ជាតិ
និស្សិត​និង​បុគ្គលិក​សាកលវិទ្យាល័យ​៨៧​នាក់​នៅ​កម្ពុជា បាន​អាហារូបករណ៍ Erasmus+ របស់​EU
11, Aug 2019 , 5:59 pm        
រូបភាព
​និស្សិត​២០​នាក់ និង​បុគ្គលិក​សក​វិទ្យាល័យ​៦៧​នាក់​ទៀត​នៅ​កម្ពុជា បានទទួល​អាហារូបករណ៍ Erasmus+ បន្ត​ការសិក្សា​នៅ​ប្រទេស​អូទ្រីស បារាំង អាល្លឺម៉ង់ អ៊ីតាលី លី​ទុយ​អា​នី ប៉ូឡូញ ព័រទុយហ្កាល់ រ៉ូ​ម៉ា​នី អេ​ស្ប៉ា​ញ ស៊ុយអែត និង​តួ​ក​គី រយៈពេល​១​ឆ្នាំ​។ កម្មវិធី​នេះ គឺ​សិក្សា​ចល័ត​ផ្ទេរ​ក្រេ​ឌី​ត​ជា​អន្តរជាតិ (International Credit Mobility) មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចម្រុះ​សាកលវិទ្យាល័យ ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត​ជាមួយនឹង​ការឧបត្ថម្ភ​អាហារូបករណ៍​ពេញលេញ​។​នេះ​បើតាម​ការបញ្ជាក់​របស់ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី Erasmus នា​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​។

 
​លោក George Edgar បាន​បញ្ជាក់ថា គិតពី​ឆ្នាំ​២០០៥​ដល់​២០១៩ មាន​និស្សិត​និង​បុគ្គលិក​សាកលវិទ្យាល័យ​៩០០​នាក់ ដែល​ទទួលបាន​អាហារូបករណ៍ Erasmus+ ទៅ​សិក្សា​នៅ​សហភាព​អឺរ៉ុប​។ កម្ពុជា ទទួលបាន​អាហារូបករណ៍​នេះ​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ប្រទេសជិតខាង ដូចជា ថៃ និង​វៀតណាម​។ 
 
«​យើង​ត្រូវមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ឱកាស​អាហារូបករណ៍​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ហើយ​នេះ​គឺជា​មូល​ហេតុដែល​ប្រតិភូ​សហភាព​អឺរ៉ុប សមាគម​អតីត​និស្សិត Erasmus Mundus កម្ពុជា និង​ក្រុមហ៊ុន​ពិធីការ ANUSSA  រួមគ្នា​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​អាហារូបករណ៍​»​។ នេះ​ជាការ​លើកឡើង​របស់លោក George Edgar​។ 


 
​កញ្ញា ឡាយ ស៊ីវ​ហុង ជា​និស្សិត ដែល​បានបញ្ចប់​កា​សិក្សា​កម្មវិធី​អាហារូបករណ៍​នៅ​សហភាព​អឺរ៉ុប បាន​លើកឡើងថា ដើម្បី​ត្រៀមខ្លួន​ទទួលបាន​រូបករណ៍​នេះ ក្រៅពី​ពង្រឹង​កា​រៀនសូត្រ​ឲ្យ​បាន​ពិន្ទុ​ល្អ គឺ​ត្រូវមាន​ការចូល​រួមការ​ងារ​សង្គម ដើម្បី​ឲ្យ​ទទួលបាន​បទពិសោធ​ច្រើន​។ 
​រីឯ​កញ្ញា ហ៊ួ​រ ពៅ​រតនៈ ជា​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍ ត្រូវ​ចេញទៅ​សិក្សា​បណ្ដា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​នៅ​ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា សម្រាប់​អ្នក​ចង់​ដាក់​អាហារូបករណ៍​ទៅ​ក្រៅប្រទេស ត្រូវ​ពង្រឹងសមត្ថភាព ជាពិសេស​ភាសា​អង់គ្លេស និង​យល់​ឬ​អាន​ច្បាស់​សម្រាប់​តម្រូវ​របស់​អាហា​រូបកណ៍​នៃ​ការដាក់​ពាក្យ​។ 
 
​ទន្ទឹមនឹងនេះ លោក George Edgar បាន​បញ្ជាក់ថា កម្មវិធី​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចម្រុះ​សាកលវិទ្យាល័យ គឺជា​កម្មវិធីសិក្សា​អន្តរជាតិ​កម្រិត​ខ្ពស់ ធ្វើឡើង​រួមគ្នា​នៅតាម​សាកលវិទ្យាល័យ​ជាច្រើន ដែល​ត្រូវការ​ចំណាយពេល​ចន្លោះ​ពី​១២​ទៅ​២៤​ខែ​។ កម្មវិធី​អាហារូបករណ៍​នេះ បើកទូលាយ​ទៅកាន់​បេក្ខជន​ទូទាំង​សកលលោក តាមរយៈ​ដំណើរការ​ដែលមាន​លក្ខ​ណៈ​ប្រកួតប្រជែង​ខ្លាំង ហើយ​ពុំមាន​ការកំណត់​កូតា សម្រាប់​ផ្ដល់​អាហារូបករណ៍​ដល់​ប្រទេស និង​តំបន់​ណា​នោះឡើយ​។ ជាទូទៅ ការបើកទទួល​ពាក្យសុំ គឺធ្វើឡើង​ក្នុង​ខែតុលា និង​បិទ​ក្នុង​ខែ មករា នៅ​ឆ្នាំ​បន្ទាប់​។ 
 
​ស្របពេល​ជាមួយគ្នានេះដែរ បុគ្គលិក​សិក្សា​ប្រមាណ​៣៦​នាក់ មកពី​សាកលវិទ្យាល័យ​ចំនួន ២៣​មកពី​ប្រទេស​ចំនួន​៨ ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ មក​បង្រៀន​រហូតដល់​រយៈពេល​២​ខែ​ក្នុង​សាកលវិទ្យាល័យ​ចំនួន​៧​នៅ​កម្ពុជា ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ សាកលវិទ្យាល័យ​លីម​កុក​វី​ង សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាកលវិទ្យាល័យ​អន្តរជាតិ ក្រោម​គម្រោង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រវាង​សាកលវិទ្យាល័យ​ដែល​កំពុង​បន្ត​អនុវត្ត​នាពេល​បច្ចុប្បន្ននេះ​៕ 
 

Tag:
 និស្សិត​
  អាហារូបករណ៍​
  Erasmus
  EU
© រក្សាសិទ្ធិដោយ thmeythmey.com