កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា ឈុត​បម្រុង Man City ល្អ​ជាង Man Utd, Chelsea និង Arsenal ទៅទៀត​
12, Aug 2019 , 10:39 pm        
រូបភាព
​លោក Jose Mourinho មើលឃើញថា​មានតែ​ក្រុម Tottenham Hotspurs, Liverpool និង Manchester City ប៉ុណ្ណោះ​ដែល​អាច​ប្រជែង​ពានរង្វាន់ Premier League រដូវ​កាល ២០១៩-២០ នេះ​។ អ្វីដែល​ពិសេស​នោះ អតីត​អ្នកចាត់ការ​ទូទៅ Manchester United រូបនេះ​សង្កត់ធ្ងន់ថា សូម្បីតែ​ក្រុម​ឈុត​បម្រុង Man City ក៏​អាច​ប្រជែង​យកពាន​កំពូល​អង់គ្លេស​នេះ​បានដែរ​។​


 
Man United, Chelsea និង Arsenal មិន​ស្ថិតក្នុង​ក្រសែភ្នែក​របស់លោក Mourinho ឡើយ​បើទោះជា​ពួកគេ​បាន​នាំចូល​កីឡាករ​ល្អៗ​មួយចំនួន​សម្រាប់​រដូវ​កាល​នេះ​ក្តី​។ ការប្រកួត​បើកឆាក​សប្តាហ៍​ទី​១​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស Liverpool បាន​យកឈ្នះ Norwich City ៤-១ ហើយ Spurs ស៊ី Aston Villa ៣-១ ខណៈ​ម្ចាស់​ជើងឯក​ចាស់ Man City ល​ទ់​ម្ចាស់ផ្ទះ West Ham United ដល់​ទៅ ៥-០​។ 
 
​ឆ្លងកាត់​ការប្រកួត​ដំបូង​នេះ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​សព្វថ្ងៃ​ទំនេរ​ពី​ការងារ​ដឹកនាំ​ក្រុម​ទៅធ្វើជា​ពិធីករ​សម្រាប់​កម្មវិធី​កីឡាបាល់ទាត់​ហ៊ាន​អះអាងថា ហង្ស​ក្រហម មេឃ​ខៀវ និង​មាន់​ខ្នាយ​មាស​ជា​បេក្ខភាព​ល្អ​បំផុត​ដែល​អាច​ដណ្តើមពាន​ក្នុងចំណោម​ក្រុម​ទាំង​២០​។​
 
​នៅពេល​សួរថា​តើ​ក្រុម​ណា​នឹងត្រូវ​ប្រជែង​ពាន​រដូវ​កាល​នេះ​? លោក Mourinho បាន​ប្រាប់​ទូរទស្សន៍ Sky Sports មុន​ជំនួប Man Utd និង Chelsea ថា​មាន​បួន​ក្រុម​រួមមាន Man City, Spurs, Liverpool និង  Man City ឈុត B​។ 
 
«​នៅពេល​ខ្ញុំ​មើលទៅ​កីឡាករ​បម្រុង របស់ Man City ខ្ញុំ​គិតថា​សូម្បីតែ​ឈុត B របស់​ពួកគេ​ក៏​អាច​ប្រជែង​ដណ្តើម​ជើងឯក​បានដែរ​។ បើ​ទោះ Man Utd ទល់នឹង Chelsea ក្រុម​មួយណា​លេង​ល្អ​ជាង​ក្រុម​ណាក៏ដោយ​ក៏​ខ្ញុំ​មិន​ជឿថា​ពួកគេ​អាច​ដណ្តើមពាន​នេះ​បានដែរ​។ Arsenal ក៏​ដូចគ្នា ប៉ុន្តែ​ខ្ញុំ​គិតថា Spurs អាចទៅរួច​»៕

Tag:
 បាល់ទាត់​
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com