កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​អ្នកគាំទ្រ​លើក​បដា​ដេញ Neymar គ្រូ PSG ថា​ក្លិប​កំពុង​ចរចា​ជាមួយ Real និង Barca
12, Aug 2019 , 11:39 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ Paris Saint-Germain លោក Thomas Tuchel បាន​ចេញមក​បញ្ជាក់​ច្បាស់​ថា​ក្លិប​ម្ចាស់​ជើងឯក Ligue 1 បារាំង​មួយ​នេះ​កំពុងបើក​ការចរចារ​ជាមួយ​ក្លិប​យក្ស​ពី​អេ​ស្ប៉ា​ញ​ចំនួន​ពីរ ជុំវិញ​ការផ្ទេរ​ខ្សែប្រយុទ្ធ​ឆ្នើម Neymar Jr​។​


 
Neymar បានបង្ហាញ​អារម្មណ៍​ចង់​វិលត្រឡប់​ទៅកាន់ La Liga វិញ​ឲ្យ​បាន​មុន​ថ្ងៃទី​ផ្សារ​ដោះដូរ​កីឡាករ​បិទទ្វារ​នៅ​ថ្ងៃទី​២ ខែកញ្ញា ហើយ​ទាំង​ក្លិប Real Madrid និង Barcelona សុទ្ធតែ​ចង់បាន​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ដូចគ្នា​។​
 
​ក្នុងជំនួប​បើកឆាក​ការប្រកួត​ដណ្តើមពាន Ligue 1 ដែល PSG យកឈ្នះ Nimes ៣-០ នៅ​រាត្រី​ថ្ងៃទី​១១ ខែសីហា អ្នកគាំទ្រ​របស់​ក្លិប​យក្ស​បារាំង​នេះ​បាន​លើក​បដា​ដេញ Neymar ចេញពី​ក្លិប​។ ទង្វើ​របស់​អ្នកគាំទ្រ​បែបនេះ ទំនង​ពួកគេ​បានដឹង​រួចទៅហើយ​ថា​ខ្សែបម្រើ​ស​ញ​ញ្ជា​តិ​ប្រេ​ស៊ី​ល វ័យ​២៧​ឆ្នាំ​រូបនេះ​ច្បាស់​ជា​ចេញពី​ក្រុម​មិន​ខាន​។​


 
​ផ្ទាំង​បដា​ដែល​សរសេរ​អក្សរ​ថា​«Neymar ចេញ​ឆ្ងាយ​ទៅ​»​ត្រូវបាន​អ្នកគាំទ្រ​លើក​ក្នុង​កីឡដ្ឋាន Le Parc des Princes ជាមួយនឹង​សំឡេង​ស្រែក​ដេញ​ផង​។ យ៉ាងណាក៏ដោយ​ក្នុងចំណោម​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ទាំងពីរ​ដែល​ចង់បាន​អតីត​សមាជិក Santos ក្លិប​អ្នកមាន​បុណ្យ​ត្រូវបាន​គេ​ផ្តល់​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​ការយក Neymar ត្រឡប់​ទៅ  Nou Camp វិញ​។​
 
​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​កីឡា​អេ​ស្ប៉ា​ញ មានការ​អះអាងថា PSG ចង់បាន​ខ្សែបម្រើ Philippe Coutinho ខ្សែការពារ Nelson Semedo រួមទាំង​លុយ ១១២​លាន​ដុល្លារ​អាមេរិក​ផង​ដើម្បី​ប្តូរ​យក Neymar​។ ប៉ុន្តែ​លក្ខខណ្ឌ​នេះ Barca មិន​យល់ព្រម​ឡើយ​ដ្បិត​ពួកគេ​មិន​ចង់​ឲ្យ Semedo ចេញពី​ក្រុម​ឡើយ​។​
 
​ស្របតាម​ការចង់​ចាកចេញ​របស់ Neymar លោក Tuchel ក៏​មិន​បង្ខំ​អ្វី​នោះដែរ​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បញ្ជាក់ថា​៖«​ការពិត​ណាស់​យើង​ត្រូវតែ​រក​ដំណោះស្រាយ​ផ្សេងទៀត​នៅពេល​គ្មាន Neymar​។ វា​ពិតជា​ពិបាក​នៅពេល​បាត់បង់ Neymar ហើយ​ត្រូវ​រក​កីឡាករ​ផ្សេង​ដែលមាន​សមត្ថភាព​ដូច​គាត់​។ ខ្ញុំ​ក៏​មិនទាន់​ដឹង​ព័ត៌មាន​ច្បាស់​ដែរ អំពី​អនាគត​របស់គាត់​។ បើ​គាត់​បន្ត​ស្នាក់នៅ​ជា​រឿង​ល្អ​។ ប៉ុន្តែ​ពេលនេះ​នៅ​មិនទាន់​ប្រាកដ​ទេ​។ អ្វីៗ​ស្ថិតក្នុង​ការចរចារ​វាង PSG និង Neymar រួមទាំង​ក្លិប​ផ្សេងទៀត​ប៉ុណ្ណោះ​»​។​
 
​យ៉ាងណាក៏ដោយ​មិត្ត​រួម​ក្រុម Neymar ដូចជា Kylian Mbappe និង Edinson Cavani ជាដើម​ពិតជា​មិន​ចង់​ឲ្យ​រូបគេ​ចាកចេញ​ឡើយ ដោយ​សង្ឃឹមថានឹង​បន្ត​ជួយ PSG ប្រជែង​ពាន Champions League រដូវ​កាល​នេះ​ជាមួយគ្នា​៕

Tag:
 Paris Saint-Germain
  Neymar
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com