ជាតិ
វាគ្មិនសំខាន់ៗសម្រាប់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានវ័យក្មេងថ្ងៃ១៤-១៦សីហា
13, Aug 2019 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្នុងន័យពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍព័ត៌មានបារាំង CFI (Canal France International) ក្រោមគម្រោង«ព័ត៌មានទន្លេមេគង្គ» (Mekong News) សហការជាមួយសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com នឹងបើកវគ្គបណ្តុះបណ្តាល ស្តីពីរបៀបសរសេរព័ត៌មានសម្រាប់សារព័ត៌មានអេឡិចត្រូនិក (អនឡាញ) នៅថ្ងៃទី១៤-១៥-១៦ ខែសីហានេះ នៅទីក្រុងភ្នំពេញ។



វគ្គ​ពិសេស​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៤, ១៥ និង​១៦​ ខែសីហា​នេះ នឹង​ផ្តោតលើ​របៀប​សរសេរ​, របៀប​ចាប់​មុំ​, គំនិត​ប្រធានបទ​, របៀប​ធ្វើ​សេចក្តីរាយការណ៍​សម្រាប់​សារព័ត៌មាន​អេឡិចត្រូនិក (​អន​ឡាញ​), ការប្រើប្រាស់​រូបភាព​, កា​រក្សា​សុវត្ថិភាព​ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​, ឥទ្ធិពល​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​, ស្ត្រី និង​សារព័ត៌មាន និង​ក្រមសីលធម៌​។ 
 
​ក្រោយ​ការសិក្សា សិក្ខាកាម​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ ពី​ស្ថាប័ន CFI និង thmeythmey.com​។ សាស្ត្រាចារ្យ​ក្នុង​វគ្គ​សិក្សា​នេះ គឺ​ជនជាតិ​បារាំង កាណាដា និង​ខ្មែរ​។ គម្រោង​បណ្តុះបណ្តាល​នេះ ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ពី​ក្រសួង​អឺរ៉ុប និង​កិច្ចការបរទេស ​នៃ​សាធារណៈរដ្ឋ​បារាំង​។ សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​របស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះ​មាន​៖ កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម នៅក្នុង​តំបន់​មេគង្គ​។ វាគ្មិន​សំខាន់ៗ ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ មានដូចជា​៖ 
 
​លោក Pierre Gillette៖ អតីត​និពន្ធ​នាយក​សារព័ត៌​មានបារាំង Cambodge Soir និង​បច្ចុប្បន្ន​ជា​អ្នកនិពន្ធ​សៀវភៅ​
 
​លោក ប៉ែន បូ​ណា​៖ បច្ចុប្បន្ន​ជា​និពន្ធ​នាយក​នៃ​ទូរទស្សន៍ PNN និង​ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​
 
​លោក ងួន សេ​រ័ត្ន​៖ ស្ថាបនិក​នៃ​អន​ឡាញ Health.com.kh និង​ជា​សាស្ត្រាចារ្យ​សារព័ត៌​មាននៅ DMC នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
 
​លោក គី សុខ​លីម​៖ ស្ថាបនិក​នៃ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com 
 
​លោក ម៉ក់ រ៉េមី​ស្សា​៖ អ្នកជំនាញ​ថតរូប​បែប​សារព័ត៌មាន​
 
​លោក ង៉ែត ម៉ូ​សេ​៖ អ្នកជំនាញ​ផ្នែក​រក្សា​សុវត្ថិភាព​ព័ត៌មាន​តាម​បណ្តាញ​អន​ឡាញ​
 
​លោកស្រី Michelle Vachon៖ អ្នកសារព័ត៌មាន​ផ្នែក​សង្គម (​ស្ត្រី និង​សារព័ត៌មាន​)
 
​លោក ជាវ សំណាង​៖ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com​ ៕
 

Tag:
 CFI
  វគ្គបណ្ដុះបណ្ដាល
  អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com