Manchester United ទទួលបានកត់ត្រាជ័យជម្នះនៅ Old Trafford ដ៏លើសលុបចាប់តាំងពីឆ្នាំ ១៩៦៥ ក្រោយឈ្នះ Chelsea ៤-០ ក្នុងជំនួបបើកឆាក Premier League នៅយប់ថ្ងៃទី១១ ខែសីហា។ នេះជាការចាប់ផ្តើមរដូវកាលដ៏ល្អក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjær ខណៈ Frank Lampard ទទួលមេរៀនឈឺចាប់ក្នុងនាមអ្នកចាត់ការថ្មីរបស់តោខៀវ។
ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ស៊ុតបានពីរគ្រាប់ម្នាក់ឯងនៅនាទី (១៨, ៦៧) សម្រាប់ជំនួបបើករដូវកាលថ្មី ស្របពេល Anthony Martial រកបាន១គ្រាប់ដែរ (៦៥) ក្រោយទទួលបានស្លាកចាស់អាវលេខ៩របស់គេ ពី Romelu Lukaku ដែលលក់ទៅឲ្យ Inter Milan នោះ។
សមាជិកថ្មី Daniel James ដែលផ្លាស់ចូលនៅតង់ទី២ក៏រកបានមួយគ្រាប់សម្រាប់ក្រុមថ្មីរបស់គេដែរ ដែលសម្រេចបាននៅនាទី៨១។
ជ័យជម្នះដែលគ្មានរបូតគ្រាប់បាល់នេះ កើតឡើងស្របពេលបិសាចក្រហមបានចំណាយប្រាក់ដ៏ច្រើនសន្ធឹករហូត១៥៦លានដុល្លារដើម្បីទិញយកខ្សែការពារចំនួនពីររូប។ ទាំងពីររូបនោះរួមមាន ខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka ទិញពី Crystal Palace តម្លៃ៦០លានដុល្លារ និងខ្សែការពារកណ្តាល Harry Maguire ក្នុងតម្លៃបំបែកកំណត់ត្រាខ្សែការពារថ្លៃបំផុតលើលោក ៩៤លានដុល្លារពី Lecister City។
លទ្ធផល ៤-០ ក្នុងប្រកួតដំបូងក្នុងលីគកំពូលអង់គ្លេសនៅ Old Trafford បានធ្វើឲ្យអ្នកចាត់ការថ្មី Chelsea លោក Frank Lampard ចាប់ផ្តើមទទួលសម្ពាធបណ្តើរៗហើយ។ តោខៀវបានបាត់បង់ខ្សែបម្រើឆ្នើម Eden Hazard ទៅ Real Madrid ព្រមទាំងលក់ខ្សែការពារ David Luiz ទៅឲ្យ Arsenal ថែមទៀត។ ខ្សែការពារ Kurt Zouma ដែលមកជំនួស Luiz ហាក់មិនបានបំពេញតួនាទីបានល្អសម្រាប់តំបន់នេះឡើយ។
ក្រៅពី Man Utd មានក្រុមចំនួន៦ផ្សេងទៀតក៏ទទួលបាន៣ពិន្ទុសម្រាប់ជំនួបបើកឆាកដែរ ដែលរួមមាន Manchester City, Liverpool, Brighton & Hove Albion, Burnley, Tottenham Hotspur និង Arsenal៕
លទ្ធផលទាំង១០គូនៅ Premier League សប្តាហ៍ទី១៖
- Liverpool ៤ – ១ Norwich City
- West Ham United ០ – ៥ Manchester City
- AFC Bournemouth ១ – ១ Sheffield United
- Burnley ៣ – ០ Southampton
- Crystal Palace ០ - ០ Everton
- Watford ០ - ៣ Brighton & Hove Albion
- Tottenham Hotspur ៣ – ១ Aston Villa
- Leicester City ០ – ០ Wolverhampton Wanderers
- Newcastle United ០ – ១ Arsenal
- Manchester United ៤ – ០ Chelsea