ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មេ​សិទ្ធិមនុស្ស បង្កើត​ក្រុមអ្នកច្បាប់​និង​មេធាវី «​ឃ្លាំមើល​តុលាការ​» ដើម្បី​ធានា «​យុត្តិធម៌​»
12, Aug 2019 , 6:12 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (ឆ្វេងដៃ) និង លោក ជិន ម៉ាលីន ដែលត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (ឆ្វេងដៃ) និង លោក ជិន ម៉ាលីន ដែលត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស
​ដោយ​៖ ឆាយ រង្សី
 
​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​សេចក្តីសម្រេច​មួយ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។


 
​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស មាន​តួនាទី​សំខាន់​មួយ គឺ «​ឃ្លាំមើល​ដំណើរការ​សវនាការ​និង​ដំណើរការ​នីតិវិធី​របស់​តុលាការ​» ដើម្បី​ធានា​ឲ្យ​បាន​នូវ «​សិទ្ធិ​ទទួលបាន​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​» និង ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការធ្វើ​របាយការណ៍​ជូន​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ការធ្វើ​របាយការណ៍​នេះ គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនេះ «​មាន​វិធានការ​ច្បាប់​និង​វិន័យ​» ។ 
 
​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស នៅមាន​តួនាទី​សំខាន់​មួយទៀត គឺ «​ជួយ​ការពារ​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​» ដែល​គ្មាន​លទ្ធភាព ជាពិសេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​។ ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស ក៏​អាច​ផ្តល់យោបល់​ផ្នែក​ច្បាប់​ដល់​ពួកគាត់ និង ជួយ​សម្រុះសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ផងដែរ​។ 
 
​ក្រៅពីនេះ ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស គឺជា​អ្នកផ្តល់យោបល់​ផ្នែក​ច្បាប់​ដល់​ស្ថាប័ន​របស់ខ្លួន​ផ្ទាល់ គឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​
 
​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស មាន​លោក ជិន ម៉ា​លីន ជា​ប្រធាន អមដោយ​អនុប្រធាន​២​រូប គឺ​លោក ខៀវ តុលា និង លោក កេង សុ​ម៉ា​រតន៍ រួមទាំង​សមាជិក​១៥​រូប​ទៀត​។ ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស អាច​នឹង​បន្ថែម​អ្នកច្បាប់​និង​មេធាវី​ដទៃទៀត ជា​សមាជិក​ដែរ បើ​ចាំបាច់​។ 
 
​លោក ជិន ម៉ា​លីន ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស គឺជា​អនុប្រធាន​និង​ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ហើយក៏​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងយុត្តិធម៌​ផងដែរ​។ ចំណែក​អនុប្រធាន​ទាំង​២​រូប គឺជា​មេធាវី​និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ហើយ​សមាជិក​ទាំង​១៥​រូប សុទ្ធតែជា​មេធាវី​និង​ជា​អ្នកច្បាប់​។ 
 
​គណៈកម្មាធិការ​សិទ្ធិ​មន​សុស្ស​កម្ពុជា ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ដែល​ត្រូវការ​ជំនួយ​ផ្នែក​ច្បាប់ ឲ្យ​ទាក់ទង​ទៅកាន់​នាយកដ្ឋាន​បណ្តឹង​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា  ដែលមាន​ទីតាំងនៅ​អគារ​លេខ​៣ ផ្លូវ​VI13 ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ឬ អាច​ហៅ​ទូរ​សព្ទ​ទៅ​លេខ ០២៣ ៨៨២ ០៦៥ និង លេខ ០១២ ៨៨៦ ១២០​។ 
 
​សូម​រម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្កើត​ក្រុម​មេធាវី​មួយក្រុម​ដែរ ហៅថា «​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន​» ដោយមាន​លោក គី តិច ជា​ប្រធាន​។ ក្រុម​មេធាវី​នេះ មាន​គោលដៅ​ប្រឹក្សា​ច្បាប់​និង​ធ្វើជា​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកក្រីក្រ ប៉ុន្តែផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើស្រ្តី៕ 

Tag:
 ​តុលាការ​
  ច្បាប់​
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com