ក្រុមហ៊ុន Amazon សន្យា​ស៊ើបអង្កេត​លើ​រឿង​រំលោភបំពាន​បុគ្គលិក​នៅ​រោងចក្រ​ប្រទេស​ចិន​
អន្តរជាតិ
ក្រុមហ៊ុន Amazon សន្យា​ស៊ើបអង្កេត​លើ​រឿង​រំលោភបំពាន​បុគ្គលិក​នៅ​រោងចក្រ​ប្រទេស​ចិន​
12, Aug 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​របាយការណ៍​របស់​អង្គការ​សិទ្ធិ​ការងារ China Labor Watch ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក បាន​រកឃើញថា រោងចក្រ​ដែល​ប្រើ​ដោយ​ក្រុមហ៊ុន Foxconn ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​អេឡិចត្រូនិក​ដល់​ក្រុមហ៊ុន Amazon នេះ ពឹង​ផ្អែកលើ​កម្មសិក្សាការី​ដែលជា​សិស្ស​អាយុ​ចន្លោះ ១៦ ទៅ ១៨ ឆ្នាំ ចំនួន ១ ពាន់ ៥ រយ​នាក់ ឲ្យ​ធ្វើការ​ថែម​ម៉ោង និង​វេន​យប់​។​

 
​អង្គការ​នេះ​បាន​បញ្ជាក់ថា ការធ្វើ​ដូច្នេះ​គឺជា​អំពើ​ខុសច្បាប់​នៅក្រោម​ច្បាប់​ការងារ​របស់​ប្រទេស​ចិន ដែល​កំណត់​ពេលវេលា និង​លក្ខខណ្ឌ​សម្រាប់​អ្នកធ្វើការ​ដែលជា​ក្មេង​ជំទង់​។​
 
​លោក Li Qiang ដែលជា​នាយក​ប្រតិបត្តិ និង​ស្ថាបនិក​នៃ​អង្គការ China Labor Watch បាន​ប្រាប់ VOA ថា​៖ «​ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន Foxconn គួរតែអនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ឯករាជ្យ​ផ្សេងៗ​តាមដាន​មើល​ស្ថានភាព​ការងារ​នៃ​រោងចក្រ​ពាក់ព័ន្ធ​នានា​។ មានតែ​វិធី​នេះ​ទេ ដែល​អាច​ការពារ​មិន​ឲ្យ​មានការ​រំលោភបំពាន​លើ​ច្បាប់​ការងារ​កើតឡើង​បាន និង​អាច​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធ​ភា​ព‍​»​។​
 
​របាយការណ៍​នេះ​ក៏បាន​លើកឡើង​ផងដែរ​ថា បុគ្គលិក​កម្មសិក្សាការី​ដែលជា​និស្សិត​នៅឯ​រោងចក្រ Hengyang របស់​ក្រុមហ៊ុន Foxconn នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​នេះ ទទួលបាន​ប្រាក់កម្រៃ​ទាប និង​ផលប្រយោជន៍​តិចតួច​ជាង​បុគ្គលិក​ដែល​មិនមែនជា​និស្សិត​។ របាយការណ៍​នេះ​បាន​បញ្ជាក់ថា បុគ្គលិក​ប្រហែល ២០ ភាគរយ នៃ​រោងចក្រ​នេះ​គឺជា​កម្មសិក្សាការី​ដែលជា​និស្សិត ដែលជា​ចំនួន​ទ្វេដង​លើសពី​ការកំណត់​ឲ្យ​ផ្លូវច្បាប់​។​
 
​រោងចក្រ​នេះ​ផលិត​ឧបករណ៍​មាន​ប្រជាប្រិយ​មួយចំនួន​របស់​ក្រុមហ៊ុន Amazon ដូចជា Echo, Kindle និង​ឧបករណ៍ tablet ផ្សេងៗ​ទៀត​ជាដើម​។​
 
​ក្រុមហ៊ុន Amazon បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​មួយ​របស់ខ្លួន​ថា​៖ «​យើង​កំពុង​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ទាំងនេះ​ជាបន្ទាន់ និង​ដោះស្រាយ​បញ្ហា​នេះ​ជាមួយនឹង​ក្រុមហ៊ុន Foxconn នៅ​កម្រិត​ខ្ពស់​បំ​ផុ​ត‍​»​។ ក្រុមហ៊ុន Amazon បាន​បន្ថែមថា​៖ «​យើង​នឹងមិន​អត់ឱន​ឲ្យ​ចំពោះ​ការរំលោភបំពាន​ណាមួយ​លើ​ក្រម​ប្រតិបត្តិ​អ្នកផ្គត់ផ្គង់​របស់​យើង​នោះ​ទ‍េ​»​។​
 
​ក្រុមហ៊ុន Foxconn បានទទួល​ស្គាល់​បញ្ហា​នេះ​នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី ៩ ខែសីហា​កន្លងទៅនេះ ដោយ​លើកឡើងថា ខ្លួន​កំពុង​បង្កើន​ការតាមដាន​មើល​លើ​កម្មវិធី​កម្មសិក្សា​របស់ខ្លួន​ជាមួយ​សាលារៀន​នានា «​ដើម្បី​ធានាថា ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ កម្មសិក្សាការី​នឹងមិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ថែម​ម៉ោង ឬក៏​ធ្វើការ​វេន​យប់នោះ​ទ‍េ​»​។​
 
​ក្រុមហ៊ុន Foxconn បានបញ្ជាក់​ដូច្នេះ​ថា​៖ ​«​មាន​ករណីខ្លះ​កាលពីមុន ដែល​ក្រុម​គ្រប់គ្រង​តាម​មូលដ្ឋាន​មានការ​ធ្វេស​ប្រហែល​ធូររលុង ដែល​អនុញ្ញាត​ឲ្យ​រឿងនេះ​កើតឡើង ហើយ​ទោះបីជា​កម្មសិក្សាការី​ដែល​រងគ្រោះ​ទាំងនោះ​ទទួលបាន​ប្រាក់កម្រៃ​បន្ថែម​សម្រាប់​ការធ្វើការ​ថែម​ម៉ោង និង​ការធ្វើការ​វេន​យប់​ក៏ដោយ ក៏​ករណីនេះ​មិនអាច​ទទួលយកបាន​នោះទេ ហើយ​យើង​បាន​ចាត់វិធានការ​បន្ទាន់​ដើម្បី​ធានាថា រឿងនេះ​នឹងមិន​កើតឡើង​ម្ដងទៀត​នោះឡើយ​»​។​
 
​ក្រុមហ៊ុន Foxconn ដែលមាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ គឺជា​ក្រុមហ៊ុន​កុងត្រា​ផលិត​គ្រឿង​អេឡិចត្រូនិក​ដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយមាន​បុគ្គលិក​ជាង​មួយ​លាន​នាក់​នៅក្នុង​ប្រទេស​ចិន​។​
 
​ក្រុមហ៊ុន​នេះ ដែល​ផលិត​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple ផងដែរ​នោះ ទទួលបាន​ការចាប់អារម្មណ៍​កាលពី​ឆ្នាំ ២០១០ បន្ទាប់ពី​មាន​ករណី​ធ្វើអត្តឃាត​ជាច្រើន​កើតឡើង​នៅឯ​រោងចក្រ​នានា​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​។ សកម្មជន​រិះគន់ថា ករណី​អត្តឃាត​ទាំងនេះ​កើតឡើង​ដោយសារតែ​លក្ខខណ្ឌ​ការងារ​មិនល្អ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com