កីឡាជាតិ
ជាតិ
U18 ម៉ាឡេស៊ី ឡើងទៅឈរលេខ២ក្នុងពូលបណ្តោះអាសន្ន ក្រោយឈ្នះកម្ពុជា ៣-០ កីឡាករ សៀង ចន្ធា (ខៀវ)ព្យាយាមអូសបាល់គេចពីការរារាំងរបស់កីឡាករម៉ាឡេស៊ី, រូបភាពពីហ្វេសប៊ុក FFC
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា(U18) បានប្រកួតចាញ់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៣-០ នាជំនួបពូល B នៃពានរង្វាន់ AFF U18 Championship ដែលធ្វើឡើងនៅទីក្រុងហូជីមិញប្រទេសវៀតណាម។ ការបរាជ័យនេះធ្វើឲ្យក្រុមកម្ពុជា នៅតែមិនអាចជម្រះបញ្ជីចាស់ជាមួយម៉ាឡេស៊ី ដែលបានយកឈ្នះពីរលើកកន្លងមក។ សម្រាប់ជំនួបនៅថ្ងៃអាទិត្យនោះដែរ ក្រុមម្ចាស់ផ្ទះវៀតណាមបានយកឈ្នះសិង្ហបុរីក្នុងលទ្ធផល ៣-០ ខណៈអូស្ត្រាលីយកឈ្នះថៃ ៣-១។
ក្រោយយកឈ្នះថៃជាប្រវត្តិសាស្ត្រ ៤-៣ នាជំនួបលើកទី២ពូល B ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា មិនអាចយកឈ្នះម៉ាឡេស៊ី ដើម្បីកែប្រែកំណត់ត្រាថ្មីក្នុងពានរង្វាន់ AFF U18 Championship បានឡើយ។ ដោយពួកគេបានបន្តចាញ់ម៉ាឡេស៊ី ៣-០ នាជំនួបនៅកីឡដ្ឋាន Thanh Long កាលពីរសៀលថ្ងៃទី១១ ខែសីហា នាទីក្រុងហូជីមិញប្រទេសវៀតណាម។
តាមរយៈលទ្ធផលនេះ បានន័យថា កម្ពុជានៅតែមិនអាចសងសឹកម៉ាឡេស៊ី ដែលបានយកឈ្នះពួកគេកន្លងមកដដែល។ កាលពីឆ្នាំ២០១៧ និង ២០១៨ ម៉ាឡេស៊ីបានយកឈ្នះកម្ពុជាក្នុងលទ្ធផលដូចគ្នា ២-០ បន្ទាប់ពីពួកគេបានបញ្ចប់ដោយគ្មានស៊ុតបញ្ចូលទីនៅឆ្នាំ២០១១។
គ្រាប់បាល់ទាំង៣របស់ម៉ាឡេស៊ី គឺកើតឡើងនៅតង់ទី១ ដោយរកបានម្នាក់មួយគ្រាប់ដោយកីឡាករ Muhammad Mukhairi Ajmal Mahadi, Muhd Muslihuddin Atiq Mat Zahid និង Muhammad Firdaus Ramli។ ប៉ុន្តែនៅតង់ទី២កម្ពុជាធ្វើបានយ៉ាងល្អ ក្រោយទទួលបានដំបូន្មាននិងរៀបចំទម្រង់លេងឡើងវិញរបស់គ្រូបង្វឹកលោក Gyotoku Koji ហើយពួកគេបានបង្កើតឱកាសមាសជាច្រើន តែធ្វើមិនបានសម្រេច។
សម្រាប់ការប្រកួតពូល B នៅថ្ងៃអាទិត្យនោះដែរ ក្រុមម្ចាស់ផ្ទះវៀតណាមបានឈ្នះសិង្ហបុរីក្នុងលទ្ធផល ៣-០ ខណៈអូស្ត្រាលីយកឈ្នះថៃក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅឈរកំពូលតារាងពូល B ដោយមាន៩ពិន្ទុ។
សម្រាប់ជំនួបបន្ទាប់ក្រុម U18 កម្ពុជាត្រូវប្រជែងជាមួយសិង្ហបុរី វេលាម៉ោង៤:៣០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Thong Nhat។ ចំណែកអូស្ត្រាលីប៉ះម៉ាឡេស៊ី ក្រោយម្ចាស់ផ្ទះវៀតណាមតទល់ជាមួយថៃ៕
Tag:
AFF U18 Championship
U18 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com