គ្រាប់ត្នោត​៣​ម៉ឺន ត្រូវបាន​ដាំ​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ
ជាតិ
គ្រាប់ត្នោត​៣​ម៉ឺន ត្រូវបាន​ដាំ​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ
13, Aug 2019 , 7:59 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង
រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង
​គ្រាប់ត្នោត​៣​ម៉ឺន​គ្រាប់ ត្រូវបាន​ដាំ​នៅតាម​បណ្ដោយ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​ឡាវ ដើម្បី​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន យល់ដឹង​ពី​ស្ថានភាព​បង្គោល​ព្រំដែន និង​បង្កើន​ដើមឈើ​ដែលជា​អត្តសញ្ញាណ​ខ្មែរ​។ ការដាំ​ដើមត្នោត​នេះ នឹងមាន​គម្រោង​ដាំ​តាម​ខ្សែ​បង្គោល​ព្រំដែន​ទាំងអស់ នៅ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តស្ទឹងត្រែង​។


 
​អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន បាន​ដឹកនាំ​ម​ន្រី្ត​រាជការ កម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់ ដាំ​គ្រាប់ត្នោត​៣​ម៉ឺន​គ្រាប់ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ នៅ​បង្គោល​ព្រំដែន លេខ​០៤០ ដល់​០៤២ ដែលមាន​ចម្ងាយ​១០​គីឡូម៉ែត្រ​។ អភិបាលខេត្ត បាន​លើកឡើងថា ដើមត្នោត​ជា​អត្តសញ្ញាណ​ជាតិ ហើយ​សកម្មភាព​ដាំ​ត្នោត​នេះ ជា​សកម្មភាព​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​។ លោក ម៉ុម សារឿន បន្តថា​៖ «​ការដាំ​ដើមត្នោត​នេះ គឺជា​ការ​បំផុស​ផ្នត់គំនិត​ដល់​អ្នកជំនាន់ក្រោយ​ឲ្យ​ស្រឡាញ់​អ្វី​ជា​អត្តសញ្ញាណ​ជាតិ​»​។ 


 
​ទន្ទឹមនឹងនេះ លោក ម៉ែន គុង អ្នកនាំពាក្យ​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា កត្តា​ចម្បង​នៃ​ការដាំ​ដើមត្នោត គឺ​លើកកម្ពស់​ការយល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន  និង​ស្គាល់​បង្គោល​ព្រំដែន ដែល​បាន​ដាំ​តាម​បណ្ដោយ​ខ្សែ​ព្រំដែន ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​។ លើសពីនេះ ទុកជា​សំណាក នៃ​ដើមឈើ​អត្តសញ្ញាណ​តាម​ខ្សែបន្ទាត់​ព្រំដែន ក៏ដូចជា​ចូលរួម​ការដាំ​ដើមឈើ​បន្ថែម​ផងដែរ​។ 
 
​លោក ម៉ែន គុង បាន​ឲ្យ​ដឹងថា ការដាំ​ដើមត្នោត​នេះ ជា​លើក​ទី​៣ ដែល​កាលពី​លើក​ទី​១ ដាំ​១​ម៉ឺន​គ្រាប់ និង​លើក​ទី​២ ដាំ​២​ម៉ឺន​គ្រាប់​៕ 



Tag:
 ដើមត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com