អន្តរជាតិ
កូរ៉េខាងត្បូង ដក​ជប៉ុន​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​
13, Aug 2019 , 8:29 am        
រូបភាព
រដ្ឋមន្រ្តីឧស្សាហកម្ម Sung Yun-mo
រដ្ឋមន្រ្តីឧស្សាហកម្ម Sung Yun-mo
​កូរ៉េខាងត្បូង នៅ​ថ្ងៃ​១២ ខែសីហា សម្រេចចិត្ត​ដក​ជប៉ុន​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ដ៏​គួរអោយ​ទុកចិត្តបាន​។ ការសម្រេចចិត្ត​បែបនេះ ក៏​ជាការ​ឆ្លើយ​នឹង​ជប៉ុន​ដែល​បាន​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​នេះ​ដូចគ្នា​។ ជម្លោះ​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​កើត​ឡើ​ត​ក្រោយពេល​ជប៉ុន​រឹតត្បិត​នាំចេញ​វត្ថុ​ធាតុ​សំខាន់​ទៅ​កូរ៉េខាងត្បូង ដើម្បី​តបត​នឹង​សាលក្រម​តុលាការ​កូរ៉េខាងត្បូង​។


 
​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាងត្បូង ប្រកាសថា ខ្លួន​នឹង​កែប្រែ​បញ្ជី​នាំចេញ​របស់ខ្លួន​ដែល​បច្ចុប្បន្ន​មាន​ពីរ​ផ្នែក​ទៅជា​បី​ផ្នែក​វិញ ហើយ​ជប៉ុន នឹង​ស្ថិតនៅ​ផ្នែក​ទី​បី​ដែល​ត្រូវបង្កើត​ថ្មី​តែម្ដង​។​នេះ​មានន័យថា ជប៉ុន​លែង​ជា​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្ត​របស់​កូរ៉េខាងត្បូង​ទៀតហើយ ព្រោះ​ផ្នែក​ថ្មី​ដែល​បង្កើត នៅ​ចន្លោះ​ផ្នែក​ចាស់​ទាំងពីរ​នោះ គឺជា​ប្រទេស ដែល​ចូលរួម​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​ចំនួន​៤ ប៉ុន្តែ​បំពាន​បទដ្ឋាន​អន្តរជាតិ​លើ​ប្រព័ន្ធគ្រប់គ្រង​ការនាំចេញ ។  
 
​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap ដោយ​ចង់​សំដៅ​ជប៉ុន រដ្ឋមន្ត្រី​ឧស្សាហកម្ម Sung Yun-mo បាន​និយាយថា​៖ «​ពួកយើង​ចាំបាច់​ដាក់​ប្រតិបត្តិការ​ប្រព័ន្ធគ្រប់គ្រង​ការនាំចេញ​មួយ ក្រោយ​ការពិចារណា​លើ​ការពិត ដែលថា​យើង​ពិបាក​ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស ដែល​តែងតែ​បំពាន​មូលដ្ឋាន​ច្បាប់​នៃ​ការគ្រប់គ្រង​ការនាំចេញ ឬ​ដំណើរការ​ប្រព័ន្ធ​ខុសច្បាប់​»​។​
 
​ផ្អែក​ទៅតាម​ក្រសួង​ឧ​ស្សហកម្ម ការចាត់​ចូល​ថ្នាក់​ថ្មី​នេះ នឹងត្រូវ​អនុវត្ត​ក្នុង​ប្រមាណ​១​ខែ​ទៀត ដោយ​ត្រូវ​ប្រមូល​មតិសាធារណៈ​ក្នុង​រយៈពេល​២០​ថ្ងៃ​សិន​។ ការចាត់​ចូល​ថ្នាក់​ថ្មី​នេះ គឺ​មានតែ​ប្រទេស​ប្រទេស​ជប៉ុន​តែមួយគត់​។ នៅក្រោម​លក្ខខណ្ឌ​នៃ​ការកែប្រែ​នេះ នីតិវិធី​នៃ​ការយល់ព្រម​លើ​សំណើ​នាំចេញ​នីមួយៗ​លើ​ការដឹកជញ្ជូន​ទំនិញ​ទៅ​ជប៉ុន គឺ​ត្រូវ​ប្រើ​រយៈពេល​យូរ​ជាង​មុន​។ 
​សូមបញ្ជាក់ថា ទំនាស់​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​កើតចេញពី សាលក្រម​កូរ៉េខាងត្បូង​បាន​បង្ខំ​អោយ​ក្រុមហ៊ុន​ជប៉ុន​បង់​សំណង​ទៅ​ជនរងគ្រោះ ដែល​ត្រូវបាន​គេ​បង្ខំ​អោយ​ធ្វើការ​ក្នុងសម័យ​អាណានិគម​របស់​ជប៉ុន​លើ កូរ៉េខាងត្បូង​។ ដោយសារតែ​រឿងនេះ ទីក្រុង​តូ​ក្យូ​បាន​រឹតត្បិត​ការនាំចេញ​រូបធាតុ​គីមី​សំខាន់ៗ​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង ហើយ​បាន​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​ទៀត​៕

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com