រថយន្ត
អន្តរជាតិ
ប៉ូលិសក្រុងបាងកក ត្រូវទៅប្រឡងច្បាប់ចរាចរណ៍ ដើម្បីវាស់ស្ទង់សមត្ថភាព ប្រភពរូប៖ Phuket News
× ការិយាល័យប៉ូលិសក្រុងបាងកក នឹងបញ្ឈប់ប៉ូលិសពីការចេញបណ្ណផាកពិន័យចរាចរណ៍ ប្រសិនបើពួកគេបរាជ័យក្នុងការប្រឡងថ្មីមួយ ដែលមានគោលដៅវាស់ស្ទង់ចំណេះដឹងពួកគេពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍។
នៅថ្ងៃសុក្រ ទី៩ សីហា ស្នងការរងប៉ូលិសក្រុងបាងកក លោក Sukhun Prommayon បញ្ជាក់ឲ្យដឹងថា មន្ត្រីប៉ូលិស ត្រូវរកពិន្ទុយ៉ាងហោចណាស់ ៨០ភាគរយ ទើបជាប់ការប្រឡង ឬពួកគេ ត្រូវទម្លាក់មកធ្វើការរដ្ឋបាល និងការងារទំនាក់ទំនងសាធារណៈ (PR) ឬគ្រាន់តែជួយមិត្តរួមក្រុមពួកគេហៅយានយន្តឲ្យឈប់ប៉ុណ្ណោះ។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក Sukhun គូសបញ្ជាក់ថា មន្ត្រីទាំងអស់ គួរតែយល់ដឹងជ្រៅជ្រះពីច្បាប់ ដែលពួកគេអនុវត្ត។ ដូច្នេះ ពួកគេ អាចកំណត់អត្តសញ្ញាណ និងពន្យល់ដោយត្រឹមត្រូវពីកំហុសឆ្គងដែលអ្នកបើកបរបានប្រព្រឹត្ត។
វា មានការលើកឡើងជាច្រើនរវាងប៉ូលិសចរាចរណ៍ និងអ្នកបើកបរយានយន្ត ដែលចោទប្រកាន់មន្ត្រីខ្លះអនុវត្តច្បាប់ចរាចរណ៍ដោយមិនត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់លោក Sukhun ដោយអះអាងថា ដើម្បីបញ្ចៀសរឿងខុសឆ្គងបែបនេះ ចាប់ពីពេលនេះតទៅ មានតែប៉ូលិសដែលមានចំណេះដឹងជ្រៅជ្រះពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ប៉ុណ្ណោះ ទើបអាចចេញបណ្ណផាកពិន័យបាន។
សំណួរជ្រើសជ្រើស (MCQ) រហូតដល់ទៅ ១ពាន់សំណួរ ត្រូវបានរៀបចំរួចរាល់។ មន្ត្រី ១០០នាក់ នឹងត្រូវជ្រើសរើស និងដាក់ការងារឲ្យធ្វើនៅតាមប៉ុស្តិ៍ប៉ូលិសក្រុងចំនួន ៩ និងស្ថានីយ៍ប៉ូលិសចំនួន ៨៨ ផ្សេងទៀត នៅទូទាំងក្រុង បាងកក។ លោក Sukhun បញ្ជាក់បែបនេះ ។
មន្ត្រីប៉ូលិសរហូតដល់ ៣០០០នាក់ នឹងចូលរួមធ្វើការប្រឡង នាដើមខែកញ្ញាខាងមុខ។ ប្រសិនបើពួកគេ ធ្លាក់ការប្រឡង ពួកគេនឹងមានឱកាសប្រឡងជាថ្មី។ ប្រសិនបើពួកគេ នៅតែពុំអាចរកពិន្ទុច្រើនទៀត ពួកគេប្រហែលត្រូវផ្លាស់ប្តូរតួនាទី ឬទីតាំងឈរជើង។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ប៉ូលិសប្រមាណ ៥ពាន់នាក់ ធ្លាប់ត្រូវបានដាក់បញ្ជាឲ្យធ្វើការប្រឡងដូចគ្នាបែបនេះ។ កាលនោះ មន្ត្រីប៉ូលិស ត្រឹមតែ ២៦នាក់ប៉ុណ្ណោះ បានប្រឡងធ្លាក់ ហើយពួកគេ លែងត្រូវបានអនុញ្ញាតឲ្យចេញបណ្ណផាកពិន័យបន្តទៀត៕
Tag:
ថៃ
ចរាចរណ៍
ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com