អន្តរជាតិ
ឥណ្ឌា​៖​អ្នកស្លាប់ព្រោះ​ទឹកជំនន់​កើន​ដល់​១៨៤​នាក់ ឯលើ​ស​១​លាន​នាក់​ទៀត​កំពុង​ភៀសខ្លួន
13, Aug 2019 , 10:46 am        
រូបភាព
រូបភាព៖ Indian Express
រូបភាព៖ Indian Express
ដោយ៖ងួន សុ​ភាវ​ត្តី
 
​បើ​គិត​ត្រឹម​ថ្ងៃទី​១២ ខែសីហា អាជ្ញាធរ​ឥណ្ឌា​បាន​ជម្លៀស​មនុស្ស​ប្រមាណ​ជាង​១​លាន​នាក់​ទៅ​ជំរំ​សុវត្ថិភាព​ដើម្បី​គេច​ពី​ទឹកជំនន់ ស្រប​ពេលដែល​ចំនួន​អ្នកស្លាប់​បាន​កើន​ដល់​១៨៤​នាក់​ទៅហើយ​។​


 
​តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ Kerala របស់​ឥណ្ឌា​ត្រូវបាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​យ៉ាងខ្លាំង​។ គ្រោះធម្មជាតិ​នេះ បាន​បង្ខំ​អោយ​ព្រលានយន្តហោះ Kochi បិទទ្វារ​ជា​បណ្តោះអាសន្ន​រយ​:​ពេល​៣​ថ្ងៃ​កាលពី​សប្តាហ៍​មុន​។​
 
​អ្នកនាំពាក្យ​មន្ត្រីប៉ូលិស​នៅ​រដ្ឋ Kerala លោក Pramod Kumar បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​មនុស្ស​យ៉ាងហោចណាស់​៧៦​នាក់​បាន​ស្លាប់ ៥៨​នាក់​ទៀត​បាន​បាត់​ខ្លួន​និង​៣២​នាក់​ទៀត​បាន​រងរបួស​» ។ ជាមួយគ្នានេះ ប្រជាជន​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់​មកពី​តំបន់​រងគ្រោះ​ខ្លាំង​បំផុត ក៏ត្រូវ​បាន​ជម្លៀស​ទៅ​ជំរំ​សុវត្ថិភាព​ហើយ​។​
 
​នៅ​រដ្ឋ Karnataka មនុស្ស​យ៉ាងតិច​៤២​នាក់​ត្រូវបាន​បាត់បង់​ជីវិត​។ អាជ្ញាធរ​នៅ​តំបន់​នោះបាន​ប្រាប់ AFP ថា​មនុស្ស ៥៨​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់​ហើយ​។ ផ្លូវថ្នល់​សំខាន់ៗ​មួយចំនួន​ត្រូវបាន​ខូចខាត ឬ​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​ទឹកជំនន់​នេះ​តែម្តង​។​
 
​ក្នុង​នេះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​រាយការណ៍​ថា មនុស្ស​៦៦​នាក់​បាន​ស្លាប់​នៅ​ភាគ​ខាងលិច​នៃ​រដ្ឋ Maharashtra និង Gujarat ហើយ​ប្រជាជន​ជាង​មួយ​ម៉ឺន​នាក់​បាន​ផ្លាស់​ទៅ​នៅ​ជំរំ​សុវត្ថិភាព​ដូចគ្នា​។​
 
​គួរ​រំលឹក​ឡើងវិញ​ថា គ្រោះធម្មជាតិ​ដែល​កើត​នៅ​ឥណ្ឌា​បានសម្លាប់​មនុស្ស​ជាច្រើន​រយ​នាក់​ក្នុង​មួយឆ្នាំៗ​។ កាលពី​ឆ្នាំមុន រដ្ឋ Kerala ក៏បាន​ជួបនឹង​បញ្ហា​ទឹកជំនន់​នេះ​ម្តង​រួចមកហើយ និង​បានសម្លាប់​មនុស្ស​ចំនួន​៤៥០ នាក់​៕

Tag:
 ​ឥណ្ឌា​
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com