អន្តរជាតិ
ឥណ្ឌា​៖ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះទឹកជំនន់​កើនឡើង​ដល់ ១៤៤​នាក់
12, Aug 2019 , 10:42 am        
រូបភាព
ទឹកគ្រោះមហន្តរាយទឹកជំនន់កើតឡើងនៅក្នុងរដ្ឋ Karnataka ប្រទេសឥណ្ឌា (រូបភាព៖ Xinhua)
ទឹកគ្រោះមហន្តរាយទឹកជំនន់កើតឡើងនៅក្នុងរដ្ឋ Karnataka ប្រទេសឥណ្ឌា (រូបភាព៖ Xinhua)
​អាជ្ញាធរ​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែសីហា កំពុង​ខិតខំ​ជួយសង្គ្រោះ​ប្រជាជន​ខ្លួន​ពី​ទឹកជំនន់​ខ្យល់មូសុង ខណៈ​ផ្លូវ​នៅ​ភាគខាងត្បូង និង​ខាងលិច​នៃ​ឥណ្ឌា​ត្រូវបាន​កាត់ផ្តាច់​។  ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះទឹកជំនន់ កើនឡើង​ដល់​១៤៤​នាក់​។


 
​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ Kerala ជា​តំបន់​ដ៏​ពេញនិយម​របស់​ភ្ញៀវទេសចរ និង​មាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត​នោះ ត្រូវ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដោយ​មនុស្ស​ស្លាប់មាន​ចំនួន​៦៧ នាក់​។ 
​មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​នៅ​រដ្ឋ Kerala បាន​ប្រាប់​អ្នកសារព័ត៌មាន​AFP ថា យ៉ាងហោចណាស់​មនុស្ស ១៦៥០០០​នាក់ ត្រូវបាន​ជម្លៀស​ទៅ​ជំរំ​សុវត្ថិភាព ១៣១៨ កន្លែង ដែល​ដាក់ពង្រាយ​តាម​១៤​ស្រុក​នៅក្នុង​រដ្ឋ​។ 


 
​ចំណែក​នៅក្នុង​រដ្ឋ Karnataka វិញ មន្ត្រី​រដ្ឋាភិបាល​បាន​ប្រាប់​អ្នកយក​សារព័ត៌មាន AFP ថា​យ៉ាងហោចណាស់​មនុស្ស ១៤​នាក់ បាន​បាត់​ខ្លួន ខណៈ​អ្នកស្លាប់​កើន​ដល់​៣៤​នាក់ ហើយ​មន្ត្រី​បាន​ជួយសង្គ្រោះ​ប្រជាជន​៤៨​ម៉ឺន​នាក់ និង សត្វពាហនៈ ៥​ម៉ឺន​ក្បាល ហើយ​ជំរំ​ស្នាក់នៅ ១១០០​កន្លែង ត្រូវ​បានរៀបចំ​សម្រាប់​មនុស្ស ៣០​ម៉ឺន​នាក់​។ 
 
​មន្ត្រី​រដ្ឋាភិបាល​បាន​បន្ថែមទៀតថា ផ្លូវជាតិ​យ៉ាង​យោ​ចណាស់ ១៣៦ ត្រូវបាន​កាត់ផ្តាច់ ហើយ​មហាវិថី​ឆ្លងកាត់​រដ្ឋ​ក៏​ត្រូវបាន​កាត់ផ្តាច់​ដូចគ្នា​។ ដោយសារតែ​ការលំបាក​ទាំងនេះ ក្រុម​អ្នក​ជួយសង្គ្រោះ​បន្ទាន់​មកពី​យោធា កងទ័ពជើងទឹក កងទ័ពអាកាស ត្រូវយក​មកជា​ជំនួយ​ក្នុងការ​រុករក និង​ការជួយ​សង្គ្រោះ​នៅក្នុង​តំបន់​មាន​ទឹកជំនន់​។​
 
​ទន្ទឹមគ្នា​នេះដែរ នៅក្នុង​រដ្ឋ Maharashtra វិញ មនុស្ស​យ៉ាងហោចណាស់ ២៧​នាក់ បាន​បាត់​បង់ជីវិត ហើយ​ទីក្រុង​សំខាន់ៗ​ត្រូវបាន​លិច​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ ចំណែក​រដ្ឋ Gujarat ដែល​ជាំ​ស្រុកកំណើត​របស់​នាយករ​ដ្ឋ​មន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី  គ្រោះទឹកជំនន់​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងតិចណាស់ ១៦​នាក់​។  
 
​ដោយសារ​តែមាន​គ្រោះទឹកជំនន់​នេះ​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ទឹកជំនន់ ឯ អាកាសយានដ្ឋាន​អន្តរជាតិ Cochin ក៏ត្រូវ​ផ្អាក​ដំណើរការ ហើយ​ផ្លូវ​ជាច្រើន​ខ្សែ​ត្រូវបាន​កាត់ផ្តាច់​៕




 

Tag:
 គ្រោះទឹកជំនន់​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com