ជាតិ
ស្រូវជិត១,៦ម៉ឺនហិកតានៅសៀមរាប ងាប់បណ្តើរៗ ព្រោះគ្មានភ្លៀង ខណៈខេត្តផ្សេង ជួបគ្រោះទឹកជំនន់ ប្រភពរូប ពីAKP
× ភ្នំពេញ៖ ខេត្តព្រះសីហនុ កំពត និងរតនគិរី កំពុងជួបនូវគ្រោះជំនន់ទឹកភ្លៀង តែខេត្តសៀមរាប កំពុងរងគ្រោះដោយសារគ្មានភ្លៀងធ្លាក់ទៅវិញ ដែលបណ្តាលឲ្យដំណាំស្រូវជិត១,៦ម៉ឺនហិកតា ក្នុងស្រុក៨ កំពុងប្រឈមនឹងការខូចខាត។ ក្នុងនោះមានស្រូវចំនួន៥៥៥ហិកតា ក្នុងស្រុកក្រឡាញ់ ស្រុកពួក និងស្រុកសូទ្រនិគម បានងាប់និងខូចខាតទាំងស្រុង។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តសៀមរាប កាលពីថ្ងៃទី១១ សីហា។
លោក លី សំរឹទ្ធ អភិបាលរងរខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តសៀមរាប កំពុងតែជួបកូនរដូវប្រាំងដែលអូសបន្លាយយូរ ធ្វើឲ្យស្រូវជាច្រើន បានស្វិត និងងាប់ជាបណ្តើរៗ ហើយនៅក្នុងរយៈពេលមួយសប្តាហ៍ទៀត បើមានភ្លៀងធ្លាក់ស្រូវមួយចំនួនធំ អាចសង្គ្រោះបាន។ ប៉ុន្តែ បើគ្មានភ្លៀងធ្លាក់ទេ ស្រូវជាច្រើនអាចនឹងខូចខាតទាំងស្រុង។ លោកបានបញ្ជាក់ថា ស្រុកដែលមានស្រូវរងគ្រោះរាំងស្ងួតច្រើនជាងគេ គឺមានស្រុកពួក ស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារកម្ពុជា (AKP)។
AKP បានស្រង់សម្តីរបស់លោក លី សំរឹទ្ធ យ៉ាងដូច្នេះថា៖«ពាក់ព័ន្ធនឹងគ្រោះរាំងស្ងួតនេះ អាជ្ញាធរខេត្តបានប្រើប្រាស់មន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវទាំងនោះ ប៉ុន្តែការជួយសង្គ្រោះនេះ គឺបានសម្រាប់តែស្រែដែលមានប្រព័ន្ធធារាស្ត្រធំៗនៅជិតប៉ុណ្ណោះ។ សម្រាប់ស្រែដែលគ្មានប្រភពទឹកនៅជិត យើងមិនអាចជួយបានទេ ដោយមានតែរង់ចាំទឹកភ្លៀងមួយមុខប៉ុណ្ណោះ»។
ដោយឡែក ក្រៅពីខេត្តព្រះសីហនុ កំពត និងរតនគិរី ក៏មានខេត្តកោះកុង និងបណ្តាខេត្តមួយចំនួនទៀត បានជួបគ្រោះជំនន់ទឹកភ្លៀង ចាប់តាំងពីថ្ងៃទី៥សីហា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មានតំបន់មួយចំនួនទឹកមិនទាន់ស្រក់អស់នៅឡើយទេ៕
Tag:
កសិកម្ម
ស្រូវ
ភ្លៀង
ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com