អន្តរជាតិ
កូរ៉េខាងជើង​ប្រកាស​គាំទ្រ​ចំណាត់ការ​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​បាតុកម្ម​នៅ​ហុងកុង​
12, Aug 2019 , 6:00 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង
 
​ចុង​សប្តាហ៍​នេះ កូរ៉េខាងជើង​បានបង្ហាញ​ការគាំទ្រ​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​បាតុកម្ម​ទាមទារ​រក​ល​ទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​ច្រើនជាង​មុន​ក្រោម​ការគ្រប់គ្រង​របស់​ចិន​ពី​សំណាក់​ប្រជាជន​ហុងកុង​។​


 
​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ពត៌មាន​កូរ៉េខាងជើង KCNA អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​កូរ៉េខាងជើង និយាយថា វា​គឺជា​គោលជំហរ​សំខាន់​របស់​កូរ៉េខាងជើង​ដែល​បង្ហាញថា ទោះ​កាលៈទេសៈ​ណាក៏ដោយ ការបំផ្លាញ​អធិបតេយ្យភាព​ដែនដី និង​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រទេស​ចិន​មិនត្រូវ​អនុញ្ញាត​ឲ្យ​កើតមាន​ដាច់ខាត​។  
 
​អ្នកនាំពាក្យ​រូបនេះ​ក៏បាន​អះអាងថា កងកម្លាំង​ទ័ព​បទេស​កំពុង​ព្យាយាម​រំលោភបំពាន​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នៅ​ទីក្រុង​ហុងកុង​ដោយ​ឥត​សំចៃ​ដៃ ហើយ​បំផ្លាញ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ដោយ​ជ្រៀតជ្រែក​បញ្ហា​ដែលជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​
 
​យ៉ាងណាក៏ដោយ មន្ត្រី​កូរ៉េខាងជើង មិនបាន​និយាយ​ចំៗ​ថា ប្រទេស​ណាមួយ​ឲ្យ​ប្រាកដ​ឡើយ​។ 
 
​ការលើកឡើង​របស់​ខាងលើនេះ បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​អ្នកជិតខាង​ទាំងពីរ ក្រោយ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង កាលពី​ខែឧសភា​។​
 
​វា​គ្មានអ្វី​ចម្លែក​ទេ​ដែល​កូរ៉េខាងជើង​ថ្លែង​គាំទ្រ​ចិន ដ្បិត​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់បំផុត​របស់​កូរ៉េខាងជើង​។ ម្យ៉ាង​ចិន​ក៏​បន្ត​ជា​ខ្នងបង្អែក​ផ្នែក​នយោបាយ ការទូត និង​ជា​ប្រភពធនធាន​នៃ​អាហារ​និង​ឥន្ធនៈ​ផងដែរ​។ ការណ៍​នេះហើយ​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង មាន​ឥទ្ធិពល​ខ្លាំង​លើ​ទីក្រុង​ព្យុងយ៉ាង​៕

Tag:
 ​ហុងកុង​
  កូរ៉េខាងជើង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com