ជាតិ
សេដ្ឋកិច្ច
ក្នុង​១​ឆ្នាំ ស្រូវ​របស់​កម្ពុជា​ហូរ​ចេញទៅ​វៀតណាម និង​ថៃ ២​ទៅ​៣​លាន​តោន​
12, Aug 2019 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈ​ការនាំ​អង្ករ​របស់​កម្ពុជា​កើន​តិចតួច​តួច ការហូរ​ចេញ​ស្រូវ​ទៅ​ប្រទេសជិតខាង​មាន​ចំនួន​ធំ​។ បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  ស្រូវ​របស់​កម្ពុជា​ហូរ​ទៅ​ក្រៅ​យ៉ាងតិច ២​ទៅ​៣​លាន​តោន​ក្នុង​មួយឆ្នាំ​។


 
​ក្នុង​សន្និបាត​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​៩​ខែសីហា លោក វេ​ង សាខុន បាន​ថ្លែង​ដូច្នេះ​ថា​៖«​នាំ​ស្រូវ​ពី​កម្ពុជា​ទៅ​វៀតណាម របាយការណ៍​បាន​សរុប​ប្រមាណ ១​លាន​និង​៥៧​ម៉ឺន​តោន ទន្ទឹមនឹង​យើង​នាំចេញ​អង្ករ​បាន ៣០,៨​ម៉ឺន​តោន ដែល​កើន​តូច​បំផុត ៣,៧​ភាគរយ​នៅ​រយៈពេល​៧​ខែ​ឆ្នាំនេះ អ៊ីចឹង​ពុំមាន​ក្ដីសង្ឃឹម​ថា​កើន​ខ្ពស់​នោះទេ​»​។ 
 
​សំឡេង​ប្រសាសន៍​លោក វេ​ង សាខុន ៖



 
​លោក វេ​ង សាខុន លើកឡើងថា នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​។ «​យើង​មាន​ឃ្លាំង មិន​ប្រាកដថា​ទទួលបាន​ជោគជ័យ​នោះទេ​។ យើង​ត្រូវ​សាមគ្គី​ជា​ធ្លុង​មួយ គឺ​ដណ្ដើម​ទីផ្សារ ទី​២​គឺ​ការផលិត​ពូជ​សុទ្ធ ដែល​ក្រុមហ៊ុននាំចេញ​ត្រូវ​ជួយ​សហគមន៍​ផលិត​ពូជ ដោយ​ផលិត និង​យកទៅលក់ ប្រាកដថា​ពូជ​នោះ​សុទ្ធ​ហើយ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក វេ​ង សាខុន មុននឹង​បន្ត​ដូចនេះ​ទៀតថា​៖«​សួរ​ប្រជាជន​ថា​ផលិត​ពូជ​អ្វី គាត់​អត់​ដឹង​ទេ ដឹង​តែ​យក​ពូជ​វៀតណាម ហើយ​គេ​យក​ឡាន​មកដល់​ដីស្រែ​របស់គាត់​»​។​
 
​ជុំវិញ​ការហូរ​ចេញ​ស្រូវ​ទៅ​ប្រទេសជិតខាង លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ដែល​ទើប​ជាប់ឆ្នោត​ថ្មី បាន​ឲ្យ​ដឹងថា កសិករ​ដាំ​ស្រូវ​ទៅតាម​ទីផ្សារ​ប្រមូល​ទិញ​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១២​ខែសីហា​ដូច្នេះ​ថា​៖«​នៅពេល​មាន​ទីផ្សារ​ប្រមូល​ទិញ​ពេល​ប្រមូល​ផល អ្នក​ផលិត​គឺ​ផលិត​ពូជ​នោះ​ហើយ ជាធម្មតា​គឺ​អ៊ីចឹង​ហើយ ព្រោះ​សេដ្ឋកិច្ច​ទីផ្សារសេរី​គឺ​បែបនេះ​»​។ 
 
​លោក ហ៊ុន ឡាក់ បន្តទៀតថា ក្នុង​រយៈពេល​ខ្លី ឬ​បណ្ដោះអាសន្ន ការហូរ​ចេញ​ស្រូវ​ទៅ​វៀតណាម​នេះ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កសិករ ដែល​ត្រូវ​ការលក់​ស្រូវ​យក​ទុន​ភ្លាមៗ​។ ប៉ុន្តែ​ក្នុង​រយៈពេល​វែង លោក ហ៊ុន ឡាក់ យល់ថា ការជំរុញ​នាំចេញ​អង្ករ​ឲ្យ​បាន​ច្រើន គឺ​រឿង​សំខាន់ ព្រោះ​ចំណេញ​ដល់​សេដ្ឋកិច្ច​។ លោក​ប្រាប់ថា បើ​នាំចេញ​អង្ករ​បាន​ច្រើន នោះ​នឹង​ចំណេញ​អនុផល​ផ្សេង​ដូចជា អង្កាម ចុងអង្ករ កន្ទក់ សម្រាប់​ផលិត​ជា​ថាមពល ជី ចំណី​សត្វ ព្រមទាំង​ផ្ដល់​ការងារ​ជាដើម​។ 
 
​ដើម្បី​ជំរុញ​បរិមាណ​នាំចេញ​អង្ករ លោក ហ៊ុន ឡាក់ អះអាងថា កម្ពុជា​ត្រូវ​ដាំ​ដុះ​ពូជស្រូវ​ត្រូវ​តាម​ទីផ្សារ និង​ផ្ដល់​ទិន្នផល​ខ្ពស់ និង​បន្ថយ​ថ្លៃដើម​ផលិត ដូចជា​តម្លៃ​អគ្គិសនី ការដឹកជញ្ជូន បន្ទាប​អត្រា​ការប្រាក់​ធនាគារ​ជាដើម​។ បញ្ហា​ថ្លៃដើម​ផលិត​នៅ​ខ្ពស់​នេះ ដែល​លោក ហ៊ុន ឡាក់ អះអាងថា​ជា​មូលហេតុ​កម្ពុជា​ចាញ់​ការដេញថ្លៃ​លក់​អង្ករ​ជាមួយ​ប្រទេស​វៀតណាម​៕ 
 

Tag:
 អង្ករ​
  ស្រូវ​
  វេ​ង សាខុន​
  ហ៊ុន ឡាក់​
© រក្សាសិទ្ធិដោយ thmeythmey.com