កីឡាជាតិ
ជាតិ
លោក ស សុខា​៖ ការប្រកួត​ប៉េតង់​ថ្នាក់ជាតិ​ជាការ​ត្រៀម​ដ៏​ល្អ​សម្រាប់​ជើងឯក​ពិភពលោក​
13, Aug 2019 , 8:59 am        
រូបភាព
លោក ស សុខា និងកីឡាករ សុខ ចាន់មាន (រូបក្នុងរង្វង់), រូបភាពពីអគ្គនាយកដ្ឋានកីឡា
លោក ស សុខា និងកីឡាករ សុខ ចាន់មាន (រូបក្នុងរង្វង់), រូបភាពពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ បានបញ្ចប់​ដោយ​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ថា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​មានការ​កើនឡើង​ផ្នែក​បច្ចេកទេស​។ លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ចាត់ទុក​ការប្រកួត​នេះ ជាការ​រួមចំណែក​ជួយ​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​កីឡាករ សម្រាប់​ត្រៀម​ការប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​និង​ស្ត្រី​ពិភពលោក ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ នា​អំឡុង​ខែវិច្ឆិកា​ខាងមុខ​។

 
​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា លោក ស សុខា បាន​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​ចំពោះ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៩ ដោយ លោក ចាត់ទុកជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​បច្ចេកទេស​កីឡាករ​ឲ្យ​កាន់តែ​ប្រសើរ​។ វា​ក៏​ជាការ​ប្រកួត​សាកល្បង និង​តេស្ត​សមត្ថភាព​កីឡាករ​សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ការប្រកួត​ជើងឯក​យុវជន និង​ស្ត្រី​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​អំឡុង​ខែវិច្ឆិកា ខាងមុខ​ផងដែរ​។ 


លោក ស សុខា ប្រគល់ពានឲ្យក្រុមយុវជនទីស្តីការគណៈរដ្ឋមន្ត្រី, រូបភាពពីអគ្គនាយកដ្ឋានកីឡា
 
​ជាមួយ​ការបង្ហាញ​សារប្រយោជន៍​ចំពោះ​ការប្រកួត​ខាងលើ លោក ស សុខា ដែលជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផង​នោះ​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅពេល​ខាងមុខ​។ ការរំពឹង​បែបនេះ​ធ្វើឡើង​ក្រោយ លោក មើល​ពី​មើលឃើញ​ពី​ភាព​រីកចម្រើន​ផ្នែក​សមត្ថភាព និង​ការខិតខំ​ហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​។ 
 
​ប្រធាន​សហព័ន្ធ​រូបនេះ ក៏បាន​រំលឹក និង​លើក​ពី​ស្នាដៃ​ដែល​កម្ពុជា​ទទួលបាន​នាពេល​កន្លងមក​ផងដែរ ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៩ កម្ពុជា​ដែល​ស្ថិតនៅ​លេខ​រៀង​ទី​១០​លើ​ពិភពលោក​ដណ្តើមបាន​មេដាយ​សរុប​២៦៨ ក្នុងនោះ​មេដាយមាស​៧២ ប្រាក់​៩៣ និង​សំរឹទ្ធ​១០៣​។ លោក​បានចាត់ទុក​សមិទ្ធ​ផល​នេះ​ជា​មោទកភាព ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​វិស័យ​កីឡា​ប៉េតង់ និង​កម្ពុជា​ទាំងមូល ដែល​ទាមទារ​ឲ្យ​កីឡាករ​កីឡាការិនី​ត្រូវខិតខំ​បន្ថែម ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ​មួយ​នេះ​។ 


 
«​យើង​សង្កេតឃើញថា​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ជោគជ័យ​។ ដ្បិត​អាកាសធាតុ​មិនសូវ​អំណោយផល តែ​ប្រតិភូ​កីឡាករ​កីឡាការិនី និង​ក្រុមការងារ​ទាំងអស់​នៅតែ​បន្ត​ស្មារតី​ចូលរួម​រហូត​រកឃើញ​ម្ចាស់​ជ័យលាភី​ប្រចាំឆ្នាំ​។ ការប្រកួត​ឈ្នះ​ចាញ់​ពិតជា​សំខាន់ តែ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​ការប្រាស្រ័យ​ទាក់ទង​គ្នា និង​រាប់អាន​គ្នា​ឲ្យ​កាន់តែ​ជិតស្និត ដើម្បី​បង្ហាញ​ពី​ការរួបរួម និង​សាមគ្គីភាព​ក្នុង​មហា​គ្រួសារ​កីឡា​ប៉េតង់​»​។ នេះ​ជាការ​វាយតម្លៃ​និង​បង្ហាញ​គោលបំណង​របស់លោក ស សុខា ពាក់ព័ន្ធ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​។ 
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ​នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​កីឡាករ​ក្រសួងការពារជាតិ​បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បុរស ក​១ ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​លេខ​៣​បាន​ទៅ​ក្លិប​យោធភូមិភាគ​ពិសេស​។ ចំណែក​ក្លិប​ទួល​ស្វាយព្រៃ​បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បុរស ក​២ រីឯ​លេខ​២​បាន​ទៅ​ភូមិភាគ​ទី​៥ និង​លេខ​៣​បាន​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​២​។ 
 
​សម្រាប់​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី​ជើងឯក​បាន​ទៅលើ​ក្រុមទី​ស្តីការគណៈរដ្ឋមន្ត្រី​១ ខណៈ​លេខ​២​បាន​ទៅ​ខេត្ត​ប៉ៃលិន និង​លេខ​៣​បាន​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​២​។ ចំណែក​វិញ្ញ​សា​៣​នាក់​ទល់​៣​នាក់​យុវជន​លេខ​១ បាន​ទៅ​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី លេខ​២​បាន​ទៅ​ក្លិប​ក្រសួងមហាផ្ទៃ និង​លេខ​៣​បាន​ទៅ​ខេត្តកំពត​។ 
 
​ដោយឡែក​វិញ្ញាសា​១​នាក់​ទល់​១​នាក់​យុវតី កីឡាការិនី ភៀត ផា​រីតា ទទួលបាន​ជើងឯក ខណៈ​លេខ​២​បាន​ទៅ អាយ គឹម​ឆាយ និង​លេខ​៣​បាន​ទៅ ហេង ច័ន្ទ​សុគន្ធា​៕ 
 

Tag:
 ប៉េតង់​
  ស សុខា​
  សូ​ម៉ៃ សុខ​គា
© រក្សាសិទ្ធិដោយ thmeythmey.com