អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ដាស់តឿនមន្ត្រីឲ្យទប់ស្កាត់ភ្លើងឆេះព្រៃ បើមិនចង់ខ្មាសអ្នកជិតខាង រូបភាព៖ AFP
× ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានក្រើនរម្លឹក និងព្រមានដល់ភ្ញាក់ងារពាក់ព័ន្ធឲ្យបន្តកិច្ចប្រឹងប្រែងទ្វេដងក្នុងការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដែលជាហេតុបង្កឲ្យមានអព្ទ័ពាសពេញផ្ទៃឱកាសរបស់ប្រទេសក្នុងស្រុក និងប្រទេសជិតខាង។ លោក ចូកូ មិនចង់ឲ្យបញ្ហាដដែលៗនេះ គំរាមកំហែងដល់សេដ្ឋកិច្ច ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ប្រទេសទៀតនោះទេ។
បញ្ហាអ័ព្ទដែលបណ្តាលមកពីការដុត និងឆេះព្រៃនៅឥណ្ឌូណេស៊ី បានក្លាយជាក្តីបារម្ភមួយមិនត្រឹមតែសម្រាប់ឥណ្ឌូណេស៊ីប៉ុណ្ណោះនោះទេ តែក៏សម្រាប់ប្រទេសតំបន់អាស៊ានផងដែរ។ នៅពេលអ័ព្ទអណ្តែតចេញនៅលើអាកាសកាន់តែច្រើន ប្រជាជនទាំងឥណ្ឌូណេស៊ី និងប្រជាជនម៉ាឡេស៊ី និងសិង្ហបុរី ជាដើមនោះ មិនអាចបំពេញការងារ និងធុរកិច្ចរបស់ពួកគេបានឡើយ។
ដោយសារបញ្ហានេះ នៅថ្ងៃ៧ សីហាកន្លងទៅ លោកប្រធានាធិបតី ចូកូ វីដូដូ បានធ្វើការកំណត់សម្គាល់ធ្ងន់ៗជាមួយនឹងក្រុមកាងារសម្របសម្រួលរបស់ប្រទេសលោក ថាពិតជាខកចិត្តខ្លាំងជាមួយនឹង បញ្ហាអ័ព្ទរបស់ឥណ្ឌូណេស៊ី ដែលបានក្លាយជាបញ្ហាទំព័រមុខមួយរបស់តំបន់។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
បង្ហាញពីអារម្មណ៍ពិតរួចហើយ លោកប្រធានាធិបតីទើបឈ្នះឆ្នោតសម្រាប់អាណត្តិដឹកនាំទីពីររូបនេះ បានដាស់តឿនភ្នាក់ងារពាក់ព័ន្ធយ៉ាងដូច្នេះថា៖« សូមយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានមែនទែន បើយើងបរាជ័យក្នុងការដោះស្រាយបញ្ហានេះ នោះយើងនឹងត្រូវរងភាពអាម៉ាស់ហើយ»។
ប្រមុខដឹកនាំរូបនេះ បានគូសបញ្ជាក់ថា ទោះបីជាចាប់ពីឆ្នាំ២០១៥មក ភ្លើងឆេះព្រៃមិនមានលក្ខណៈធ្ងន់ធ្ងររហូតដល់ប៉ះពាល់ដល់ប្រទេសជិតខាងដូចជាសិង្ហបុរី និងម៉ាឡេស៊ី ក៏ដោយ រយៈពេលបួនឆ្នាំនេះ សេដ្ឋកិច្ចឥណ្ឌូណេស៊ី បានរងការគំរាមកំហែង ហើយចំណងមិត្តភាពឥណ្ឌូណេស៊ី និងអ្នកជិតខាង ក៏ចាប់ផ្តើមមានរឿងថ្នាំងថ្នាក់នឹងគ្នា។
ថ្មីៗតាមការចាប់រូបភាពពីផ្កាយរណបរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ភ្លើងឆេះព្រៃ ដែលផ្តើមចេញពីការធ្វើឧស្សាហកម្មខុសច្បាប់នៅទូទាំងឥណ្ឌូណេស៊ី បានចាប់ផ្តើមជាថ្មី។ ហើយចំណាត់ការកន្លងមក រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជូនក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណជាង៥០០០នាក់រួចហើយ។
គួរជម្រាបផងដែរថា ដោយសារតែបញ្ហាអ័ព្ទនេះ ម៉ាឡេស៊ី និងសិង្ហបុរី ក៏បានផ្លែផ្កាដល់មេដឹកនាំឥណ្ឌូណេស៊ី ដែលគ្មានសមត្ថភាពទប់ស្កាត់រហូតដល់បង្កឲ្យប៉ះពាល់ដល់ការរស់នៅ និងផលប្រយោជន៍ប្រទេសជិតខាង។ ដោយសារតែអ័ព្ទនេះ អាស៊ាន ក៏បានមានសេចក្តីថ្លែងការណ៍ស្តីពីការបំពុលអ័ព្ទឆ្លងដែន ដោយតម្រូវឲ្យភាគីពាក់ព័ន្ធគោរព និងចៀសវាងសកម្មភាពបំពុលបរិស្ថានរបៀបនេះ៕
Tag:
ឥណ្ឌូណេស៊ី
សិង្ហបុរី
អ័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com