ជាតិ
សេដ្ឋកិច្ច
អ្នកវិភាគ​៖ សម្តី​រដ្ឋមន្ត្រី​កសិកម្ម បង្ហាញ​ពី​ភាពអវិជ្ជមាន​នៃ​អន្តរក្រសួង ដែល​រដ្ឋាភិបាល​គួរ​បង្រួម​ក្រសួង​វិញ
13, Aug 2019 , 9:31 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល គួរតែ​ពិចារណា​បង្រួម​ក្រសួង​វិញ ដើម្បី​បម្រើ​ផលប្រយោន៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​សម្រាប់​ប្រជាពលរដ្ឋ ។ នេះ​ជាការ​លើកឡើង​របស់​អ្នកតាមដាន​ស្ថានការណ៍​សង្គម បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​លើក​ពី​បញ្ហា​បំពេញការងារ​ជាន់គ្នា​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

 
«​ការបំពេញ​ការងារ​ជាន់គ្នា​របស់​ក្រសួង​មួយចំនួន បានកើត​ឡើងជា​យូ​រណា​មកហើយ​»​។ នេះ​ជាការ​មើលឃើញ​របស់លោក សន ជ័យ ដែល​បាន​តាមដាន​លើ​ប្រព័ន្ធ​អភិបាលកិច្ច​នៅ​ថ្នាក់មូលដ្ឋាន ហើយ​រកឃើញថា ការអនុវត្ត​ការងារ​របស់​ក្រសួង​ទាំងនោះ មិនសូវ​ផ្ដល់​ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍ​ឡើយ​។ មិនសូវ​ផ្ដល់​ផល​វិជ្ជមាន​នោះ ដោយសារតែ​ក្រសួង​ពាក់ព័ន្ធ​នានា មានការ​ទទួលខុសត្រូវ​ប្រហាក់ប្រហែលគ្នា ទើប​ពួកគេ​រុញ​បញ្ហា​នេះ ដាក់គ្នា​ទៅវិញទៅមក​។​
 
​ក្នុងន័យនេះ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បាន​ពន្យល់ថា នៅពេលដែល​ពលរដ្ឋ​ដាក់សំណើពី​បញ្ហា​ប្រព័ន្ធធារាសាស្ត្រ ទៅកាន់​មន្ត្រី​កសិកម្ម​នោះ គឺ​មន្ត្រី​កសិកម្ម នឹង​រុញ​បញ្ហា​នេះ ទៅកាន់​ក្រសួង​ធនធានទឹក​វិញ ដោយ​សម្អាងថា វា​មិនមែន​ស្ថិតនៅក្នុង​ដែន​គម្រោង​ខ្លួន​។ ដោយសារ​មើលឃើញ​បែបនេះហើយ ទើប​លោក សន ជ័យ យល់ថា ការបែងចែក​ការងារ​ក្រសួង ដោយ​នៅមាន​ភាពស្រដៀងគ្នា​នេះ វា​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​។​
 
​សំឡេង​លោក សន ជ័យ​៖



 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ នៅតែ​យល់ថា ភាព​មិនដាច់ស្រេច​នៃ​ការទទួលខុសត្រូវ នៅតាម​វិស័យ​របស់​ក្រសួង ដែលមាន​ច្រើន​សម្បូរហូរហៀ​រសព្វថ្ងៃនេះ វា​មិនមែនជា​វឌ្ឍនភាព ប៉ុន្តែ​វា​ក៏​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ ឬក៏​ដល់​ការអនុវត្ត​ការងារ​របស់​ក្រសួង​មួយចំនួន​ដែរ ដែលមាន​ការពាក់ព័ន្ធ​គ្នា ឬក៏ការ​ជាន់គ្នា​ទៅដល់​ជំនាញ​ប្រហាក់ប្រហែល​»​។​
 
​កាលពី​ថ្ងៃទី​៩ សីហា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បានលើកឡើង​ពី​បញ្ហា​ជាន់​ការងារ​រវាង​ក្រសួងកសិកម្ម និង​ក្រសួង​ធនធានទឹក ថា ផ្នែក​មួយចំនួន​នៅក្នុង​ការងារ​កសិកម្ម​នេះ វា​មាន​ភាពស្រដៀងគ្នា ដែល​លោក​ក៏​ពិបាក​នឹង​អនុវត្ត​ដែរ ។ ថ្លែង​ក្នុង​កម្មវិធី​មហាសន្និបាត និង​បោះឆ្នោត​អាណត្តិ​ទី​៣​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក វេ​ង សាខុន បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ឥឡូវនេះ លែង​ហ៊ាន​ទៅដល់​វាលស្រែ​ហើយ ឱ្យតែ​ដល់​វាលស្រែ​ហ្នឹង គឺជា​កន្លែង​ប្រយុទ្ធ​របស់គេ (​ក្រសួង​ធនធាន​ទឹក​) ថា​ខ្ញុំ​ទៅ​លូកលាន់​ការងារ​របស់គេ មិនអាច​ទៅ​មើល​ស្រូវ​បានទេ​ឥឡូវនេះ គឺថា​វាយប្រហារ​តែម្ដង ហាក់ដូចជា​មិនត្រូវ​គ្នា​»​។​
 
​លោក វេ​ង សាខុន បានចាត់ទុក​ផ្នែក​ធនធានទឹក ឬ​ប្រព័ន្ធធារាសាស្ត្រ ជា​គន្លឹះ​សម្រាប់​ជំរុញ​វិស័យ​កសិកម្ម តែ​ផ្នែក​នេះ​ហាក់​មិនសូវ​រីកចម្រើន​ឆ្លើយតប​នឹង​សម័យកាល​ប្រកួតប្រជែង​។ «​បញ្ហា​ទឹកជា​បញ្ហា​គន្លឹះ​ដ៏​ធំ ដែល​ហាក់បីដូចជា​នៅ​ទ្រឹង មិនសូវ​ជឿនលឿន​ប៉ុន្មាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វេ​ង សាខុន​។​
 
​ត្រង់ចំណុច​នេះ​អ្នកវិភាគ មើលឃើញថា សម្តី​របស់លោក វេ​ង សាខុន បង្ហាញ​ពី​ភាពអវិជ្ជមាន ឬ​ការមិន​យល់ចិត្ត​គ្នា ក្នុង​កិច្ចសហការ​របស់​អន្តរក្រសួង​។ លោក មាស នី បាន​និយាយថា ការសហការ​នៃ​អន្តរក្រសួង​កន្លងមក​នេះ វា​មិនបាន​ផ្ដល់​ផល​វិជ្ជមាន​ភ្លាមៗ​ដល់​ពលរដ្ឋ​នោះទេ ពោលគឺ​ទាល់​តែមាន​សម្តី​បញ្ជា​ផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 
 
​សំឡេង​លោក មាស នី​៖



 
«​ការ​ត្អូញ​របស់​រដ្ឋមន្ត្រី​កសិកម្ម​នេះ វា​មាន​ទិដ្ឋភាព​មួយ​សំខាន់ គឺ​ទី​១ យើង​ត្រូវ​ទទួលស្គាល់ថា ការធ្វើការ​អន្តរក្រសួង បានន័យថា កិច្ចសហការ​រវាង​ក្រសួង​នេះ ឱ្យតែ​លើសពី​មួយ គឺ​ពិបាក​គ្រប់គ្នា មិនមែន​តែ​ក្រសួងកសិកម្ម​មួយ​ទេ​។ លើកលែងតែ​ក្រសួង​មួយ​ហ្នឹង ធ្វើ​ការងារ​ក្រោម​បញ្ជា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​តែម្ដង បាន​យើង​ឃើញ​ស្ទុះស្ទា រត់​ផង​ដើរ​ផង​។ ប៉ុន្តែ​បើ​ឱ្យ​ក្រសួង​នីមួយៗ​ធ្វើការ​រួមគ្នា​នោះ អ្វីដែល​ជាការ​ត្អូញ​ដែល​ខ្ញុំ​ឃើញ​នោះ មិនមែន​តែ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ទេ គឺ​នៅ​ខាង​ក្រសួង​ដទៃទៀត​ក៏​ដូចគ្នា​ដែរ គឺថា​ម្នាក់ៗ​(​ថ្នាក់ដឹកនាំ​ក្រសួង​នីមួយៗ​) ហាក់ដូចជា​តាំងខ្លួន​ធ្វើជា​ស្ដេចត្រាញ់​រៀងខ្លួន​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក មាស នី ដែល​និយាយ​បន្ថែមថា ការបែងចែក​ក្រសួង​កន្លងមកនេះ វា​បង្ហាញ​ពី​ទម្រង់​ក្បាល​ធំ​ជាង​ខ្លួន ដែល​ទំនងជា​រដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​ចែក​កន្លែង​គ្នា​អង្គុយ​ប៉ុណ្ណោះ​។​
 
​ទាំង​លោក មាស នី ទាំង​លោក សន ជ័យ សុទ្ធតែ​ស្នើឱ្យ​រដ្ឋាភិបាល​ពិចារណា​កែទម្រង់​ឡើងវិញ ក្នុងការ​បង្រួម​ក្រសួង​ពាក់ព័ន្ធ​នានា​មក​សល់​ត្រឹមតែ​១៦ ទៅ ១៨ អង្គភាព​បាន​ហើយ ដើម្បី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​តាម​គោលនយោបាយ​រដ្ឋាភិបាល​។ ក្នុងនោះ​ក្រសួង​ពាក់ព័ន្ធ ដែល​អ្នក​ទាំងពីរ​មើលឃើញថា គួរតែ​ច្របាច់​បញ្ចូល​គ្នា​តែមួយ​នោះ រួមមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ , ក្រសួង​ធនធានទឹក​, ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាដើម​។ ចំណែក​ក្រសួង​រ៉ែ និង​ថាមពល ,​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏​រួមបញ្ចូល​គ្នា​វិញ​ដែរ​។​
 
​តែ​យ៉ាងណា​អ្នកនាំពាក្យ​អង្គភាព​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បាន​និយាយថា ការបំពេញ​ការងារ​រ​បស់​ក្រសួង​ពាក់ព័ន្ធ​នានា បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នេះ មាន​ប្រសិទ្ធភាព​ជាច្រើន​មកហើយ​ តាមរយៈ​សមិទ្ធផលរ​បស់​រដ្ឋាភិបាល​។ «​បើ​យើង​ពិនិត្យមើល​ទៅក្នុង​ច្បាប់​នៃ​ការប្រព្រឹត្តិទៅ​របស់​ក្រសួង​នីមួយៗ គេ​បានចែង​ច្បាស់លាស់​ណាស់​ពី​កាតព្វកិច្ច​នៅក្នុង​ការបំពេញ ឬ​ក្នុងការ​ទទួលខុសត្រូវ​ដាច់ដោយឡែក​ពីគ្នា​យ៉ាងច្បាស់​លាស់​។  ឯកា​រួម​(​ក្រសួង​ពាក់ព័ន្ធ​)​បញ្ចូល​គ្នា វា​ជា​ភារកិច្ច​របស់​នាយករ​ដ្ឋ​មន្ត្រី ឬ​គណៈរដ្ឋមន្ត្រី​ប៉ុណ្ណោះ​»​។ នេះ​ជាការ​ឆ្លើយតប​របស់ អ្នកនាំពាក្យ​អង្គភាព​រដ្ឋាភិបាល ដែល​បាន​អះអាងថា ការបែងចែក​ក្រសួង​កន្លងមក ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ មិនមែន​ដើម្បី​ចែក​កៅអី​គ្នា​អង្គុយ​នោះទេ​។​
 
​សំឡេង​លោក ផៃ ស៊ី​ផាន​៖



 
​បច្ចុប្បន្ននេះ កម្ពុជា មាន​ក្រសួង និង​ស្ថាប័ន​ធំៗ ចំនួន​២៨ ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី​, ក្រសួងមហាផ្ទៃ​ ,​ក្រសួងការពារជាតិ​, ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ,​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ,​ក្រសួង​អភិវឌ្ឍន៍ជនបទ , ក្រសួងពាណិជ្ជកម្ម ,​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ,​ក្រសួងផែនការ ,​ក្រសួង​អប់រំ យុវជន និង​កីឡា ,​ក្រសួង​សង្គមកិច្ច និង​យុវនីតិសម្បទា ,​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ,​ក្រសួងបរិស្ថាន ,​ក្រសួង​ធនធានទឹក និង​ឧតុនិយម ,​ក្រសួង​ព័ត៌មាន ,​ក្រសួងយុត្តិធម៌ ,​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ,​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ,​ក្រសួងសុខាភិបាល ,​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​, ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ,​ក្រសួងទេសចរណ៍ ,​ក្រសួង​ធម្មការ និង​សាសនា ,​ក្រសួង​កិច្ចការនារី​ , ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងព្រះបរមរាជវាំង​៕
 

Tag:
 ​មាស នី​
  ផៃ ស៊ី​ផាន​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com