ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ នរោត្តម ប្រី​យ​សោ​ភ័​ណ្ឌ និង​ឥស្សរជន​២​រូប​ទៀត ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​
12, Aug 2019 , 4:11 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ ព្រះអង្គ​ម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ លោក ញ៉ូវ សុង និង​លោក ឡៅ ឆន
ពីឆ្វេងទៅស្តាំ៖ ព្រះអង្គ​ម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ លោក ញ៉ូវ សុង និង​លោក ឡៅ ឆន
ដោយ: ថ្មីៗ
​ព្រឹទ្ធសភា នា​សម័យប្រជុំ​វិសាមញ្ញ​ដែល​ដឹកនាំ​ដោយ​សម្តេច សាយ ឈុំ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៩ បានប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន​៣​រូប​នៃ​នីតិកាល​ទី​៤ គឺ​ព្រះអង្គម្ចាស់ នរោត្តម ប្រី​យ​សោ​ភ័​ណ្ឌ លោក ញ៉ូ​វ សុង និង​លោក ឡៅ ឆន​។​

 
​ព្រះអង្គម្ចាស់ នរោត្តម ប្រី​យ​សោ​ភ័​ណ្ឌ ត្រូវ​ព្រះករុណា​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង បន្ត​ពីស​ម្តេច នរោត្តម អរុណរស្មី ដែល​សុំលាឈប់​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩​។ ព្រះអង្គម្ចាស់ ប្រី​យ​សោ​ភ័​ណ្ឌ ជា​ព្រះអនុជ​មាតា​ទីទៃ​របស់​អតីត​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ​។ ព្រះអង្គ ជា​ព្រះអនុជ​របស់​សម្តេច នរោត្តម វ​ជ្ជ​រ៉ា និង​សម្តេចព្រះ​នរោត្តម សិរីវុឌ្ឍ​។​
 
​លោក ញ៉ូ​វ សុង ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​៧ (​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ព្រះសីហនុ​) ជំនួស​លោក ឡាយ អ៊ី​ពិសិដ្ឋ ដែល​បានទទួល​មរណភាព​។​
 
​លោក ឡៅ ឆន ក្លាយជា​សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី​៤ (​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ប៉ៃលិន) ជំនួស​លោកស្រី ស៊ឹង ស៊ី​យុ​ត ដែល​បានទទួល​មរណភាព​។​
 
​សូមបញ្ជាក់ថា សមាជិក​ព្រឹទ្ធសភា​ក្នុង​នីតិកាល​ទី​៤​នេះ មាន​៦២​រូប ដោយ​ក្នុងនោះ ៥៨​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា (​តាមរយៈ​ការជាប់ឆ្នោត​អសកល​) ២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប​ទៀត ដែល​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​៕

Tag:
 ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com