ជាតិ
សង្គមជាតិ
មន្ត្រី​រដ្ឋាភិបាល ស្នើ​ឲ្យ​ម្ចាស់​សំណង់ ទិញ​ធានារ៉ាប់រង ដើម្បី​ជួយ​ដោះស្រាយ ពេល​មាន​អគ្គិភ័យ​
12, Aug 2019 , 10:19 pm        
រូបភាព
លោក អ៊ុក គឹមលេខ ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយចាកចេញពីពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា
លោក អ៊ុក គឹមលេខ ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយចាកចេញពីពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា
​លោក អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជំរុញ​ម្ចាស់​សំណង់​ឬ​ម្ចាស់​អគារ​នានា ឲ្យ​ទិញ​ធានារ៉ាប់រង ដើម្បី​ក្រុមហ៊ុន​ធានារ៉ាប់រង​ជួយ​ដោះស្រាយ ក្នុងករណី​សំណង់​ឬ​អគារ​របស់ខ្លួន ជួប​ឧបទ្ទវហេតុ​ណាមួយ ជាពិសេស​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​។ លោក លើកឡើងថា ការទិញ​ធានារ៉ាប់រង​នេះ គឺជា​ការណែនាំ​របស់​ស​ម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កន្លងមក​។​


 
​ធ្វើជា​អធិបតី​ជំនួស​សម្តេច​រដ្ឋមន្ត្រី​មហាផ្ទៃ ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ លោក អ៊ុក គឹម​លេខ ថ្លែងថា​៖«​មិនមែន​ជួយ [​ផ្សព្វផ្សាយ​] ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទេ តែ​យើង​គិតថា ត្រូវមាន​អាហ្នឹង ជាការ​ចាំបាច់​»​។ 
 
​លោក​រដ្ឋលេខាធិការ បន្តថា ដោយសារតែ​សំណង់​ឬ​អគារ គ្មាន​ធានារ៉ាប់រង ទើប​រដ្ឋាភិបាល ក៏ដូចជា​សមត្ថកិច្ច តែង​ចេញមុខ​ដោះស្រាយ​តែម្នាក់ឯង ពេល​សំណង់​ឬ​អគារ​នោះ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​។ លោក បន្ថែមថា បើ​មាន​ធានារ៉ាប់រង សំណង់​ឬ​អគារ​នោះ នឹង​ទទួលបាន​ការជួយ​ដោះស្រាយ​រួមគ្នា​ពី​សំណាក់​សមត្ថកិច្ច​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​។​
 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​រូបនេះ បញ្ជាក់ថា​៖«​យើង​ជួយ​តាមដាន​មើល​មួយ​ជំហាន ក្រុមហ៊ុន​ធានារ៉ាប់រង ជួយ​មួយ​ជំហាន​ទៀត ព្រោះ​គាត់​ជា​អ្នកធានារ៉ាប់រង​។ ដល់​អ៊ីចឹង យើងទាំងអស់គ្នា យើង​រួមគ្នា​ជួយ​»​។ 
 
​របាយការណ៍​បង្ហាញថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ​កើតឡើង​៤២៩​លើក បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់ និង​៤៦​នាក់​របួស ហើយ​ឆេះ​ផ្ទះ​អស់​៤១៨​ខ្នង​។ របាយការណ៍ បង្ហាញ​ទៀតថា រាជធានី​ភ្នំពេញ មាន​អគ្គិភ័យ​ច្រើនជាងគេ គឺមាន​៥៤​លើក ហើយ​បន្ទាប់មក គឺ​ខេត្តសៀមរាប ដែលមាន​៤២​លើក​៕

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com