អន្តរជាតិ
កូរ៉េខាងជើង ប្រាប់​កូរ៉េខាងត្បូង​ឲ្យ​ផ្អាក​សមយុទ្ធ​ជាមួយ​អាមេរិក បើ​ចង់​ចរចា​
12, Aug 2019 , 2:49 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​កូរ៉េខាងជើង នៅតែ​បដិសេធ​ការចរចា​ទ្វេភាគី​ជាមួយ​កូរ៉េខាងត្បូង បើ​សមយុទ្ធ​រួមគ្នា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​នៅតែ​បន្តធ្វើ​នោះ​។ មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាមេរិក​នៅ​ក្រសួងការបរទេស​កូរ៉េខាងជើង នៅ​ថ្ងៃទី​១១ ខែសីហា បាន​ប្រាប់​ឲ្យ​សេ​អ៊ូ​ល​បញ្ឈប់​សមយុទ្ធ​នេះ ឬ​បញ្ជាក់​មូលហេតុ​ដែល​គួរ​ឲ្យ​ទុកចិត្ត​ថា ហេតុអ្វី​ត្រូវធ្វើ​សមយុទ្ធ​ឲ្យ​ខាន​តែ​បាន​នោះ​។  ឯ​រឿង​បាញ់​មី​ស៊ី​ល​វិញ មន្ត្រី​កូរ៉េខាងជើង​ចាត់ទុកជា​ការធ្វើ​ទំនើបកម្ម​យោធា​ប៉ុណ្ណោះ​។​

 
​កុំថាឡើយ​ជួប​មុខ​គ្នា​ដើម្បី​ចរចា ទោះ​ត្រឹម​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​ផ្សេងៗ ក៏​មិនអាច​ទៅរួច​ដែរ​។ លោក Kwon Jong-gun អគ្គនាយក​កិច្ចការ​អាមេរិក​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង និយាយ​បែបនេះ​ជុំវិញ​លទ្ធភាព​នៃ​ការចរចា​អន្តរ​កូរ៉េ​ដែល​គ្មាន​ដំណើរការ​ជាច្រើន​ខែ​មកហើយ​នោះ​។ ឯ​រឿង​មិន​ចង់​ចរចា ឬ​ជួប​មុខ​នេះ មន្ត្រី​កូរ៉េខាងជើង​រូបនេះ​អះអាងថា ក៏​ដោយសារតែ​សមយុទ្ធ​រួមគ្នា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​ដែល​ចាប់ផ្ដើម​កាលពី​សប្ដាហ៍​មុន​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KNCA លោក Kwon ចាត់ទុក​សមយុទ្ធ​នេះ ជាការ​ហ្វឹកហាត់​ដើម្បី​ឈ្លានពាន​កូរ៉េខាងជើង​តែម្ដង ទោះ​អាមេរិក និង​កូរ៉េខាងត្បូង​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា សមយុទ្ធ​នេះ​គ្រាន់តែ​ជាការ​ហ្វឹកហាត់​ការពារ​ខ្លួន​ក្ដី​។ អគ្គនាយក​រូបនេះ​សង្កត់ធ្ងន់ថា ការទាក់ទង​អន្តរ​កូរ៉េ ពិតជា​ពិបាក​កើតឡើង បើ​ពួកគេ​មិន​បញ្ឈប់​សមយុទ្ធ ឬ​មិន​ផ្ដល់នូវ​ការបកស្រាយ​ដែល​ទុកចិត្តបាន ឬក៏​ការពន្យល់​ដោយស្មោះ​ត្រង់​ពី​មូលហេតុ​នៃ​ការរៀបចំ​សមយុទ្ធ​នេះ​ទេនោះ​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង ក៏​បន្ត​ស្រង់​សម្ដី​មន្ត្រី​រូបនេះ ដែល​បាន​រិះគន់​ខ្លាំង​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae ក្រោយ​ការកោះប្រជុំ​បន្ទាន់​ដើម្បី​ជជែក​ពី​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង​។ លោក Kwon បាន​រំឭក​ក្រុង​សេ​អ៊ូ​លពី​សម្ដី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​មិន​ភ្ញាក់​អ្វី​ឡើយ​លើ​ការបាញ់​នេះ ហើយ​ចាត់ទុក​ការបាញ់​នោះ ជា​ផ្នែក​មួយ​នៃ​ការការពារ​ខ្លួន ដ្បិត​មី​ស៊ី​ល​ដែល​បាញ់ ជា​អាវុធ​តូចៗ​ប៉ុណ្ណោះ​។ 
 
​តាមពិតទៅ កូរ៉េខាងជើង តែង​បាន​ជំទាស់​ដាច់អហង្ការ​សម​យុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ហើយ​ក៏បាន​គំរាម​ជា​ញឹកញយ​ផងដែរ​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ សមយុទ្ធ​រួមគ្នា​របស់​សម្ព័ន្ធមិត្ត​នេះ ត្រូវបាន​កាត់បន្ថយ​ទាំង​ទំហំ និង​គោលដៅ​ក្រោយ​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៨ ។ យ៉ាងណាមិញ វា​នៅតែ​មិន​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ធូរចិត្ត​ឡើយ​។ លោក Kwon កូរ៉េខាងត្បូង និង​អាមេរិក​គិត​ហើយ​ដែលថា ការ​បង្រួម​សមយុទ្ធ ធ្វើ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​មិនដឹងមិនឮ​បាន​នោះ​។​
 
​ជាការ​កត់សម្គាល់​មួយទៀត កូរ៉េខាងជើង នៅតែ​មិន​រិះគន់​ចំៗ​ដាក់​អាមេរិក​ដដែល​។ ទំនង​ចង់​និយាយ​ពី​ការចរចា​ពាក់ព័ន្ធ​នុយក្លេអ៊ែរ លោក Kwon លើកឡើងថា ទៅ​ថ្ងៃមុខ បើ​មាន​ការចរចា​មែន គឺជា​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​តែ​ពីរ​នាក់​ប៉ុណ្ណោះ មិន​រាប់បញ្ចូល​កូរ៉េខាងត្បូង​ឡើយ​។ បើតាម​លោក ត្រាំ វិញ ការចរចា​អាច​បន្ត​ឡើងវិញ ពេល​សមយុទ្ធ​នៅ​កូរ៉េខាងត្បូង​ចប់សព្វគ្រប់​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com