លោក ត្រាំ ថា ជម្លោះ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ធ្វើឱ្យអាមេរិក​ស្ថិតក្នុង​ទីតាំង​ដ៏​អាក្រក់​មួយ​
អន្តរជាតិ
លោក ត្រាំ ថា ជម្លោះ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ធ្វើឱ្យអាមេរិក​ស្ថិតក្នុង​ទីតាំង​ដ៏​អាក្រក់​មួយ​
12, Aug 2019 , 9:47 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៩ ខែសីហា បាន​ប្រាប់​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន​ត្រូវ​សហការ​ជាមួយគ្នា និង​ព្រមាន​ថា ការបាក់​បែក​រវាង​ប្រទេស​ទាំងពីរ​អាចធ្វើឱ្យបំផ្លាញ​ដល់​សហប្រតិបត្តិការ​ត្រីភាគី ប្រឆាំងនឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។


 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា លោ​កមានការ​បារម្ភ​អំពី​ស្ថានការណ៍​កាន់តែ​អាក្រក់​នៃ​ទំនាក់ទំនង​ការទូត​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​ដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Yonhap លោក ត្រាំ បាន​បញ្ជាក់ថា ជម្លោះ​ពា​ណិ​ជ្ចក​ម្ម និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំងពីរ ធ្វើឱ្យអាមេរិក​ស្ថិតក្នុង​ទីតាំង​ដ៏​អាក្រក់​។ 
 
​លោក​បាន​និយាយ​បន្ថែមថា​៖ «​ពួកគេ​ត្រូវតែ​សហការ​ជាមួយគ្នា​។ បើ​ពួកគេ​មិន​សហការគ្នា តើ​ពួកគេ​កំពុង​ធ្វើ​អ្វី​? វា​ពិត​មាន​សារសំខាន់​ណាស់​។ កូរ៉េខាងត្បូង និង​ជប៉ុន ត្រូវតែ​អង្គុយ​ចុះ ហើយ​ចរចា​ជាមួយគ្នា​»​។ 
 
​ជម្លោះ​រវាង​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​កើតចេញពី​សាលក្រម​កូរ៉េខាងត្បូង​បាន​បង្ខំ​អោយ​ក្រុមហ៊ុន​ជប៉ុន​បង់​សំណង​ទៅ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​បង្ខំ​អោយ​ធ្វើការ​ក្នុងសម័យ​អាណានិគម​របស់​ជប៉ុន​លើ​កូរ៉េខាងត្បូង​។ ដោយសារតែ​រឿងនេះ ទីក្រុង​តូ​ក្យូ​បាន​រឹតត្បិត​ការនាំចេញ​រូបធាតុ​គីមី​សំខាន់ៗ​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង ហើយ​បាន​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូរ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​ទៀត​។ 
 
​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា ខ្លួន​បាន​ត្រៀម​រួចហើយ​ក្នុង​ការជួយ​សម្រួល​ឲ្យ​សម្ពន្ធមិត្ត​ទាំងពីរ​មាន​កិច្ចចរចា​ជាមួយគ្នា ប៉ុន្តែ​អាមេរិក​នឹងមិន​ធ្វើជា​អ្នកសម្របសម្រួល ឬ​អាជ្ញាកណ្តាល​ឡើយ​។ ចំណែក​ក្រសួងការបរទេស​អាមេរិក ក៏បាន​បន្ថែមទៀតថា ទីក្រុង​វ៉ាស៊ីនតោន បានផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​ទាំងពីរ​សែ្វ​ងរ​ក​ការដោះស្រាយ​ដ៏​ល្អ​មួយ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com