ជាតិ
បទវិភាគ
មនសិការ ឧ​ត្ត​ម​គតិ គតិបណ្ឌិត និង ទសពិធរាជធម៌ ជា​ធាតុ​របស់​មេដឹកនាំ​
05, Feb 2020 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកដឹកនាំ ត្រូវធ្វើ​ខ្លួន​ឲ្យ​ក្លាយជា​ឧ​ត្ត​ម​ជន ទើប​អាច​ជំរុញ​ទឹកចិត្ត​មហាជន ឲ្យ​គោរព​និង​គាំទ្រ​។ ដើម្បី​ក្លាយជា​ឧ​ត្ត​ម​ជន មេដឹកនាំ គួរ​មាន​ធាតុ​បួន​សំខាន់ៗ គឺ មនសិការ ឧ​ត្ត​ម​គតិ គតិបណ្ឌិត និង​ទសពិធរាជធម៌​។​



មនសិការ មាន «​ការប្រកាន់​ខ្ជាប់​ក្នុង​ចិត្ត​» ជា​លក្ខណៈ​។ ការប្រកាន់​ខ្ជាប់​ក្នុង​ចិត្ត គឺ​សំដៅ​ដល់​ការយក​រឿង​អ្វីមួយ ឬ​វត្ថុ​អ្វីមួយ មក​ធ្វើ​ទុក​ក្នុង​ចិត្ត​។ ឧទាហរណ៍​ថា អ្នកដឹកនាំ​ម្នាក់ ដែលមាន​មនសិការ ចំពោះ​ប្រទេសជាតិ អ្នកដឹកនាំ​នោះ ប្រាកដជា​ចាត់ទុក​ប្រទេសជាតិ ថា​ជា​រឿង​អាទិភាព​ក្នុង​ចិត្ត​ជាមិនខាន​។ ជាពិសេស អ្នកដឹកនាំ​នោះ តែង​ពិចារណា​ជារឿយៗ​ថា​៖«​អាត្មាអញ មិនអាច​ព្រងើយកន្តើយ​ចំពោះ​ជាតិ​មាតុភូមិ និង​សុខទុក្ខ​របស់​ប្រជារាស្ត្រ​បានឡើយ​។  អាត្មាអញ ត្រូវតែ​លះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ហើយ​ត្រូវ​តស៊ូ​យ៉ាងខ្លាំង​ក្លា ដើម្បី​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព ហើយ​ប្រជារាស្ត្រ រស់នៅ​ដោយមាន​ភាព​ស​ប្បូរ​សប្បាយ​»​។

ឧ​ត្ត​ម​គតិ មាន «​ភាព​ខ្ពង់ខ្ពស់​» ជា​លក្ខណៈ​។  ឧ​ត្ត​ម​គតិ ប្រៀបដូចជា​ទង់ ដែល​គេ ចង​នៅឯ​ចុង​នៃ​ដងទង់​។ ទង់ ដែល​ស្ថិត​នៅឯ​ចុង​នៃ​ដងទង់ តែងមាន​ភាពលេច​ធ្លោ​ក្នុង​កែវភ្នែក​របស់​មនុស្ស​ទាំង​ពួ​ង​។​

​បុគ្គល​ណាក៏ដោយ ឲ្យ​តែមាន​ឧ​ត្ត​ម​គតិ​ក្នុង​ខ្លួន បុគ្គល​នោះ តែងតែមាន​ដំណើរ​ជីវិត ប្រកបដោយ​ភាព​ខ្ពង់ខ្ពស់ នៅក្នុង​ចិត្ត​របស់​មនុស្ស​ផង​គ្នា​។ ការគិត ការនិយាយ និង​ការសម្តែង​ឥរិយាបថ​របស់​បុគ្គល ដែលមាន​ឧ​ត្ត​ម​គតិ សុទ្ធតែ​ប្រក​ដ​ដោយ​ភាព​ឧត្តុង្គឧត្តម​។​

តួយ៉ាង ដូចជា បុគ្គល​ម្នាក់ មាន​ឧ​ត្ត​ម​គតិ​ចំពោះ​ប្រទេសជាតិ បុគ្គល​នោះ​តែង​ផ្តោតអារម្មណ៍​ពី​ប្រយោជន៍​ជាតិ និង​សុខទុក្ខ​របស់​ប្រជាជន​ជាធំ ដោយ​មិន​ខ្វល់ខ្វាយ​នឹង​រឿង​ឥត​បានការ​ឡើយ​។ ម្យ៉ាងវិញទៀត ឥរិយាបថ​របស់​បុគ្គ​ល​នោះ ក៏មាន​ភាពថ្លៃថ្នូរ សីលធម៌ និង សុជីវធម៌ ផងដែរ​។​

គតិបណ្ឌិត គឺ​សំដៅ​ដល់​សកម្មភាព​មួយ គឺ «​ដំណើរ​អ្នកប្រាជ្ញ ឬ​ល​ម្អា​ន​អ្នកប្រាជ្ញ​» ។ ជន​ណា មាន​គតិបណ្ឌិត គឺ​ជន​នោះ មានដំណើរ​ជីវិត​ប្រព្រឹត្តទៅ​ដូច​អ្នកប្រាជ្ញ ឬ​តា​មល​ម្អា​ន​នៃ​អ្នកប្រាជ្ញ​។ គ្រឿង​សម្គាល់​របស់​គតិបណ្ឌិត មាន​បី​ប្រការ គឺ «​លក្ខណ​ធម្មជាតិ បញ្ញត្តិ និង​សកម្មភាព​ការងារ​»​។  
 
​លក្ខណ​ធម្មជាតិ គឺ​សំដៅថា ជន​ប្រកបដោយ​គតិបណ្ឌិត តែង​ប្រព្រឹត្ត​អំពើ​ល្អជា​និច្ច ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ រូបគេ តែង​ធ្វើខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ទាំង​កាយ វាចា ចិត្ត ហើយក៏​ដឹកនាំ​អ្នកដទៃ​ឲ្យ​សាង​អំពើ​ជា​កុសល និង​ធ្វើខ្លួន​ឲ្យ​បរិសុទ្ធ ផងដែរ​។ ក្នុងការ​រស់នៅ ជននេះ​តែងតែ​ធ្វើជា​គំរូ​ក្នុងការ​សាង​អំពើ​ល្អ​ដល់​មនុស្ស​គ្រប់រូប​។ ទាំងនេះ ចាត់ទុកថា ជា​លក្ខណ​ធម្មជាតិ របស់​បុគ្គល ដែលមាន​គតិបណ្ឌិត​។​
 
​បញ្ញត្តិ គឺ​សំដៅថា ជន​មាន​គតិបណ្ឌិត គឺ​ត្រូវតែ​ជា​ជន​មានចំណេះដឹង​ខ្ពង់ខ្ពស់ មាន​បញ្ញា​ជ្រៅជ្រះ មានការ​គិតពិចារណា​ប្រកបដោយ​ហេតុផល​។ ម្យ៉ាងទៀត ជន​មាន​គតិបណ្ឌិត ក៏​ជា​ជន​ដែលមាន​មេត្តាករុណា មានចិត្ត​សន្ដោស​ប្រោសប្រណី អធ្យាស្រ័យ​ដល់​អ្នកផង មាន​សន្តាន​ចិត្ត​ជួយសង្គ្រោះ និង​ជួយ​ជ្រោមជ្រែង​អ្នកដទៃ ឲ្យ​រួច​ចាក​ទុក្ខលំបាក​។ ចំណេះដឹង និង​គុណធម៌ គឺជា​បញ្ញត្តិ​សម្រាប់​បុគ្គល ដែលមាន​គតិបណ្ឌិត ដោយ​មិនអាច​ខ្វះ​បាន​។​
 
​សកម្មភាព​និង​ការងារ គឺ​សំដៅថា ក្នុង​ជីវិត​របស់​ជន​មាន​គតិបណ្ឌិត គឺ​យើង​តែង​សម្គាល់​ឃើញថា ពួកគេ​តែង​ធ្វើ​សកម្មភាព និង​បំពេញ​កិច្ចការងារ​ទាំងឡាយណា​ដែល​អាច​ញ៉ាំង​ប្រយោជន៍​និង​សេចក្តីចម្រើន​ដល់ គ្រួសារ បងប្អូន​សាច់ញាតិ រហូតដល់​សង្គមមនុស្ស​ជាតិ​ទាំងពួង​។ ពួកគេ​តែងតែ​ស​ន្ស​ល់​ទុក​នូវ​ស្នាដៃ​ដ៏​មានតម្លៃ​ផ្សេងៗ ក្នុងពេល​មានជីវិត និង​ពេលដែល​លាចាក​លោក​ទៅ​។​
 
​ទសពិធរាជធម៌ គឺ​ធម៌​ទាំង​១០​របស់​អ្នកដឹកនាំ ដែល​រួមមាន រួមមាន ធ្វើ​ទាន​, រក្សាសីល​៥, លះបង់​ទ្រព្យសម្បតិ្ត យក​ចែក​ឲ្យ​ប្រជារាស្ត្រ​, មាន​ភាពស្មោះត្រង់​, សុភាពរាបសា​, កាន់​ឧបោសថសីល​, មិន​ក្រោធ​, អហិង្សា​, ខន្តី​, មិន​បំពាន​ច្បាប់​។​
 
​បើ​មិនមាន​ចំណុច​ទាំង​បួន​ប្រការ​សំខាន់ៗ​ខាងលើនេះ អ្នកដឹកនាំ មិនអាច​មានឈ្មោះ​ថា​ជា​ឧ​ត្ត​ម​ជន​នោះទេ​។ ហើយ​អ្នកដឹកនាំ ដែល​មិន​ធ្វើខ្លួន​ឲ្យ​ក្លាយជា​ឧ​ត្ត​ម​ជន ប្រហែលជា​មិនអាច​ក្លាយជា​វីរបុរស​របស់​មហាជន​ឡើយ​៕

Tag:
 មេដឹកនាំ​
© រក្សាសិទ្ធិដោយ thmeythmey.com