាន​ឲ្យ​ដឹងថា លោក មាន​ផែន​ការជជែក​ជាមួយនឹង​ចិន​លើ​កិច្ចព្រមព្រៀង​រុករក​ប្រេង​នៅក្នុង​តំបន់​រួម​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ លោក គូសបញ្ជាក់ថា លោក មិនមាន​អ្វីដែល​ត្រូវ​ជំទាស់​នោះទេ​ក្នុង​ការចរចា​ជាមួយនឹង​ចិន​លើ​ការបែងចែក​ផលប្រយោជន៍​នេះ ហើយ​លោក ក៏បាន​ដាក់​គោលដៅ​រួចហើយ​ដែរ បើ​ចិន ព្រម​ទទួលយក​ការបែងចែក ៦0-៤០ រវាង​ហ្វីលីពីន​-​ចិន លោក នឹង​ឯកភាព​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ ABS-CBN​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក  Zhao Jianhua អគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីលីពីន នៅតែ​៩ សីហា បានចេញ​សារ​រម្លឹក​ហ្វីលីពីន​ដោយ​ប្រយោល​ជាមុន​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​ប្រធានបទ​ជជែក​ជាមួយនឹង​មេដឹកនាំ​ចិន​។ លោក​អគ្គរដ្ឋទូត បានប្រកាស​ជា​ចំហ​ពី​គោលជំហរ​មិន​ប្រែប្រួល​របស់​ចិន​ក្នុង​ការមិនទទួលស្គាល់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ឆ្នាំ​២០១៦ ជាដាច់ខាត​។ 
 
​បេសកជន​ការទូត​របស់​ចិន​រូបនេះ បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ចំណង​មា​ត្រី​ភាព​រវាង​ចិន និង​ហ្វីលីពីន ក្រោម​ការដឹកនាំ​របស់​លោក ឌូ​ទើ​តេ នឹងមិន​ត្រូវបាន​ប៉ះពាល់​ដោយសារតែ​ផែនការ​នៃ​ការយក​បញ្ហា​ទៅ​ជជែក​ជាមួយនឹង​មេដឹកនាំ​ចិន​ឡើយ​។ លោក ក៏​ជឿជាក់​ដូចគ្នា​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន នឹងមិន​ក្រេវក្រោធ នៅពេលដែល​ជជែក​ជាមួយនឹង​ប្រធានាធិបតី​ចិន​ផងដែរ​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា នៅក្នុង​អាណត្តិ​មុន អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ ស្តីពី​ការរំលោភ​ដែន​អធិបតេយ្យ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ រហូតដល់​ឆ្នាំ​២០១៦ ដែលជា​ពេល​លោក ប៊ែ​រ​នី​ណូ ផុត​អាណត្តិ​ហើយ លោក​ឌូ​ទើ​តេ ឡើងកាន់​អំណាច តុលាការ បានប្រកាស​សាលក្រម ដោយ​អះអាង​ច្បាស់ៗ​ថា សកម្មភាព​គ្រប់គ្រង​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មិន​ស្របច្បាប់​សមុទ្រ​អន្តរជាតិ​ឡើយ​៕ 
 

Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com