សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ច​ហុងកុង ផ្តើម​រង្គោះរង្គើ ខណៈ​បាតុកម្ម​អូសបន្លាយ​ជាង​២​ខែ
12, Aug 2019 , 9:59 pm        
រូបភាព
ក្រុមបាតុករ ធ្វើសកម្មភាពនៅអាកាសយានដ្ឋាន កាលពីថ្ងៃទី ៩ ខែសីហា (ប្រភពរូប៖ Reuters)
ក្រុមបាតុករ ធ្វើសកម្មភាពនៅអាកាសយានដ្ឋាន កាលពីថ្ងៃទី ៩ ខែសីហា (ប្រភពរូប៖ Reuters)
ដោយ:
​បន្ទប់​សណ្ឋាគារ​គ្មាន​មនុស្ស​ស្នាក់នៅ​, ហាង​ទំនិញ​គ្មាន​មនុស្ស​ដើរ​ទិញ ហើយ​សូម្បីតែ​ទីតាំង​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ទីក្រុង ហុងកុង «Disneyland» ក៏​ពុំ​សូវ​មាន​អ្នក​ទៅលេង​កម្សាន្ត​ផងដែរ​។ ទន្ទឹមគ្នា​នេះដែរ ប្រជាជន​ហុងកុង​កាន់តែច្រើន ពិចារណា​ផ្លាស់ប្តូរ​ទីលំនៅ ហើយ​សិង្ហ​បុរី ជា​គោលដៅ​ពួកគេ​។ បញ្ហា​ដែល​កើត​ពី​បាតុកម្ម​រាប់​ខែ​ក្នុង​ទីក្រុង​នេះ កំពុង​ជះ​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​។

 
​ប្រធាន​ប្រតិបត្តិ​ទីក្រុង ហុងកុង លោកស្រី Carrie Lam បាន​ព្រមាន នៅ​ថ្ងៃទី​៩ ខែសីហា ថា ហុងកុង ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​អាក្រក់​បំផុត​ពុំ​ធ្លាប់មាន​។ បើ​ធៀប​នឹង​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​ហុងកុង ដែ​ល​បង្កឡើង​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ SARS នៅ​ឆ្នាំ​២០០៣ ឬ វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨ លោកស្រី អះអាងថា «​ស្ថានភាព​ពេលនេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ផង​»​។ 
 
​វិស័យ​ឯកជន ជាពិសេស ឧស្សាហកម្ម​ទេសចរណ៍ បាន​ផ្តើម​គិតគូរ​ថ្លៃ​ខូចខាត ដែល​បណ្តាលមកពី​ការធ្វើ​បាតុកម្ម​អូសបន្លាយ​ពេល​ជាង ២​ខែ​មកនេះ​។ ដំបូង​ឡើយ បាតុកម្ម​នេះ មាន​គោលដៅ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើ​បត្យាប័ន​ជាមួយ​ចិន ប៉ុន្តែ​វា​ពង្រីក​ខ្លួន​កាន់តែ​ធំ​ទៅជា​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។​
 
​ជា​រឿង​ប្រកែក​មិនបាន តួលេខ​ការ​កក់​សណ្ឋាគារ​ជា​ក្រុម​ពី​សំណាក់​ភ្ញៀវទេសចរ​បរទេស បាន​ធ្លាក់ចុះ ៥០​ភាគរយ ខណៈ​ការមកដល់​នៃ​ភ្ញៀ​ង​វ​ទេសចរ​ក្នុង​ខែកក្កដា ក៏​ធ្លាក់ចុះ​យ៉ាងគំហុក​ផងដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហុងកុង លោក Edward Yau គូសបញ្ជាក់ថា អ្វីដែល​បានកើត​ឡើង​ក្នុង​ក្រុង ហុងកុង នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ពិតណាស់ កំពុង​គំរាមកំហែង​ជីវភាព​ប្រជាជន​ហុងកុង ក៏ដូចជា សេដ្ឋកិច្ច​ផងដែរ​។​
 
«​ខ្ញុំ គិតថា ស្ថានភាព​ក្នុង​ទីក្រុង​ហុងកុង កាន់តែ​ធ្ងន់ធ្ងរ​ទៅ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​»​។ លោក Jason Wong ប្រធាន​ក្រុមប្រឹក្សា​ឧស្សាហកម្ម​ទេសចរណ៍​ហុងកុង បញ្ជាក់​បែបនេះ ដោយ​សង្កត់ធ្ងន់ថា ដោយសារតែ​ផលប៉ះពាល់​ពី​បាតុកម្ម​នេះ ភ្នាក់ងារទេសចរណ៍​ជាច្រើន ពិចារណា​បញ្ឈប់​បុគ្គលិក​ខ្លួន​ជា​បណ្តោះអាសន្ន​ដោយ​គ្មាន​ប្រាក់​ឈ្នួ​ល ដើម្បី​ដោះ​ទ័ល​មួយគ្រា​សិន រង់ចាំ​ស្ថានភាព​ធូរស្រាល​។  
 
​រូបភាព​ជាច្រើន​បង្ហាញ​ពី​ការប៉ះទង្គិច​យ៉ាង​ហិង្សា​រវាង​បាតុករ​ហុងកុង និង​កម្លាំង​ប៉ូលិស ដែល​បាញ់​ផ្លោង​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ដងផ្លូវ​នៃ​ក្រុង​ហុងកុង ត្រូវបាន​ចុះផ្សាយ​នៅ​ទំព័រមុខ​ស្ទើរ​គ្រប់​សារព័ត៌មាន​អន្តរជាតិ​ធំៗ នៅ​ជុំវិញ​សាកលលោក​។ ក្នុង​សន្និសីទ​ព័ត៌មាន​មួយ កាលពី​ថ្មីៗ​នេះ ក្រុមបាតុករ​ហុងកុង ក៏បាន​ប្រកាស​បន្ត​ការធ្វើ​បាតុកម្ម​ដែល​នឹង​អូសបន្លាយ​ពេញ​មួយខែ​សីហា​នេះ ខណៈ​ពួកគេ​ចង់​ឲ្យ​រដ្ឋបាល​ក្រុង​ហុងកុង​ស្តាប់​ការទាមទារ​ពួកគេ​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​គណៈកម្មការ​ទេសចរណ៍​ហុងកុង បញ្ជាក់​ឲ្យ​ដឹងថា តួលេខ​នៃ​ភ្ញៀវទេសចរ​កក់​សំបុត្រ​យន្តហោះ និង​សណ្ឋាគារ ក្នុង​ខែសីហា និង​កញ្ញា បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់  ដោយ​អះអាងថា ការប៉ះពាល់​នៃ​សេដ្ឋកិច្ច​បែបនេះ នឹង​អូសបន្លាយ​យូរអង្វែង​ទៀត​។ ម្យ៉ាងវិញទៀត ការចេញ​សេចក្តី​ព្រមាន​ស្តីពី​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហុងកុង ពី​សំណាក់​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ជប៉ុន ក៏​ទំនង​ដាក់បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត លើ​ឧស្សាហកម្ម​ទេសចរណ៍​នេះ​ផងដែរ​។​
 
​ការធ្លាក់ចុះ​នៃ​ការមកដល់​របស់​អ្នកដំណើរ ប៉ះពាល់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​ប្រចាំ​ក្រុង​ហុងកុង Cathay Pacific  ដែល​ត្រូវ​បង្ខំ​លុប​ជើងហោះហើរ​មួយចំនួន​កាលពី​សប្តាហ៍​មុន​។ ការសម្រេច​បែបនេះ ធ្វើឡើង​ខណៈ​បាតុកម្ម​ដែល​កំពុង​បន្ត បង្ក​ភាពចលាចល​កាន់តែខ្លាំង​ក្នុង​ទីក្រុង​។ 
 
​សូម្បីតែ​ទីតាំង​កម្សាន្ត Disneyland របស់​ហុងកុង ក៏​រង​ផលប៉ះពាល់​ផងដែរ ដោយ​នាយក​ប្រតិបត្តិ លោក Bog Iger លើកឡើងថា ក្រុមហ៊ុន​លោក ទទួលស្គាល់​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​បាតុកម្ម​នេះ ។ ចំណែក វិស័យ​លក់រាយ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ព្រោះ​លែង​សូវ​មាន​មនុស្ស​ដើរ​ទិញ​ទំនិញ ហើយ​ពេលខ្លះ ហាង​ទំនិញ​ជាច្រើន ត្រូវ​បង្ខំចិត្ត​បិទទ្វារ កាលណា​បាតុកម្ម​មាន​សភាព​ហិង្សា​ខ្លាំង​។
 
​លើសពីនេះ ចំនួន​ប្រជាជន​ហុងកុង​កាន់តែច្រើន កំពុង​សម្លឹង​រក​ទិញ​ផ្ទះ​ក្នុងប្រទេស​សិង្ហ​បុរី និង​ចុះឈ្មោះ​កូនៗ​ពួកគេ​ឲ្យ​ចូលរៀន​នៅ​ទីនោះ​ផងដែរ​។ សកម្មភាព​នេះ កើតឡើង​ស្រប​ពេលដែល​វិបត្តិ​នយោបាយ​ក្នុង​ទីក្រុង​នេះ​កាន់តែ​ផុង​ជ្រៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ប្រាប់​កាសែត​ហុងកុង South China Morning Post លោក Clarence Foo អនុប្រធាន​ភ្នាក់ងារ​អចល​ទ្រព្យ OrangeTee & Tie បាន​បញ្ជាក់ថា ការស្នើសុំ​ទិញ​ផ្ទះ​ពី​ប្រជាជន​ហុងកុង បាន​កើនឡើង​ប្រមាណ ៣០ ទៅ ៤០​ភាគរយ ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ ។​
 
​ជា​យូរ​មកហើយ ប្រទេស​សិង្ហ​បុរី គឺជា​ទីតាំង​ពេញនិយម​បំផុត​មួយ​ក្នុងចំណោម​ប្រជាជន​ហុងកុង ព្រោះ​វា​នៅ​ជិតគ្នា​។ ប៉ុន្តែ បាតុកម្ម​ផ្ទួនៗ​នៅ​ហុងកុង ដែល​អូសបន្លាយ​ជាច្រើន​សប្តាហ៍​កន្លងទៅ ជះឥទ្ធិពល​លើ​ពលរដ្ឋ​រស់នៅ​ទីនោះ ដោយ​ពួកគេ​ពិចារណា​ផ្លាស់ប្តូរ​ទីលំនៅ​។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក Foo ដែល​បច្ចុប្បន្ន​ទទួលបាន​អតិថិជន​ចំនួន​៥​នាក់​មកពី​ទីក្រុង ហុងកុង​។ លោក បន្ថែមថា អ្នក​ទាំងនោះ រាប់បញ្ចូល​ទាំង​មនុស្ស​មានគ្រួសារ និង​នៅ​លីវ ដែល​កំពុង​ស្វែងរក​ទីកន្លែង​រស់នៅ​ថ្មី ឬ​ទុកជា​ផ្លូវ​ក្រោយ​សម្រាប់​ពេលនេះ ៕

Tag:
 ហុងកុង​
  ចិន​
  សេដ្ឋកិច្ច​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com