បាតុករ​នៅ​ហុងកុង​ភាគច្រើន​ជា​យុវជន​, អ្នកទទួលបាន​ការអប់រំ និង​ក្រុម​វណ្ណៈ​កណ្ដាល
អន្តរជាតិ
បាតុករ​នៅ​ហុងកុង​ភាគច្រើន​ជា​យុវជន​, អ្នកទទួលបាន​ការអប់រំ និង​ក្រុម​វណ្ណៈ​កណ្ដាល
12, Aug 2019 , 4:34 pm        
រូបភាព
បាតុករនៅហុងកុង។ រូបភាព AFP
បាតុករនៅហុងកុង។ រូបភាព AFP
​ការស្រាវជ្រាវ​មួយ​លើ​បាតុករ​ហុងកុង​បង្ហាញថា អ្នកចូលរួម​ក្នុង​ការតវ៉ា​ប៉ុន្មាន​សប្ដាហ៍​មកនេះ​ជា​យុវជន អ្នកទទួលបាន​ការអប់រំ​បាន​ច្រើន និង​មកពី​វណ្ណៈ​កណ្ដាល​។ ការសិក្សា​ដែល​ធ្វើ​ដោយ​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​ល្បីឈ្មោះ​នៅ​ហុងកុង ក៏​បង្ហាញ​ពី​វត្តមាន​ប្រជាជន​ទើប​ប្រឡូក​សកម្មភាព​សង្គម​ថ្មីថ្មោង​ផងដែរ​។ លទ្ធផល​នេះ ហាក់​ផ្ទុយ​ពី​សម្ដី​របស់​ប្រធាន​ប្រតិបត្តិ​ហុងកុង Carrie Lam ដែលថា បាតុករ​មួយ​ភាគតិច មិនមាន​សកម្មភាព​ស​ង្គ​ម​អ្វី​ទេ ព្រោះ​ធ្វើអំពើ​ហិង្សា​ដែល​ប៉ះពាល់​សេដ្ឋកិច្ច​។ 

 
​ជា​លើកដំបូង​នៅ​ហុងកុង ការស្រាវជ្រាវ​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​សិក្សា​ពី​សមាសភាព​របស់​បាតុករ ដែល​ធ្វើ​រំជើប​ញាប់​ញ័រ​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​ជាង​ពីរ​ខែ​កន្លងទៅ​។ ការសិក្សា បាន​ផ្អែកលើ​ទិន្ន័យ​ដែល​បានមកពី​ការ​ស្ទាបស្ទង់​អំឡុងពេល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ចំនួន​១២​លើក​ចន្លោះ​ថ្ងៃទី​៩ ខែមិថុនា ដល់​ថ្ងៃទី​៤ ខែសីហា​។ ដូចដែល​បាន​មើលឃើញ​ក្នុងពេល​តវ៉ា ក្រុម​ម​យុវជន គឺជា​កម្លាំង​ស្នូល​នៃ​ការប្រមូលផ្ដុំ​រាល់​លើក​។​
 
​បើតាម​លទ្ធផល​ដែល​ចេញ​នៅ​ថ្ងៃទី​១២ ខែសីហា​នេះ ៥៧,៧​ភាគរយ​នៃ​អ្នកចូលរួម គឺជា​ក្រុមមនុស្ស​មាន​អាយុ​លើស​២៩​ឆ្នាំ​។ ក្រុមមនុស្ស​អាយុ​ចន្លោះ​ពី​២០​ឆ្នាំទៅ​២៤​ឆ្នាំ មាន​ចំនួន​ច្រើនជាង​២៦​ភាគរយ ដែលជា​កម្លាំងចលករ​សំខាន់បំផុត​នៃ​ការតវ៉ា​ជាង​ពីរ​ខែ​មកនេះ​។ ជិត​១៨​ភាគរយ​នៃ​អ្នកចូលរួម​បាតុករ​ដែល​បាន​ឆ្លើយ​សំណួរ មាន​អាយុ​លើស​៤៥​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ។​
 
​ឯ​ការទទួល​បានការ​អប់រំ​វិញ ៧៣,៨​ភាគរយ​នៃ​បាតុករ​និយាយថា ពួកគេ​មានការ​អប់រំ​នៅ​ថ្នាក់​មុន​ឧ​ត្ត​មសិ​ក្សា ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា ស្រប​ពេលដែល​ភាគច្រើន​នៃ​អ្នក​តវ៉ា អះអាងថា ពួកគេ​មានបាន​ចូល​រូ​ម​ថ្នាក់មធ្យមសិក្សា​ផងដែរ​។ លោក Francis Lee Lap-fung សាស្ត្រាចារ្យ​នៃ​សាលា​សារព័ត៌មាន និង​ទូរគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ចិន​ក្នុង​ទីក្រុង​ហុងកុង និយាយថា ជាង​៥០​ភាគរយ​នៃ​បាតុករ ជា​ប្រជាជន​វណ្ណៈ​កណ្ដាល​។​
 
​ពាក់ព័ន្ធ​អ្នកចូលរួម​បាតុកម្ម​នេះ ប្រធាន​ប្រតិបត្តិការ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង Carrie Lam បាន​រង​ការរិះគន់​ខ្លាំង​ក្រោយ​និយាយថា បាតុករ​មួយ​ភាគ​តូច គ្មាន​ចំណែក​អ្វី​ក្នុងសង្គម​ឡើយ​។ ថ្លែង​នៅ​ថ្ងៃទី​៩ ខែសីហា លោកស្រី Lam ដែល​រង​សម្ពាធ​ឲ្យ​លាលែង​ពី​តំណែង​ពី​សំណាក់​បាតុករ​នោះ ពន្យល់ថា គ្មាន​ចំណែក​អ្វី​ក្នុងសង្គម ព្រោះ​ពួកគេ​ប្រើប្រាស់​អំពើហិង្សា​ក្នុងពេល​តវ៉ា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​ទីក្រុង​របស់ខ្លួន​។​
 
​បន្ថែម​ពីលើ​នេះ ការសិក្សា​ខាងលើ ក៏​រកឃើញ​ពី​អ្នកចូលរួម​ក្នុង​សកម្មភាព​តវ៉ា​លើកដំបូង​ដែរ​។ ក្នុងចំណោម​បាតុករ​ចំនួន​៦,៦៨៨​នាក់ មាន​១៦,៦​ភាគរយ និយាយថា ការ​ចលនា​ប្រឆាំង​សេចក្ដីស្នើច្បាប់​នេះ ជាស​កម្ម​សង្គម​លើកទីមួយ ឯ​៦០​ភាគរយ​ទៀត​និយាយថា ពួកគេ​ធ្លាប់​ចូលរួម​ក្នុង​ការតវ៉ា​ឆ្នាំ​២០១៤ ម្ដង​រួចហើយ​។ 

Tag:
 ​ហុងកុង​
  ចិន​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com