អន្តរជាតិ
«​ក្លិន​ផោម​» បង្ខំ​ឲ្យ​សមាជិកសភា​កេ​នយ៉ា​ផ្អាក​អង្គប្រជុំ​បន្ទាន់
11, Aug 2019 , 4:59 pm        
រូបភាព
ដោយ:
​ការតស៊ូ​មតិ​ដ៏​ក្តៅគគុក​មួយ ត្រូវបាន​រំខាន ដោយសារ​ក្លិន​ផោម ហើយ​បង្ក​ជាការ​ខឹងសម្បារ និង​ឈានដល់​ការ​ចង្អុលមុខ​សមាជិកសភា​តំបន់នៅកេ​ន​យ៉ា​ម្នាក់​ផង​។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​អស់សំណើច​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ ទី​៧ សីហា ។

 
​អង្គប្រជុំ​មួយ​ដែលមាន​ការចូលរួម​ពី​សមាជិកសភា​កេ​ន​យ៉ា​ត្រូវ​ផ្អាក បន្ទាប់ពី​សមាជិកសភា​ម្នាក់​ឈ្មោះ Julius Gaya  ស្នើ​ទៅកាន់​ប្រធានសភា ដោយសារ​លោក​អត់ទ្រាំ​មិនបាន​នឹង​ក្លិន​ផោម​។ 
 
​តំណាងរាស្ត្រ​រូបនោះ​បាន​ថ្លែងថា​៖«​ប្រធានសភា​ដ៏​ខ្ពង់ខ្ពស់ សមាជិកសភា​ម្នាក់ ក្នុងចំណោម​ពួកយើង បាន​បំពុល​ខ្យល់ ហើយ​ខ្ញុំ​ដឹងថា ម្នាក់​នោះ​ជា​នរណា​»​។ នេះ​បើតាម​សារព័ត៌មាន BBC ដែល​ដកស្រង់​ប្រភពព័ត៌មាន​ក្នុងស្រុក​កេ​ន​យ៉ា​។​
 
​និយាយ​ចប់​ភ្លាម លោក​ថែមទាំង​បាន​ចង្អុល​ទៅកាន់​សមាជិកសភា​ម្នាក់ ដែល​ខ្លួន​គិតថា ជា​អ្នក​បញ្ចេញ​ក្លិន​ផោម​នេះ​ថែមទៀត​។​
 
​យ៉ាងណាមិញ សមាជិកសភា ដែល​រង​ការចោទប្រកាន់ថា​បាន​ផោម​ក្នុងពេល​ប្រជុំ​នោះ បាន​ចេញមុខ​បដិសេធ ដោយ​អះអាងថា ខ្លួន​ពុំ​អាចធ្វើ​រឿង​បែបនេះ​ទៅរួច​នៅ​ចំពោះមុខ​សមាជិកសភា​ផ្សេង​ទៀតឡើយ​។​
 
​ដោយ​ទ្រាំ​នឹង​ក្លិនស្អុយ​លែង​បាន ប្រធានសភា​កេ​ន​យ៉ា លោក Edwin Kakach បានចេញ​បញ្ជា​ឲ្យ ផ្អាក​អង្គប្រជុំ និង​អនុញ្ញាត​ឲ្យ​ពួកគេ​ចេញ​ក្រៅ​ដើម្បី​ស្រូបយក​ខ្យល់​ល្អ​។ ជាមួយគ្នានេះ លោក ក៏ បាន​បញ្ជា​ឲ្យ​គេ​បាញ់​ខ្យល់​ក្រអូប​ទៅក្នុង​បន្ទប់​ប្រជុំ ដោយ​បញ្ជាក់​ច្បាស់ៗ​ថា «​ក្លិន Vanilla ឬ Straweberry » ល្អ​បំផុត​។  
 
​តាម​ប្រភព​ដដែល លោក Edwin បាន​និយាយប្រាប់​អង្គប្រជុំ​ថា​៖ «​យើង ពុំ​អាច​បន្ត​អង្គុយ​ក្នុង​បរិស្ថាន​មួយ ដែលមាន​ក្លិន​អាក្រក់​ឡើយ​»​។ យ៉ាងណាមិញ ក្រោយពី​ក្លិនស្អុយ​បាន​រសាត់​បាត់អស់​ទៅ ប្រធានសភា​រូបនេះ ក៏បាន​បញ្ជា​ឲ្យ​អង្គប្រជុំ​ទាំងមូល​ចាប់ផ្តើម​ឡើងវិញ​ទៀត​៕
 

Tag:
 កេ​ន​យ៉ា​
  សភា​
  ព័ត៌មាន​ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com