រថយន្ត
អន្តរជាតិ
​នៅ​ក្រុង​ម៉ុម​បៃ ការរកស៊ី​ដេញជើង​គ្នាច្រើន ប៉ុន្តែ​ចុះបញ្ជី​ម៉ូតូ Rickshaw ថយចុះ​យ៉ាងខ្លាំង​
12, Aug 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ការិយាល័យ​ដឹកជញ្ជូន​នៅ​៤​តំបន់​ក្នុង​ក្រុង​ម៉ុម​បៃ ប្រទេស​ឥណ្ឌា បង្ហាញ​ពី​តួលេខ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ទាក់ទង​នឹង​ការចុះបញ្ជី​ម៉ូតូ​កង់​បី Rickshaw ដោយមាន​ត្រឹមតែ​ប្រមាណ​ជាង​៤០០​គ្រឿង​ប៉ុណ្ណោះ ចន្លោះ​ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Mumbai Mirror​។​

 
​ម៉ូតូ​កង់​បី Rickshaw មានការ​ប្រកួតប្រជែង​យ៉ាងខ្លាំង​លើ​ការផ្តល់សេវា​ដឹកជញ្ជូន​ដែល​ហៅ​តាម App នៅ​ក្រុង​ម៉ុម​បៃ ប្រទេស​ឥណ្ឌា ដែល​នាំមុខ​ដោយ​ក្រុមហ៊ុន Ola និង Uber​។ បើ​ប្រៀបធៀប កាលពី​ឆ្នាំ​២០១៨ អាជ្ញាធរ​ជំនាញ​នៅ​ក្រុង​ម៉ុម​បៃ បានបង្ហាញ​ផងដែរ​ថា មានតែ​៣០​ភាគរយ​ក្នុងចំណោម Rickshaw សរុប​ជិត​១៥០០០​គ្រឿង​ដែល​បាន​ទៅ​ចុះបញ្ជី​។​
 
​បច្ចុប្បន្ន ក្រុមហ៊ុន BEST បាន​ចូលរួម​ប្រកួតប្រជែង​តាមរយៈ​ការផ្តល់​សេវាកម្ម​ដឹកជញ្ជូន​តាម​រថយន្ត​ក្នុង​តម្លៃថោក ដែល​ធ្វើ​ឲ្យ​អ្នក​ប្រកប​អាជីព​រត់​ម៉ូតូ Rickshaw ជួប​បញ្ហា និង​ត្រូវ​បង្ខំចិត្ត​រក​ការងារ​ផ្សេង​ចិញ្ចឹមជីវិត​។​
 
​មន្ត្រី​ទទួលបន្ទុក​ដឹកជញ្ជូន​ម្នា​ក់នៅ​ក្រុង​ម៉ុម​បៃ បានបញ្ជាក់​ឲ្យ​ដឹងថា​៖ «​កន្លងមក យើង​ទទួលបាន​ការស្នើសុំ​ចុះបញ្ជី​ប្រមាណ​១០០​គ្រឿងក្នុង​១​ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន មានតែ​៥​ទៅ​១០​គ្រឿង​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​»​។​
 
​កន្លងមក ក្រុមហ៊ុន Ola និង Uber បាន​គ្របដណ្តប់​លើ​សេវាកម្ម​ដឹកជញ្ជូន​នៅ​ក្រុង​ម៉ុម​បៃ ប៉ុន្តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អ្នកធ្វើដំណើរ បានជ្រើសរើស​សេវាកម្ម BEST ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​រថយន្ត​លើ​ចម្ងាយ​ឆ្ងាយ​ជាមួយនឹង​តម្លៃថោក​។​
 
​ថ្នាក់ដឹកនាំ​សហភាព​ផ្នែក​ដឹកជញ្ជូន​នៅ​ឥណ្ឌា បានទាមទារ​ទៅ​រដ្ឋាភិបាល​សហព័ន្ធ កំណត់​គោលការណ៍​តម្លៃ​ឲ្យ​បាន​ច្បាស់ ជាជាង​ការលើកទឹកចិត្ត​ឲ្យ​មានការ​បញ្ចុះតម្លៃ​សេវាកម្ម សម្រាប់​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com