អន្តរជាតិ
ឥណ្ឌា៖អ្នកស្លាប់ព្រោះទឹកជំនន់កើនដល់១៨៤នាក់ ឯលើស១លាននាក់ទៀតកំពុងភៀសខ្លួន រូបភាព៖ Indian Express
×
ដោយ៖ ងួន សុភាវត្តី
បើគិតត្រឹមថ្ងៃទី១២ ខែសីហា អាជ្ញាធរឥណ្ឌាបានជម្លៀសមនុស្សប្រមាណជាង១លាននាក់ទៅជំរំសុវត្ថិភាពដើម្បីគេចពីទឹកជំនន់ ស្របពេលដែលចំនួនអ្នកស្លាប់បានកើនដល់១៨៤នាក់ទៅហើយ។
តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនៅភាគខាងត្បូងនៃរដ្ឋ Kerala របស់ឥណ្ឌាត្រូវបានរងគ្រោះដោយសារទឹកជំនន់យ៉ាងខ្លាំង។ គ្រោះធម្មជាតិនេះ បានបង្ខំអោយព្រលានយន្តហោះ Kochi បិទទ្វារជាបណ្តោះអាសន្នរយ:ពេល៣ថ្ងៃកាលពីសប្តាហ៍មុន។
អ្នកនាំពាក្យមន្ត្រីប៉ូលិសនៅរដ្ឋ Kerala លោក Pramod Kumar បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «មនុស្សយ៉ាងហោចណាស់៧៦នាក់បានស្លាប់ ៥៨នាក់ទៀតបានបាត់ខ្លួននិង៣២នាក់ទៀតបានរងរបួស» ។ ជាមួយគ្នានេះ ប្រជាជនប្រមាណជិត៣០ម៉ឺននាក់មកពីតំបន់រងគ្រោះខ្លាំងបំផុត ក៏ត្រូវបានជម្លៀសទៅជំរំសុវត្ថិភាពហើយ។
នៅរដ្ឋ Karnataka មនុស្សយ៉ាងតិច៤២នាក់ត្រូវបានបាត់បង់ជីវិត។ អាជ្ញាធរនៅតំបន់នោះបានប្រាប់ AFP ថាមនុស្ស ៥៨ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ហើយ។ ផ្លូវថ្នល់សំខាន់ៗមួយចំនួនត្រូវបានខូចខាត ឬត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់នេះតែម្តង។
ក្នុងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា មនុស្ស៦៦នាក់បានស្លាប់នៅភាគខាងលិចនៃរដ្ឋ Maharashtra និង Gujarat ហើយប្រជាជនជាងមួយម៉ឺននាក់បានផ្លាស់ទៅនៅជំរំសុវត្ថិភាពដូចគ្នា។
គួររំលឹកឡើងវិញថា គ្រោះធម្មជាតិដែលកើតនៅឥណ្ឌាបានសម្លាប់មនុស្សជាច្រើនរយនាក់ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំមុន រដ្ឋ Kerala ក៏បានជួបនឹងបញ្ហាទឹកជំនន់នេះម្តងរួចមកហើយ និងបានសម្លាប់មនុស្សចំនួន៤៥០ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com