អន្តរជាតិ
សិង្ហបុរី ហាមឃាត់ការធ្វើជំនួញភ្លុកដំរីក្នុងស្រុក
× ក្រុមប្រឹក្សាឧទ្យានជាតិសិង្ហបុរី (National Parks) ប្រកាសនៅថ្ងៃចន្ទ ទី១២ ខែសីហា ថា សិង្ហបុរីនឹងហាមឃាត់ជំនួញភ្លុកដំរីនៅក្នុងស្រុកចាប់ពីខែកញ្ញា ឆ្នាំ២០២១ ។ ប៉ុន្តែបុរីរដ្ឋមួយនេះ លើកលែងបម្រាមនេះក្នុងករណីមួយចំនួនក្នុងគោលបំណងអប់រំ សាសនាជាដើម។
ការហាមឃាត់នេះមានន័យថា រាល់ការលក់ភ្លុកដំរី និងផលិតផលភ្លុកដំរី នឹងត្រូវបានហាមឃាត់នៅក្នុងប្រទេសសិង្ហបុរី។ ក្រុមប្រឹក្សា National Parks និយាយថា ការដាក់តាំងផលិតផល ដែលធ្វើពីភ្លុកដំរី ក៏មិនត្រូវបានអនុញ្ញាតដែរ។
តាមរយៈការធ្វើសន្និសិទកាសែត ក្រុមប្រឹក្សាដដែល បាននិយាយថា ការហាមឃាត់នៅក្នុងប្រទេសបែបនេះ គឺប្រយុទ្ធប្រឆាំងទៅនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់ស្ថិតក្នុងបញ្ជីប្រភេទសត្វ ដែលមានចែងក្នុងអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិស្ថិតក្នុងភាពអាសន្ន។ ការហាមឃាត់នេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តទៅ។
តាមរយៈទូរទស្សន៍ Channel News Asia ក្រុមប្រឹក្សា National Parks បានបញ្ជាក់ទៀតថា នៅពេលការហាមឃាត់ចូលជាធរមាន ពាណិជ្ជករអាចបរិច្ចាគភ្លុកដំរីមកអោយស្ថាប័ននេះ ក្នុងគោលបំណងសម្រាប់អប់រំ ឬការថែរក្សា។ ប៉ុន្តែការដាក់តាំងជាសាធារណៈភ្លុកដំរី ឬផលិតផល ដែលធ្វើពីភ្លុកដំរីក្នុងគោលបំណងសម្រាប់អប់រំ ឬសាសនា នឹងត្រូវបានអនុញ្ញាត។
ការផ្តល់ការប្រឹក្សាលើការហាមឃាត់ពាណិជ្ជកម្មភ្លុកដំរី គឺធ្វើឡើងតាំងពីឆ្នាំ២០១៧ ជាសាធារណៈជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និងអ្នកចែកចាយភ្លុកដំរី ដោយ៩៩ភាគរយគាំទ្រអោយមានការហាមឃាត់ជំនួញនេះ។
សូមបញ្ជាក់ថា សិង្ហបុរី គឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិស្ថិតក្នុងភាពអាសន្ន ដែលបានហាមឃាត់ការធ្វើជំនួញភ្លុកដំរីតាំងពីឆ្នាំ១៩៩០។ ប៉ុន្តែការអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មភ្លុកដំរីនៅក្នុងស្រុក គឺអាចធ្វើឡើងតែផលិតផលណា ដែលបាននាំចូលតាំងពីមុខឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២១តែប៉ុណ្ណោះ៕
Tag:
ភ្លុកដំរី
សិហ្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com